ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយលោកប្រធានាធិបតី Rumen Radev។
លោកនាយករដ្ឋមន្រ្តីហ្វាម មិញជីញ ជួបជាមួយប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev។ (រូបថត៖ VGP)
នៅក្នុងជំនួបនេះ
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
និងវិនិយោគឲ្យសក្តិសមនឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ។ លោកប្រធានាធិបតី Rumen
Radev បានឯកភាពលើសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ
អំពីវិធានការសហប្រតិបត្តិការចំនួន ៦ ដែលត្រូវការពង្រឹង រួមមាន៖
ពង្រឹងទំនុកចិត្តនយោបាយ; ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
និងវិនិយោគ ខិតខំបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឡើងដល់ ៥០០ លានដុល្លារអាមេរិកនាពេលខាងមុខ;
ពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ
ដែលជាវិស័យប្រពៃណីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ពង្រឹងកិច្ចសហប្រតិបត្តិការការងារ ដែលជាវិស័យមួយដោយមានសក្តានុពលជាច្រើន;
ពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់
និងអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM)
ក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - សហភាពអឺរ៉ុប (EU);
ពង្រឹងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន
និងសម្របសម្រួលរៀបចំសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៧៥
នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៥០-២០២៥) នៅឆ្នាំក្រោយ។
លោកប្រធានាធិបតី
Rumen
Radev បានអះអាងថា នឹងជំរុញបណ្តាប្រទេស EU ដែលនៅសេសសល់
ធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA) គាំទ្រគណៈកម្មការអឺរ៉ុប (EC) ឲ្យឆាប់ដក “កាតលឿង” (IUU) សម្រាប់ការនាំចេញជលផលវៀតណាមទៅទីផ្សារសហភាពអឺរ៉ុប។
លោកប្រធានាធិបតី
Rumen
Radev បានវាយតម្លៃថា
វៀតណាមជាទីផ្សារដ៏មានសក្តានុពលបំផុតរបស់ប៊ុលហ្គារីនៅអាស៊ីអាគ្នេយ៍ ហើយឲ្យដឹងថា
សហគ្រាសប៊ុលហ្គារីឈានមុខគេជិត ៣០ បានអមដំណើរលោកក្នុងដំណើរទស្សនកិច្ចលើកនេះនៅវៀតណាម
ហើយនឹងចូលរួមវេទិកាធុរកិច្ចវៀតណាម - ប៊ុលហ្គារី ដែលប្រារព្ធឡើងនៅទីក្រុងហូជីមិញនាថ្ងៃទី
២៧ ខែវិច្ឆិកា៕