ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

រាជធានីហាណូយ នៅមុនថ្ងៃបុណ្យធំនៃប្រជាជាតិ

នៅថ្ងៃទី១៤ ខែមីនា បណ្តាវិថី និងតំបន់លំនៅឋាន​ក្នុងទីក្រុងហាណូយ បានតុបតែង​យ៉ាងស្រស់​បំព្រងដោយទង់ជាតិ ផ្កា បដា និងស្លាកពាក្យស្លោក ដើម្បីអបអរសាទរការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភានីតិកាលទី១៦ និងតំណាង​ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៦ - ២០៣១។ នៅតាមសង្កាត់ និងឃុំចំនួន ១២៦ នៃរាជធានី ការងារត្រៀមរៀបចំត្រូវបានអនុវត្តតាមវឌ្ឍនភាព ដែលបានកំណត់ ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយ​លក្ខណៈប្រជាធិបតេយ្យ និងស្របតាមច្បាប់។

ប្រធានរដ្ឋសភា ត្រឹន ថាញ់មឹន ត្រួតពិនិត្យការងារបោះឆ្នោតនៅ ការិយាល័យក្រុមប្រឹក្សាបោះឆ្នោតជាតិ (អគាររដ្ឋសភា ហាណូយ)។ រូបថត៖ យ័នតឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នៅសង្កាត់ដុ​ងដា (Dong Da) បរិយាកាសត្រៀមរៀបចំសម្រាប់ថ្ងៃបោះឆ្នោត កំពុងប្រព្រឹត្តទៅយ៉ាងមមាញឹក នៅតាមបណ្តាតំបន់លំនៅឋាន។ នៅលើភូមិសាស្ត្រសង្កាត់ តាមទីតាំងបោះឆ្នោតនីមួយៗ បានបញ្ចប់ការតុបតែងលម្អដោយទង់ជាតិ ពាក្យស្លោកផ្សព្វផ្សាយ រូបថតលោកប្រធានហូជីមិញ និងក្តារបិទផ្សាយព័ត៌មាន សម្រាប់បម្រើដល់អ្នកបោះឆ្នោត។

បញ្ជីឈ្មោះអ្នកបោះឆ្នោត រួមជាមួយជីវប្រវត្តិសង្ខេបរបស់បេក្ខជន បានបិទផ្សាយនៅតាមសាលសហគមន៍ និងទីស្នាក់ការក្រុមលំនៅឋាន​ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការតាមដាន។ ហិបឆ្នោត បន្ទប់សម្ងាត់សម្រាប់គូសឆ្នោត តុ កៅអី និងសម្ភារៈបរិក្ខារ បម្រើការបោះឆ្នោតផ្សេងៗ សុទ្ធតែបានត្រួតពិនិត្យយ៉ាងហ្មត់ចត់។

សមាជិកនៃក្រុមការងារបោះឆ្នោត បានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈយ៉ាងពេញលេញ ដោយ​ក្តាប់ជាប់នូវនីតិវិធី នៃការណែនាំអ្នកបោះឆ្នោត ការចែកសន្លឹកឆ្នោត ការរាប់សន្លឹកឆ្នោត និងការធ្វើកំណត់ហេតុលទ្ធផលបោះឆ្នោតទៅតាមបទបញ្ញត្តិ។

លោក ង្វៀន វ៉ាន់​មិញ​ (Nguyen Van Minh) អ្នកបោះឆ្នោត នៅសង្កាត់ដុ​ងដា​ បានចែករំលែកថា៖ «យើងខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការបោះឆ្នោតលើកនេះ។ ក្រៅពីតាមដានព័ត៌មានតាមសារព័ត៌មាន ខ្ញុំតែងតែទៅសាលសហគមន៍ដើម្បីសិក្សាពីជីវប្រវត្តិ និងកម្មវិធីសកម្មភាពរបស់បេក្ខជន។ សន្លឹកឆ្នោតនីមួយៗ សុទ្ធតែបង្ហាញពីការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋចំពោះប្រទេសជាតិ»

យោងតាមថ្នាក់ដឹកនាំមូលដ្ឋាន ក្រុមលំនៅឋាន​នានា ក៏បានសកម្មក្នុងការត្រួតពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតឡើងវិញ ដើម្បីធានាថាមិនមានការចន្លោះប្រហោង ចំពោះប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការចូលរួមបោះឆ្នោត ព្រមទាំងធ្វើបច្ចុប្បន្នភាពទាន់ពេលវេលានូវករណីផ្លាស់ប្តូរទីលំនៅ។

តំបន់ជាច្រើនទៀតក្នុងរាជធានីហាណូយ ក៏កំពុងមមាញឹកក្នុងការបញ្ចប់ដំណាក់កាលត្រៀមរៀបចំនានា សម្រាប់ថ្ងៃបោះឆ្នោតផងដែរ។

នៅសង្កាត់តីហូ​ (Tay Ho) ទីតាំងបោះឆ្នោតបានកែលម្អយ៉ាងសមរម្យ។ ប្រព័ន្ធបដា និងពាក្យស្លោកផ្សព្វផ្សាយ ត្រូវបានដាក់ព្យួរយ៉ាងត្រឹមត្រូវនៅតាមបណ្តាវិថី និងតំបន់លំនៅឋាន​។ បញ្ជីឈ្មោះអ្នកបោះឆ្នោត និងព័ត៌មានបេក្ខជនបានបិទផ្សាយជាសាធារណៈ។

ប្រព័ន្ធបំពងសំឡេងសាធារណៈរបស់សង្កាត់ បានផ្សព្វផ្សាយជាប្រចាំនូវព្រឹត្តិបត្រព័ត៌មាន អំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកបោះឆ្នោត រួមចំណែកលើកកម្ពស់ការយល់ដឹង របស់ប្រជាពលរដ្ឋអំពីអត្ថន័យនៃការបោះឆ្នោត។

ការងារត្រួតពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតបានអនុវត្តយ៉ាងតឹងរ៉ឹង។ កម្មាភិបាល​ក្រុមលំនៅឋាន​បានចុះផ្ទាល់តាមផ្ទះនីមួយៗ ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានស្នាក់នៅ ធានាឱ្យបញ្ជីឈ្មោះអ្នកបោះឆ្នោត​មានភាពត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។

មណ្ឌលបោះឆ្នោត នៅឃុំអូយៀន បានរៀបចំយ៉ាងស្អាត ទុកដាក់ហិបឆ្នោតត្រឹមត្រូវ គ្រប់លក្ខណៈបម្រើងម្ចាស់ឆ្នោត។ រូបថត៖ វ៉ាន់ដៀប/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកត្រឹន​ វ៉ាន់ហ្វា (Tran Van Hoa) កម្មាភិបាល​សង្កាត់តីហូ​ បានឱ្យដឹងថា៖ «យើងខ្ញុំកំណត់ថា ការងារត្រៀមរៀបចំបោះឆ្នោត ត្រូវតែអនុវត្តដោយហ្មត់ចត់ និងត្រឹមត្រូវតាមបទបញ្ញត្តិនៃច្បាប់។ ទន្ទឹមនឹងការត្រៀមលក្ខណៈផ្នែកសម្ភារៈ មូលដ្ឋានក៏យកចិត្តទុកដាក់លើការផ្សព្វផ្សាយ ដើម្បីឱ្យអ្នកបោះឆ្នោតយល់ច្បាស់ ពីអត្ថន័យនៃការបោះឆ្នោត និងចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា»

កម្លាំងនគរបាល កម្លាំងសន្តិសុខភូមិឃុំ និងអង្គការមហាជនក្នុងតំបន់ បានសហការគ្នារៀបចំផែនការធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមទីតាំងបោះឆ្នោត។

នៅថ្ងៃទី១៤ ខែមីនា សង្កាត់តីហូ​ បានរៀបចំដំណើរការសាកល្បង នៃនីតិវិធីបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ៧ ស្ថិតក្នុងតំបន់បោះឆ្នោតលេខ ៣ ដើម្បីត្រួតពិនិត្យឡើងវិញនូវរាល់ដំណាក់កាលត្រៀមរៀបចំ ធានាឱ្យថ្ងៃបោះឆ្នោត១៥ ខែមីនា ប្រព្រឹត្តទៅដោយសុវត្ថិភាព និងត្រឹមត្រូវតាមបទបញ្ញត្តិ។

ចំពោះបណ្តាសង្កាត់ និងឃុំ ដែលមានសាកលវិទ្យាល័យ និងមន្ទីរពេទ្យច្រើនក្នុងតំបន់ ដូចជាសង្កាត់បាច់​ម៉ាយ ងៀដូ ទឺលៀម ហ្វាង​គីម។ល។ ក៏បានត្រៀមលក្ខណៈយ៉ាងល្អិតល្អន់ ដើម្បីធានាសិទ្ធិបោះឆ្នោតសម្រាប់អ្នកបោះឆ្នោតជានិស្សិត និងអ្នកជំងឺ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា និងតំណាង​ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ២០២៦ - ២០៣១។

សង្កាត់បាច់ម៉ាយ​ បានរៀបចំមណ្ឌលបោះឆ្នោតចំនួន ៣ កន្លែង នៅតាមសាកលវិទ្យាល័យក្នុងតំបន់ រួមមាន៖ មណ្ឌលបោះឆ្នោតលេខ១៨ នៅសាកលវិទ្យាល័យសាងសង់​ លេខ១៩ នៅសាកលវិទ្យាល័យ​សេដ្ឋកិច្ចជាតិ និងលេខ២០ នៅសាកលវិទ្យាល័យពហុបច្ចេកវិទ្យា​ហាណូយ​។

បណ្តាសង្កាត់ក៏បានម្ចាស់ការរៀបចំផែនការ និងហិបឆ្នោតចល័ត ដើម្បីយកទៅជូនដល់គ្រែអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យក្នុងតំបន់ ដើម្បីធានាសិទ្ធិរបស់អ្នកបោះឆ្នោត។

នៅតាមបណ្តាឃុំជាយក្រុងហាណូយជាច្រើន បរិយាកាសត្រៀមរៀបចំ សម្រាប់ថ្ងៃបោះឆ្នោតក៏មានភាពអធិកអធមខ្លាំងណាស់ដែរ។

នៅឃុំថៀនឡុក​ (Thien Loc) សាលវប្បធម៌ភូមិ ​បានបោសសម្អាតយ៉ាងស្អាត និងតុបតែងដោយទង់ជាតិ ផ្កា និងពាក្យស្លោកផ្សព្វផ្សាយអំពីការបោះឆ្នោត។ បញ្ជីឈ្មោះអ្នកបោះឆ្នោត និងព័ត៌មាន អំពីបេក្ខជនបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលតាមដាន។

អង្គការមហាជនដូចជា រណសិរ្សមាតុភូមិ សមាគមនារី និងសហភាពយុវជន បានសកម្មក្នុងការផ្សព្វផ្សាយ និងចលនាសមាជិកឱ្យទៅបោះឆ្នោតឱ្យបានទាន់ពេលវេលា។ ការជួបជុំសហគមន៍បានរៀបចំឡើង ដើម្បីផ្សព្វផ្សាយបទបញ្ញត្តិនៃច្បាប់ ស្តីពីការបោះឆ្នោត។

លោកស្រី ង្វៀន ធី​ឡាន (Nguyen Thị Lan) ប្រជាពលរដ្ឋឃុំថៀន​ឡុក​ បានឱ្យដឹងថា៖ «ការបោះឆ្នោត គឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសជាតិ។ ប្រជាជនក្នុងភូមិទាំងអស់ សុទ្ធតែមានការចាប់អារម្មណ៍ និងប្រាថ្នាចង់ជ្រើសរើស បាននូវតំណាងដែល​មានសមត្ថភាព និង​ការទទួល​ខុសត្រូវ​ចំពោះប្រជាជន»

បរិយាកាសត្រៀមរៀបចំសម្រាប់ថ្ងៃបោះឆ្នោត កាន់តែរីកសុះសាយយ៉ាងជ្រៅក្នុងសហគមន៍។

ដើម្បីជួយឱ្យប្រជាពលរដ្ឋយល់ច្បាស់ អំពីអត្ថន័យនៃការបោះឆ្នោត មូលដ្ឋាននានាក្នុងទីក្រុងហាណូយ បានដាក់ចេញនូវរូបភាពផ្សព្វផ្សាយយ៉ាងសម្បូរបែប។

នៅតាមវិថីធំៗជាច្រើន ប្រព័ន្ធបដា និងរូបភាពផ្សព្វផ្សាយត្រូវបានដាក់ព្យួរយ៉ាងអធិកអធម។ ខ្លឹមសារផ្សព្វផ្សាយ បានសង្កត់ធ្ងន់លើសិទ្ធិ និងកាតព្វកិច្ច របស់អ្នកបោះឆ្នោត ក៏ដូចជាអត្ថន័យ នៃការជ្រើសរើសតំណាងឆ្នើម ដែលតំណាងឱ្យឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន។

ក្រៅពីរូបភាពផ្សព្វផ្សាយដោយផ្ទាល់ភ្នែក ប្រព័ន្ធបំពងសំឡេងនៅតាមឃុំ-សង្កាត់ ក៏បានបញ្ចេញប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយបទបញ្ញត្តិនៃច្បាប់ស្តីពីការបោះឆ្នោតផងដែរ។

មូលដ្ឋានជាច្រើនថែមទាំងបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយព័ត៌មានបោះឆ្នោត ជួយឱ្យប្រជាពលរដ្ឋងាយស្រួលទទួលបានព័ត៌មាន និងយល់ច្បាស់ អំពីនីតិវិធីបោះឆ្នោត។

ការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភានីតិកាលទី១៦ និងតំណាង​កក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៦ - ២០៣១ គឺជាឱកាសមួយ សម្រាប់ប្រជាពលរដ្ឋគ្រប់រូបក្នុងការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន រួមចំណែកកសាងក្បាលម៉ាស៊ីន​ រដ្ឋឱ្យកាន់តែរឹងមាំ។

ក្នុងបរិយាកាសដ៏រីករាយនេះ រាជធានីហាណូយ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ទិវាបុណ្យជាតិ ជាមួយនឹងជំនឿចិត្ត និងក្តីសង្ឃឹមថ្មី។ ការបោះឆ្នោតមិនត្រឹមតែជាឱកាស សម្រាប់ប្រជាពលរដ្ឋម្នាក់ៗអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជាការបង្ហាញយ៉ាងរស់រវើក នៃជីវភាពប្រជាធិបតេយ្យ រួមចំណែកកសាងរាជធានីឱ្យកាន់តែមានអរិយធម៌​ ស៊ីវិល័យ ទំនើប និងមានសុភមង្គល៕


top