នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បាន អញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងប្រគល់អំណោយជូនប្រជាជនស្រុក Thanh Chuong ខេត្ត Nghe An និងកងទ័ពការពារព្រំដែននៅប៉ុស្តិ៍ការពារព្រំដែន Thanh Thuy។
លោកប្រធានរដ្ឋ Vo Van Thuong សួរសុខទុក្ខប្រជាជនឃុំ Thanh Thuy។ (រូបថត៖ VNA)
ផ្ញើសារជូនពរឆ្នាំថ្មីដល់អាជ្ញាធរ និងប្រជាជនគ្រប់ជនជាតិនៅស្រុក Thanh Chuong លោកប្រធានរដ្ឋ Vo Van Thuong បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែនេះជាតំបន់ លំបាកក៏ដោយ ប៉ុន្តែដោយមានសាមគ្គីភាព និងការខិតខំប្រឹងប្រែង ស្រុក Thanh Chuong សម្រេចបាននូវការផ្លាស់ប្តូរជាវិជ្ជមានផ្នែកសេដ្ឋកិច្ច សង្គមជាច្រើន ក្នុង នោះអត្រាគ្រួសារក្រីក្រក្នុងស្រុកមានត្រឹមតែ ៣,៤% អត្រាគ្រួសារជិតបន្ទាត់ក្រីក្រ ៥,៧% ទាបជាងកម្រិតមធ្យមរបស់ខេត្ត។ សំណេះសំណាលជាមួយប្រជាជន លោកប្រធានរដ្ឋបានអះអាងថា រដ្ឋជានិច្ចកាលដាក់ប្រជាជនជាមជ្ឈភាពនៃការអភិវឌ្ឍ ដោយផ្ដល់ការយកចិត្តទុកដាក់ពិសេសដល់ការថែទាំជនក្រីក្រ ជនមានស្ថានភាព លំបាក និងគ្រួសារគោលនយោបាយ។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Vo Van Thuong បានប្រគល់អំណោយបុណ្យតេតដល់គ្រួសារដែលមានគុណូបការៈ គ្រួសារ លំបាក ជនក្រីក្រ និងកម្មករ។
នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញទៅសួរសុខ ទុក្ខ និងជូនពរឆ្នាំថ្មីនៅប៉ុស្តិ៍ការពារព្រំដែនប្រចាំនៅច្រកទ្វារព្រំដែន Thanh Thuy ដែល គ្រប់គ្រងខ្សែព្រំដែនជិត ១៤ គីឡូម៉ែត្រ ដោយមានស្ថានភាព លក្ខណៈភូមិសាស្ត្រនិង អាកាសធាតុដ៏លំបាក។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះកម្មាភិបាលនិងយុទ្ធ ជនទាំងអស់ ដែលបានរួមគ្នាជំនះលើការលំបាក បំពេញភារកិច្ចនយោបាយបានល្អ រក្សាបាននូវព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍជាមួយប្រទេសឡាវ៕