ព័ត៌មាន

រយៈពេល ៧ ខែដើមឆ្នាំ ទុន FDI ចុះបញ្ជីនៅវៀតណាម​សម្រេចបានជាង ៣៨ ពាន់លានដុល្លារអាមេរិក

គិតត្រឹមថ្ងៃទី ៣១ ខែកក្កដា ការវិនិយោគផ្ទាល់ពីបរទេស(FDI)សរុបដែលបានចុះបញ្ជីនៅវៀតណាមសម្រេច​បាន ៣៨,០៦ ពាន់លានដុល្លារអាមេរិក កើនឡើង ៥៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រូបថតឧទាហរណ៍។ រូបថត៖ VNA

យោងតាមទិន្នន័យដែល​នាយកដ្ឋានស្ថិតិទូទៅ (ក្រសួងហិរញ្ញវត្ថុ) បាន​ប្រកាសនាថ្ងៃទី ៣ សីហា ចំណុចលេចធ្លោមួយទៀតក្នុងការទាក់ទាញការវិនិយោគពីបរទេសគឺបរិមាណទុន​ FDI អនុវត្តនៅវៀតណាម សម្រេចបាន ១៥,២០ ពាន់លានដុល្លារអាមេរិក កើនឡើង ១១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាកម្រិត FDI អនុវត្តន៍ខ្ពស់បំផុតនៃ​រយៈពេល ៧ ខែ​ដើមឆ្នាំ ​ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។

ក្នុងចំណោមទុន FDI ដែល​ចុះបញ្ជីនៅវៀតណាម ដើម​ទុន FDI ដែល​ចុះបញ្ជីថ្មីបានកត់ត្រាកំណើន​យ៉ាង​ខ្លាំង។ គម្រោងថ្មីជិត ២.៤៣០ ត្រូវបានផ្តល់អាជ្ញាប័ណ្ណ​នៅទូទាំងប្រទេស ដោយ​មានដើមទុនសរុបលើសពី ២១ ពាន់លានដុល្លារអាមេរិក។ ឧស្សាហកម្មកែច្នៃ និងផលិតកម្មនៅតែជាវិស័យទទួល FDI ច្រើនជាងគេ ស្រូបយក៥៥,០% នៃដើមទុនចុះបញ្ជីថ្មីសរុប។ បន្ទាប់មកគឺការ​ផលិត​និង​ផ្គត់ផ្គង់អគ្គិសនី ឧស្ម័ន និងទឹកស្អាត​។

ផ្ទុយទៅវិញ ការវិនិយោគទៅក្រៅប្រទេសក្នុងរយៈពេល​៧ខែដើម​ឆ្នាំក៏បានកើនឡើងយ៉ាងខ្លាំង​ផងដែរ។ ការវិនិយោគទៅ​ក្រៅប្រទេសសរុប​របស់វៀតណាម​សម្រេចបាន ២,៣៦ ពាន់លានដុល្លារ ខ្ពស់ជាង ៤,៥ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យុទ្ធសាស្ត្រវិនិយោគក្រៅប្រទេសរបស់វៀតណាមកំពុងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទិក និងថាមពល។ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៦ សហគ្រាសវៀតណាមបានវិនិយោគនៅក្នុងប្រទេស និងតំបន់​ដែនដីចំនួន ៣៥។ ប្រទេសឡាវនៅតែជាដៃគូយុទ្ធសាស្ត្រឈានមុខគេ ដោយទទួលបានការវិនិយោគចំនួន ៦៣៨,៣ លានដុល្លារពីវៀតណាម។ បន្ទាប់មកគឺប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី៕​


top