ព័ត៌មាន

លិចសាឡាងដឹកមនុស្សជាង ៣៥០ នាក់នៅហ្វីលីពីន បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៨ នាក់ស្លាប់

សាឡាងមួយគ្រឿងដែលដឹកអ្នកដំណើរ និងក្រុមនាវិកប្រហែល ៣៥០ នាក់បានលិចនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសហ្វីលីពីននៅព្រឹកថ្ងៃទី ២៦ ខែមករា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៨ នាក់បានស្លាប់ ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការ។

សាឡាង M/V Trisha Kerstin ៣ ដែលធ្វើដំណើរពីទីក្រុង Zamboanga ទៅកាន់កោះ Jolo (ខេត្ត Sulu) បានជួបប្រទះបញ្ហាបច្ចេកទេស ហើយបានលិចនៅជិតខេត្ត Basilan។ ប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា សាឡាងនេះដឹកអ្នកដំណើរ ៣៣២ នាក់ និងក្រុមនាវិក ២៧ នាក់។ អភិបាលក្រុង Arsina លោក Laja Kahing-Nanoh បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានមនុស្សយ៉ាងហោចណាស់ ៨ នាក់បានស្លាប់ ។ កម្លាំងជួយសង្គ្រោះបានរាយការណ៍ថា បានជួយសង្គ្រោះមនុស្សជាង ២០០ នាក់។ អភិបាលខេត្ត Basilan លោក Mujiv Hataman បានបញ្ជាក់ថា ជនរងគ្រោះ និងអ្នករស់រានមានជីវិតកំពុងត្រូវបានទទួលនៅកំពង់ផែនានាក្នុងតំបន់។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងត្រូវបានធ្វើឡើងដោយឆ្មាំសមុទ្រ និងកងទ័ពជើងទឹកហ្វីលីពីន ដោយសម្របសម្រួលជាមួយនាវាស៊ីវិល ក្រោមលក្ខខណ្ឌអាកាសធាតុអំណោយផល៕


top