ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ៣៥ ទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នៅព្រឹកថ្ងៃទី ១៨ ខែមិថុនា នៅទីក្រុងកាហ្សាន សាធារណរដ្ឋតាតាស្ថាន សហព័ន្ធរុស្ស៊ី លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី។
លោកប្រធានាធិបតីសហព័ន្ធរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ស្វាគមន៍ប្រធានគណៈប្រតិភូមកពីរដ្ឋសមាជិកអាស៊ាន (រូបថត៖ ឡៃហ័រ/VOV)

អញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គមានវត្តមាន លោកប្រធានាធិបតីសហព័ន្ធរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន លោកអគ្គលេខាធិការអាស៊ាន កៅ គីមហួន និងប្រធានគណៈប្រតិភូមកពីប្រទេសសមាជិកអាស៊ាន។

ក្នុងពិធីបើកកិច្ចប្រជុំ លោកប្រធានាធិបតី ពូទីន បានស្វាគមន៍គណៈប្រតិភូដែលអញ្ជើញមកវេទិកា និងបានសង្កត់ធ្ងន់លើតួនាទីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងទំនាក់ទំនងអន្តរជាតិ។ ថ្នាក់ដឹកនាំរុស្ស៊ីបានបញ្ជាក់ថា អាស៊ានមានកិត្យានុភាពមិនត្រឹមតែនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទូទាំងពិភពលោកទៀតផង។

កិច្ចប្រជុំកំពូលខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ពង្រឹងការប្តេជ្ញាចិត្តខាងនយោបាយ បន្តសន្ទុះនៃកិច្ចសហប្រតិបត្តិការ និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងអាស៊ាន-រុស្ស៊ីក្នុងរយៈពេលខាងមុខ លើសសរស្តម្ភសំខាន់ៗ ទាំងបីគឺ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ ការចូលរួមកិច្ចប្រជុំកំពូលខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី របស់នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បញ្ជាក់ពីជំហរដ៏សំខាន់ជាយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ីសម្រាប់វៀតណាម ដោយបង្ហាញពីបំណងប្រាថ្នារបស់វៀតណាមក្នុងការដើរតួនាទីជាស្ពានតភ្ជាប់ក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព ប្រសិទ្ធភាព និងស្របតាមសក្តានុពលរបស់ខ្លួន ដែលជាវឌ្ឍនភាពថ្មីក្នុងឱកាសខួបលើកទី ៣៥ នៃទៅនាក់ទំនង។

កិច្ចប្រជុំកំពូលនេះក៏ផ្តល់ឱកាសសម្រាប់វៀតណាម និងប្រទេសដទៃទៀតក្នុងការលើកកម្ពស់វិធីសាស្រ្តដ៏មានខ្លឹមសារ មានតុល្យភាព និងផ្តោតលើលទ្ធផលចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី។ លើសពីនេះ វៀតណាមសង្ឃឹមថា នឹងចូលរួមចំណែកក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងតំបន់អាស៊ី-អឺរ៉ុប៕


top