ព័ត៌មាន

លោកប្រធានរដ្ឋ លឿង គឿង បន្តមានជំនួបជាន់ខ្ពស់នៅមហាសន្និបាតអង្គការសហប្រជាជាតិ

ក្នុងក្របខ័ណ្ឌនៃការចូលរួមកិច្ចពិភាក្សាទូទៅជាន់ខ្ពស់ នៃមហាសន្និបាតអង្គ ការសហប្រជាជាតិនីតិកាលទី ៨០ រួមជាមួយនឹងបំពេញសកម្មភាពទ្វេភាគីនៅសហ រដ្ឋអាមេរិកនោះ កាលពីថ្ងៃទី២៤ ខែកញ្ញា តាមម៉ោងក្នុងស្រុក ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានជួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៨០ លោកស្រី Annalena Baerbock ប្រធានាធិបតីទួរគី លោក Recep Tayip Erdogan និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ជួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោកស្រី Annalena Baerbock។ (រូបថត៖ Viet Cuong/VOV)

   ប្រធានរដ្ឋ វៀតណាមលោក លឿង គឿង និងប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan។ (រូបថត៖ Lam Khanh/VNA)  
  ប្រធានរដ្ឋ វៀតណាមលោក លឿង គឿង ជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។ (រូបថត៖ Lam Khanh/VNA)  

ក្នុងជំនួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោកស្រី Annalena Baerbock ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានចែករំលែក ជាមួយលោកស្រី Baerbock អំពីការត្រៀមរៀបចំពិធីចុះហត្ថលេខាលើអនុសញ្ញា អង្គការសហប្រជាជាតិអំពីការប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិតនៅទីក្រុង ហាណូយនាខែតុលាខាងមុខ; ត្រៀមរៀបចំទទួលតួនាទីជាប្រធានសន្និសីទត្រួតពិនិត្យ លើកទី ១១ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ ២០២៦ ព្រម ទាំងការឈរឈ្មោះសម្រាប់ស្ថាប័ន តំណែងសំខាន់ៗជាច្រើនផ្សេងទៀត ហើយស្នើឲ្យ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ គាំទ្រយ៉ាងសកម្មចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់វៀតណាម។

ទទួលជួបប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ប្រធានរដ្ឋ វៀតណាមលោក លឿង គឿង បានចាត់ទុកថា ប្រទេសទាំងពីរកំពុងស្ថិតក្នុងពេល វេលាអំណោយផល ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងឡើងកំពស់ថ្មី។ មេដឹកនាំទាំងពីរបាន ឯកភាពលើគោលដៅខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៤ពាន់លានដុល្លា អាមេរិក ព្រមទាំងស្រាវជ្រាវការបង្កើតក្របខណ្ឌថ្មី ដើម្បីសម្រួលបន្ថែមទៀតដល់ ពាណិជ្ជកម្ម និងវិនិយោគ រួមទាំងការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេស ទាំងពីរផងដែរ។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ប្រធានរដ្ឋ វៀតណាមលោក លឿង គឿង និងរដ្ឋមន្ត្រីការបរទេសអាមេរិកបានពិភាក្សាលើ ខ្លឹមសារសហប្រតិបត្តិការជាច្រើនលើវិស័យសំខាន់ៗដូចជា៖ នយោបាយ - ការទូត សេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ សន្តិសុខ - ការពារជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ មនុស្សធម៌ - ការជំនះលើផលវិបាកនៃសង្គ្រាម។ លោកប្រធានរដ្ឋ លឿង គឿង បានស្នើឲ្យ ភាគីទាំងពីរដោះស្រាយកង្វល់របស់គ្នាទៅវិញទៅមកប្រកបដោយ ប្រសិទ្ធភាព ជាពិសេសបញ្ហាពន្ធបដិការ; អះអាងថា វៀតណាមស្វាគមន៍សហគ្រាស អាមេរិកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងវិនិយោគលើវិស័យយុទ្ធសាស្ត្រដូចជា៖ ឧស្សាហកម្ម semiconductor ការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់; ស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកមានផែនទីបង្ហាញផ្លូវដើម្បីទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ ក៏ដូចជាដកវៀតណាមចេញពីបញ្ជីរឹតត្បិតលើការនាំចេញយុទ្ធសាស្ត្រ ក្នុងពេលឆាប់ៗនេះផងដែរ។

នេះក៏ជាសកម្មភាពចុងក្រោយរបស់ប្រធានរដ្ឋវៀតណាមក្នុងដំណើរទស្សនកិច្ចការងារ ចូលរួមកិច្ចពិភាក្សាទូទៅជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៨០ រួមនឹងសកម្មភាពទ្វេភាគីនៅអាមេរិក ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកញ្ញា។ នារសៀលថ្ងៃទី ២៤ ខែកញ្ញា តាមម៉ោងក្នុងស្រុក លោកប្រធានរដ្ឋលឿង គឿង និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពី ទីក្រុងញូវយ៉ក វិលត្រឡប់មកមាតុប្រទេសវិញ៕


top