នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស (រូបថត៖ Lai Hoa/VOV)
តាមគម្រោង ក្នុងរយៈពេល៣ថ្ងៃនៅទីក្រុងកូឡាឡាំពួរ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ នឹងចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនានា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧; ចូលរួមពិធីប្រគល់ពានរង្វាន់អាស៊ាន និងពិធីចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការទទួលយក ទីម័រខាងកើតចូលជាសមាជិកអាស៊ាន; ចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាមួយដៃគូសហរដ្ឋអាមេរិក ចិន ឥណ្ឌា នូវែលសេឡង់ អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងអង្គការសហប្រជាជាតិ។
លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១៣; ចូលរួមសន្និសីទនានា រួមមានកិច្ចប្រជុំថ្នាក់ដឹកនាំសហគមន៍អាស៊ីលើកទី៣ ស្តីពីការបំភាយឧស្ម័នសូន្យសុទ្ធ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន + ៣ លើកទី២៨ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី១៩ កិច្ចប្រជុំកំពូល RCEP លើកទី៥ ជាដើម។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃប្រទេស និងអង្គការអន្តរជាតិដែលចូលរួមក្នុងកិច្ចប្រជុំកំពូល និងសកម្មភាពសំខាន់ៗជាច្រើនទៀត៕