ព័ត៌មាន

លោកប្រធានរដ្ឋ Vo Van Thuong បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន

នារសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ប្រធានរដ្ឋ លោក Vo Van Thuong និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង Fukuoka ហើយវិលត្រឡប់មកមាតុប្រទេសវិញ ដោយបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន តាមការអញ្ជើញរបស់រដ្ឋជប៉ុន។
ពិធីជូនដំណើរលោកប្រធានរដ្ឋ Vo Van Thuong និងភរិយានៅអាកាសយានដ្ឋានអន្តរជាតិ Fukuoka  (រូបថត៖ Thong Nhat/TTXVN)

មុននោះ បន្តសកម្មភាពនៅខេត្ត Fukuoka ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន ប្រធានរដ្ឋលោក Vo Van Thuong បានទៅទស្សនាសាកលវិទ្យាល័យ Kyushu និងជួបសន្ទនាជាមួយនិស្សិតវៀតណាមនៅឯសាលានេះ។ សាកលវិទ្យាល័យ Kyushu គឺជាសាកលវិទ្យាល័យសាធារណៈកំពូលទាំង ៥ របស់ជប៉ុន។ បច្ចុប្បន្ននេះ មាននិស្សិតថ្នាក់អនុបណ្ឌិត និងនិស្សិតស្រាវជ្រាវរបស់វៀតណាមចំនួន ៥៣នាក់ កំពុងសិក្សានៅសាលា; ជនជាតិវៀតណាម ៣នាក់ ចូលរួមក្នុងការបង្រៀនផ្ទាល់ រួមមាន សាស្រ្តាចារ្យរង ១រូប បណ្ឌិត ២រូប និងជំនួយការសាស្រ្តាចារ្យ។

នៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានទទួលស្វាគមន៍ចំពោះគោលបំណងរបស់សាកលវិទ្យាល័យ Kyushu ក្នុងការបើកទូលាយការបណ្តុះបណ្តាល និងទទួលយកនិស្សិតអន្តរជាតិវៀតណាមមកសិក្សានៅសាលា តាមរយៈកម្មវិធីសហប្រតិបត្តិការជាមួយស្ថាប័នអប់រំ និងបណ្តុះបណ្តាលវៀតណាម ហើយស្នើឲ្យសាលា ជំរុញកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងតំបន់នានារបស់វៀតណាម ក្នុងការជំរុញ និងលើកកំពស់គុណភាពធនធានមនុស្សសម្រាប់វៀតណាម។

កម្មាភិបាលនិងបុគ្គលិកនៃអគ្គកុងស៊ុល និងសហគមន៍ជនវៀតណាមនៅ Fukuoka អញ្ជើញជូនដំណើរលោកប្រធានរដ្ឋ Vo Van Thuong និងភរិយានៅអាកាសយានដ្ឋានអន្តរជាតិ Fukuoka  (រូបថត៖ Thong Nhat/TTXVN)

ថ្លែងមតិជាមួយនិស្សិតវៀតណាមកំពុងសិក្សានៅសកលវិទ្យាល័យ Kyushu លោកប្រធានរដ្ឋបានស្នើឲ្យប្អូនៗនិស្សិត បន្តខិតខំប្រឹងប្រែងក្រេបយកចំណេះដឹង បទពិសោធន៍ សាមគ្គីគ្នា គាំទ្រ និងជួយគ្នាទៅវិញទៅមក កសាងសហគមន៍ជនវៀត ណាមរឹងមាំនៅជប៉ុន តាមនោះក្លាយទៅជាស្ពានតភ្ជាប់ សម្រាប់ទំនាក់ទំនងវៀតណាម-ជប៉ុន៕

 

top