កូនជ្រូកដីក្រមិចក្រមើម មានគ្រប់ពណ៌ ផ្សារភ្ជាប់នឹងវ័យកុមារ នៅតែបានអភិរក្ស និងអភិវឌ្ឍជិតពាក់កណ្តាលសតវត្សរ៍ នៅឡាយធេវ (Lai Thieu) ខេត្តប៊ិញយឿង (Binh Duong)
កូនជ្រូកដីនៅឡាយធេវ (Lai Thieu)ទទួលបានការពេញនិយមប្រើប្រាស់ នៅទីផ្សារកម្ពុជា ជប៉ុន ថៃ ឡាវ។ល។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម
កូនជ្រូកដីក្រមិចក្រមើម មានគ្រប់ពណ៌ ផ្សារភ្ជាប់នឹងវ័យកុមារ នៅតែបានអភិរក្ស និងអភិវឌ្ឍជិតពាក់កណ្តាលសតវត្សរ៍ នៅឡាយធេវ (Lai Thieu) ខេត្តប៊ិញយឿង (Binh Duong)។
ស្រុកឡាយធេវ (Lai Thieu) បានស្គាល់ជាទីតាំងមួយក្នុងចំណោមទីតាំងធ្វើកូនជ្រូកដីល្បីល្បាញក្នុងស្រុកនិងបរទេស។ ប្រជាជនរស់នៅទីនេះ បានផ្សារភ្ជាប់នឹងការងារនេះបានជាង៤០ឆ្នាំ មានគ្រួសារជាច្រើនចាប់ផ្តើមធ្វើកូនជ្រូកដី តាំងពីឆ្នាំទី៧០នៃសតវត្សរ៍មុន រហូតមកដល់បច្ចុប្បន្ន ពួកគាត់នៅតែអភិរក្សនិងអភិវឌ្ឍវិស័យមុខរបរនេះជាមួយទីជំហពោរពេញដោយមោទនភាព។ ទោះបីបច្ចុប្បន្ននេះ នៅចំពោះមុខបច្ចេកវិទ្យាទំនើប ផលិតផលជាច្រើនបានប្រើប្រាស់វត្ថុធាតុដើមថ្មី ប៉ុន្តែកូនជ្រូកដីស្រុកឡាយធេវ (Lai Thieu) នៅតែមានអ្នកពេញនិយមប្រើប្រាស់។
ជាពិសេស ប៉ុន្មានឆ្នាំថ្មីៗនេះ តម្រូវការប្រើប្រាស់បានកើនឡើងវិញ ផលិតផលកូនជ្រូកដីបានធ្វើមានរូបសណ្ឋានជាច្រើនដ៏សម្បូរបែបដោយម៉ូដ ហេតុនេះផលិតផលកូនជ្រូកដីស្រុកឡាយធេវ (Lai Thieu) មួយថ្ងៃកាន់តែមានជំហប្រសើរជាង នាពេលប្រកួតប្រជែងជាមួយមុខទំនិញធ្វើដោយជ័រ ឬឈើ។
បង ង្វៀន វ៉ាន់ត្វឹន (Nguyen Van Tuan) នៅភូមិកូនជ្រូកដី ស្រុកឡាយធេវ (Lai Thieu) បានរៀបរាប់ថា៖ “ដូនតាខ្ញុំពីអតីតកាលបានប្រកបមុខរបរកុលាលភាជន៍ ក្រោយមកបង្វែធ្វើកូនជ្រូកដី មកដល់ខ្ញុំក៏ប្រកបមុខរបរធ្វើកូនជ្រូកដីនេះដែរ។ ធ្វើកូនជ្រូកដីមានការពិបាក ប្រាក់ចំណូលមិនខ្ពស់ ត្រូវការភាពផ្ចិតផ្ចង់ ដូចនេះយុវជនជាច្រើន បានបង្វែទៅរកការងារផ្សេងៗដើម្បីចិញ្ចឹមជីវិត។ ខ្ញុំស្រឡាញ់មុខរបរនេះ ប្រសិនបើចោលវា ខ្ញុំមានអារម្មណ៍នឹកដល់ក្លិនដីឥដ្ឋ នឹកដល់សត្វមួយគួរជាទីស្រឡាញ់ ដែលខ្លួនជាអ្នកបង្កើត លាបពណ៌ “បញ្ចូលព្រលឹង” វា។
កូនជ្រូកដីបានគ្រួសារង្វៀន វ៉ាន់ត្វឹន (Nguyen Van Tuan) ធ្វើអំពីដីឥដ្ឋ ចាក់ចូលពុម្ព រួចយកទៅដុត។ ក្រោយពេលដុត កូនជ្រូកដីបានយកទៅដាក់ក្រោមកម្តៅថ្ងៃ ចុងក្រោយលាបពណ៌តុបតែង។ បច្ចុប្បន្ន ជាមធ្យមរៀងរាល់ខែ ង្វៀន វ៉ាន់ត្វឹន (Nguyen Van Tuan) លក់ផលិតផលចេញទៅកាន់ទីផ្សារក្នុងស្រុកនិងនាំចេញទៅទីផ្សារកម្ពុជា ឡាវ ចំនួន៨០.០០០កូន។ ជាមធ្យមផលិតផលនីមួយៗ ក្រោយពេលទូទាត់ប្រាក់ចំណាយ ប្រាក់ចំណូលបានពី៣.០០០ដុង - ៤.០០០ដុងក្នុងកូនជ្រូកមួយ។
ក្រៅពីរូបកូនជ្រូកដី គ្រួសារ ង្វៀន វ៉ាន់ត្វឹន (Nguyen Van Tuan) នៅធ្វើរូបសត្វ ផ្លែឈើជាច្រើន ជាពិសេសគឺសត្វតំណាងរាសីទាំង១២ឆ្នាំ។
លោកស្រី ឡេ ធីធូសឿង (Le Thi Thu Suong) ម្ចាស់មូលដ្ឋានកូនជ្រូកដី នៅស្រុកឡាយធេវ (Lai Thieu) បានឱ្យដឹងថា គ្រួសារលោកស្រីធ្វើកូនជ្រូកដីឆ្លងកាត់ជាច្រើនជំនាន់ ដូច្នេះដំណាក់កាលធ្វើកូនជ្រូកដីដូចជាជ្រាបចូលរាល់សសៃឈាមតាំងកាលនៅតូច។ “ទោះបីមានអាយុជិត៦០ឆ្នាំ ប៉ុន្តែខ្ញុំនៅតែចូលចិត្តធ្វើដើម្បីរក្សាមុខរបររបស់ដូនតា។ បច្ចុប្បន្ន នៅស្រុកឡាយធេវ (Lai Thieu) មានគ្រួសារធ្វើកូនជ្រូកដីចំនួន១៩គ្រួសារតែប៉ុណ្ណោះ។
តម្លៃលក់រាយកូនជ្រូកដីស្រុកឡាយធេវ (Lai Thieu) យោងតាមទំហំខ្នាត រូបរាងប្រហែល៧.០០០ដុង - ១០.០០០ដុងក្នុងមួយកូន លក់តាមតម្លៃបោះដុំសម្រាប់ឈ្មួញតម្លៃត្រឹមប្រហែល៤.០០០ដុងក្នុងមួយកូន។ ក្នុងចំណោមប្រភេទកូនជ្រូកដី ដែលលក់ដាច់បំផុតនៅលើទីផ្សារសព្វថ្ងៃ គឺប្រភេទកូនជ្រូកដីពណ៌ប្រាក់ មានតម្លៃខ្ពស់ជាងប្រភេទដែលលាបពណ៌ធម្មតា។
ផលិតផលកូនជ្រូកដីនៃភូមិមុខរបរ បាននាំយកទៅប្រើប្រាស់នៅតាមខេត្តដូចជាតៀនយ៉ាង (Kien Giang) អានយ៉ាង (An Giang) នៅតាមខេត្តភូមិភាគខាងត្បូងវៀតណាម តំបន់ភូមិភាគអាគ្នេយ៍ និងនៅទាំងបាននាំចេញទៅទីផ្សារឡាវ កម្ពុជា និងថៃ។ ជាពិសេស ឱ្យតែដល់រដូវចូលរៀន (ខែកញ្ញារៀងរាល់ឆ្នាំ) ឬនៅរដូវបុណ្យចូលឆ្នាំថ្មីវៀតណាម ភូមិរបរកូនជ្រូកដីស្រុកឡាយធេវ (Lai Thieu) ក្លាយជាឱកាសមួយដែលមានផលិតផលត្រូវលក់ដាច់បំផុត៕
កូនជ្រូកដីពណ៌ឆើតឆាយមួយចំនួន បានអតិថិជនពេញនិយមប្រើ៖
អត្ថបទនិងរូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង