ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ និងថ្នាក់ដឹកនាំបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងពិធីផ្ទេរតំណែងប្រធានអាស៊ានពីប្រទេសម៉ាឡេស៊ីទៅប្រទេសហ្វីលីពីន។
ទិដ្ឋភាពនៃពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ (រូបថត៖ VOV)

នៅក្នុងសុន្ទរកថាបិទកិច្ចប្រជុំ  នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់ថា អាស៊ានបានត្រៀមខ្លួនរួចជាស្រេចដើម្បីបោះជំហានយ៉ាងរឹងមាំលើមាគ៌ាអភិវឌ្ឍន៍ថ្មី ជាមួយនឹងសមាជិកចំនួន១១ ប្រទេស។ លទ្ធផលនៃកិច្ចប្រជុំកំពូលបញ្ជាក់ពីជំហរ និងតួនាទីស្នូលរបស់អាស៊ាន និងជួយបន្តពង្រឹងនិងពង្រីកទំនាក់ទំនងការបរទេសរបស់អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ទទួលយកតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២៦ ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀរ បានប្រកាសពីប្រធានបទអាស៊ានឆ្នាំ ២០២៦ របស់ហ្វីលីពីនគឺ " Navigating our future together" ជាមួយនឹងអាទិភាពសំខាន់ៗចំនួនបី៖ ការពង្រឹងសន្តិភាពនិងសន្តិសុខ ការបង្កើនច្រករបៀងនៃវិបុលភាព និងការលើកកម្ពស់ការផ្តល់អំណាចដល់ប្រជាជន។

គណៈប្រតិភូវៀតណាម ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានចូលរួមយ៉ាងសកម្ម និងរួមចំណែកយ៉ាងមានប្រសិទ្ធភាពចូលសកម្មភាពពហុភាគីជិត ២០ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល ដោយចែករំលែកទិសដៅសំខាន់ៗជាច្រើនដែលកំណត់អនាគតរបស់អាស៊ាន។ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាម និងដៃគូរបស់ខ្លួនក៏ត្រូវបានលើកកម្ពស់ជាក់ស្តែងតាមរយៈកិច្ចប្រជុំទ្វេភាគីជាង ២០ លើកផងដែរ។ ការចូលរួមចំណែក សំណើ និងគំនិតផ្តួចផ្តើមរបស់វៀត ណាមផ្តោតលើការលើកកម្ពស់ការកសាងសហគមន៍អាស៊ានសាមគ្គីភាព ពឹងផ្អែកលើខ្លួនឯង បរិយាប័ន្ន និងប្រកបដោយចីរភាព ដោយផ្តោតលើការអភិវឌ្ឍដែលផ្តោតលើប្រជាជន ភ្ជាប់ការអភិវឌ្ឍជាតិជាមួយនឹងការអភិវឌ្ឍតំបន់។ វៀតណាមបន្តបង្ហាញពីតួនាទីសកម្ម និងមានទំនួលខុសត្រូវរបស់ខ្លួនជាសមាជិក ដោយធ្វើការរួមចំណែកជាក់ស្តែងក្នុងការពង្រឹងសាមគ្គីភាពក្នុងប្លុក បង្កើនតួនាទីកណ្តាលរបស់អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់។

នេះគឺជាសកម្មភាពចុងក្រោយរបស់លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចការងារ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២៦-២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម។

នៅល្ងាចថ្ងៃដដែលនោះ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងគូឡាឡាំពួរ វិលត្រឡាប់មក វៀតណាម វិញ បញ្ចប់ដំណើរទស្សនកិច្ចការងារដោយជោគជ័យ៕


top