ព័ត៌មាន

លោកប្រធានរដ្ឋសភា ជិន ថាញ់មិន៖ ច្បាប់ត្រូវតែតាមទាន់ជីវភាពរស់នៅ

ច្បាប់ល្អមួយក្រមត្រូវតែមានភាព «រឹងមាំក្នុងគោលនយោបាយ តឹងរ៉ឹងក្នុងនីតិវិធី ស៊ីសង្វាក់គ្នាក្នុងប្រព័ន្ធ និងរលូនក្នុងការអនុវត្ត»។

លោកប្រធានរដ្ឋសភា ជិន ថាញ់មិន ថ្លែងនៅសន្និសីទ។ (រូបថត៖ VNA)

នេះជាតម្រូវការដែលប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានធ្វើឡើងនៅក្នុងសម័យបើកសន្និសីទសមាជិកសភាឯកទេសលើកទី ១ នីតិកាលទី ១៦ ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែកញ្ញា នៅអគាររដ្ឋសភា។

លោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានតំរង់ទិសសម្រាប់ការពិភាក្សារបស់អង្គសន្និសីទ ដោយចាប់ផ្តើមជាមួយនឹងគុណភាពគោលនយោបាយ ហើយបានស្នើឱ្យផ្តោតលើគោលនយោបាយដែលនៅតែមានមតិខុសគ្នា បញ្ហាដែលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ អាជីវកម្ម និងយន្តការថ្មីៗដែលមិនធ្លាប់មានពីមុនមក ឬមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ពេញលេញ។

“ត្រូវតែបង្ហាញពីគុណភាពនៃការត្រិះរិះនីតិបញ្ញត្តិថ្មី។ ច្បាប់ត្រូវផ្តោតលើបញ្ហានៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋសភា ដែលមានលក្ខណៈជាគោលការណ៍ និងមានស្ថេរភាព។ បញ្ហាទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ លក្ខខណ្ឌធ្វើអាជីវកម្ម ការបែងចែកធនធាន ការរៀបចំអំណាច និងការទទួលខុសត្រូវរបស់ភ្នាក់ងាររដ្ឋ ត្រូវតែមានចែងយ៉ាងជាក់លាក់នៅក្នុងច្បាប់។ ស្មារតីគឺថា ច្បាប់មានលក្ខណៈខ្លីជាង ប៉ុន្តែមិនត្រូវស្ដើងអំពីគោលនយោបាយ; បទប្បញ្ញត្តិតិចជាង ប៉ុន្តែកំណត់ការទទួលខុសត្រូវច្បាស់លាស់; មានស្ថិរភាពជាងមុន ប៉ុន្តែនៅតែអាចសម្របខ្លួនទៅនឹងលក្ខខណ្ឌជាក់ស្តែង។ ច្បាប់ត្រូវតែតាមទាន់ជីវភាព ប៉ុន្តែការតាមទាន់នេះមិនមានន័យថា ត្រូវធ្វើវិសោធនកម្មច្បាប់ជាបន្តបន្ទាប់នោះទេ”។

ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VNA)

ក្នុងអំឡុងពេលពីរថ្ងៃនៃសន្និសីទ (ថ្ងៃទី ២៨ និង ២៩ ខែកញ្ញា) សមាជិកសភាឯកទេស នឹងពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ១៧ ដែលគ្រោងនឹងដាក់ជូនរដ្ឋសភានៅក្នុងសម័យប្រជុំលើកទី ២ ដែលស្ថិតនៅក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ; វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាន; រដ្ឋបាល និងយុត្តិធម៌; វប្បធម៌ និងសង្គម៕


top