ព័ត៌មាន

លោកប្រធានរដ្ឋ លឿង គឿង៖ «ខ្លោងទ្វាររបស់វៀតណាមតែងតែបើកចំហដើម្បីស្វាគមន៍សហគ្រាស APEC»

នៅរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ តាមម៉ោងក្នុងស្រុក ក្នុងកម្មវិធីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៥ នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច APEC ២០២៥។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច APEC ២០២៥។ (រូបថត៖ VOV)

លោកប្រធានរដ្ឋ លឿង គឿង បានចែករំលែកទស្សនៈលើមេរៀនពីបដិវត្តន៍ឧស្សាហកម្ម ការទទួលខុសត្រូវរបស់អាស៊ី-ប៉ាស៊ីហ្វិកចំពោះពិភពលោក តួនាទីរបស់សហគមន៍ធុរកិច្ច APEC គោលមាគ៌ាអភិវឌ្ឍន៍របស់វៀតណាមក្នុងយុគសម័យថ្មី និងឱកាសសហប្រតិបត្តិការជាមួយវៀតណាម។

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ដោយទាញយកមេរៀនពីបដិវត្តន៍ឧស្សាហកម្ម ពីមុន ប្រការដ៏សំខាន់នោះគឺ ត្រូវធានាថាបដិវត្តន៍ឧស្សាហកម្មនេះត្រូវបានដឹកនាំដោយស្មារតីសហប្រតិបត្តិការតាំងពីដំបូង ដោយបង្កើតឱកាសសម្រាប់សេដ្ឋកិច្ចទាំងអស់ចូលរួម រួមចំណែក និងពង្រីកសមត្ថភាពរបស់ខ្លួន។ លោកប្រធានរដ្ឋ ក៏បានស្នើឲ្យសហគមន៍ធុរកិច្ច APEC រួមជាមួយបណ្ដារដ្ឋាភិបាលដើម្បីដាក់ពង្រាយបញ្ញាសិប្បនិម្មិត (AI) ដោយមានការទទួលខុសត្រូវ ជំរុញ AI បើកចំហ និងធានា AI ប្រកបដោយបរិយាប័ន្ន។ លោកប្រធានរដ្ឋ លឿង គឿង ក៏បានឧទ្ទេសនាមអំពីសមិទ្ធផលលេចធ្លោរបស់វៀតណាមក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ហើយបានរំលេចពីឱកាសសហប្រតិបត្តិការដ៏មានសក្តានុពលដែលដៃគូនានា អាចអនុវត្តន៍ជាមួយវៀតណាម។ លោកប្រធានរដ្ឋ លឿង គឿង បានមានប្រសាសន៍ថា៖

“ខ្ញុំពិតជាចាប់អារម្មណ៍ចំពោះប្រធានបទនៃសន្និសីទ។ នៅក្នុងពិភពលោកដែលពោរពេញដោយអស្ថិរភាព ភាពមិនប្រាកដប្រជា និងភាពចលាចល វៀតណាមនាំមកនូវស្ថិរភាព សុវត្ថិភាព និងឱកាសជោគជ័យប្រកបដោយចីរភាព សម្រាប់សហគ្រាស។ ខ្លោងទ្វាររបស់វៀតណាមតែងតែបើកចំហដើម្បីស្វាគមន៍អ្នក។ យើងត្រៀមខ្លួនជាស្រេច សហការជាមួយសហគ្រាស APEC ក្នុងវិស័យដ៏ពោរពេញទៅដោយសក្តានុពលដូចជា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាឌីជីថល ថាមពល ជីវបច្ចេកវិទ្យា និងទីក្រុងឆ្លាតវៃ”៕


top