មុខរបររបស់ប្រជាជនវៀតណាម

របរក្សាក្លិនផ្កាឈូកក្នុងរាល់ស្លឹកតែ

រាល់រដូវផ្កាឈូកចូលមកដល់ ខណៈដែលផ្កាឈូកនៅបឹង តី (Tay) ទើបចាប់ផ្តើមរីក ក៏ជាពេលដែលគ្រួសារធ្វើតែផ្កាឈូក ក្វាងអាន (Quang An) ចាប់ផ្ដើមមមាញឹកដែរ។ 

រាល់រដូវផ្កាឈូកចូលមកដល់ ខណៈដែលផ្កាឈូកនៅបឹង តី (Tay) ទើបចាប់ផ្តើមរីក ក៏ជាពេលដែលគ្រួសារធ្វើតែផ្កាឈូក ក្វាងអាន (Quang An) ចាប់ផ្ដើមមមាញឹកដែរ។ ចាប់ពីផ្កាឈូកដែលទើបបេះមក នៅពេលព្រលឹម តាមរយៈដៃដ៏ប៉ិនប្រសប់ និងរូបមន្តអាថ៌កំបាំង បាន​បន្តវេនជាច្រើនជំនាន់ ក្លិនផ្កាឈូកត្រូវបានរក្សាទុក ក្នុងរាល់ស្លឹកតែ បង្កើតជារបរសិប្បកម្មមួយ បង្ហាញពីវប្បធម៌ដ៏ប្រណិតរបស់រដ្ឋធានីហាណូយ។

ស្លឹកតែស្ងួតត្រូវបានរៀបចំសម្រាប់ដំណើរការអប់ក្លិនផ្កាឈូក ដោយគ្រាប់លំអងពណ៌ស តាមរបៀបប្រពៃណី។ រូបថត៖ ខាញ់ឡុង / VNP

ស្ថិតនៅក្បែរបឹង ហូ តី (Ho Tay) តាំងពីយូរមក ក្វាងអាន (Quang An) មានភាពល្បីល្បាញនឹងរបរដាំឈូក និងអប់តែផ្កាឈូក។ ជាតំបន់ដែលមានបីទិសជាព្រំប្រទល់នឹងហូតី ថែមទាំង មានប្រព័ន្ធស្រះ បឹង និងវាល រួមផ្សំនឹងលក្ខខណ្ឌដីសមស្រប សម្រាប់ផ្កាឈូក បាចឌៀប (Bach Diep) លូតលាស់។ ពូជឈូក ដែលមានត្របកផ្កាពីរ ត្របកផ្កា និង​គ្រាប់លំអងពណ៌សច្រើន ត្រូវបានប្រជាជន ក្វាងអាន (Quang An) ជ្រើសរើស ដើម្បីឆ្នៃជាតែមានរសជាតិពិសេស។

តំបន់ស្រះផ្កាឈូកនៃបឹងតី (Tay) - តំបន់វត្ថុធាតុដើម ដែលតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយជីវិតរបស់ប្រជាជនរស់នៅ តាមដងបឹង តី (Tay) អស់ជាច្រើនជំនាន់មកហើយ ។
រូបថត៖ ខាញ់ឡុង/ VNP
 

របរអប់តែផ្កាឈូក​នៅ​តំបន់ក្វាងអាន ត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ កាលពីឆ្នាំ២០២៤ របរសិប្បកម្មប្រពៃណីអប់តែក្វាងអាន ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ នេះគឺជាការទទួលស្គាល់ចំពោះសិប្បកម្មមួយ ដែលបានក្លាយជាផ្នែកសំខាន់មួយ នៃជីវិតវប្បធម៌ក្នុងតំបន់ជុំវិញ​បឹង ហូ​តី (Tay)។​  

សម្រាប់អ្នកដែលប្រកបរបរសិប្បកម្មនេះ ពេលវេលាប្រមូលផលផ្កាឈូកគឺមានសារៈសំខាន់ណាស់។ ចាប់ពីព្រឹកព្រលឹម នៅពេលដែលផ្កាទើបតែចាប់ផ្តើមរីក ក្លិនក្រអូបនៅពេញលេញ ផ្កាឈូកត្រូវបានបេះ ដើម្បីចាប់ផ្តើមដំណាក់កាលកែច្នៃ។ ​នៅ​គ្រួសារ​សិប្បករ ង៉ូ វ៉ាន់សៀម (Ngo Van Xiem) និង លឺវ ធី ហៀន (Luu Thi Hien) របរអប់តែ​​ផ្កាឈូក ​ត្រូវ​បាន​ថែរក្សា​​ជាច្រើន​ជំនាន់។ សមាជិក​នៃគ្រួសារនេះ ចាប់ពី​មនុស្ស​ចាស់​រហូតដល់កូនចៅ សុទ្ធតែចូលរួមតាម​ដំណាក់កាល​នីមួយៗ៖ បំបែក​ត្របកផ្កា ហាលលំអង​ផ្កា និងយក​គ្រាប់លំអង ។ សិប្បការិនី លឺវ ធី ហៀន (Luu Thi Hien) បាន​ចែករំលែក​ថា "ការយកគ្រាប់លំអងផ្កា ពិតជាស្មុគស្មាញណាស់ អ្នកធ្វើត្រូវការមាន​ភាព​ហ្មត់ចត់​ ប៉ិនប្រសប់ និង​ធ្វើ​ដូចម្តេច ដើម្បីគ្រាប់លំអងមិនត្រូវបាក់បែក  ឬ​មិនឲ្យបាត់បង់​ក្លិនផង"។

ក្រុមគ្រួសារប្រកបរបរសិប្បកម្មអប់តែផ្កាឈូកតាម​បែបប្រពៃណី នៅបឹងតី (Tay)  បានមកស្រះ និង​ជ្រើសរើសផ្កាឈូកបាចឌៀប (Bach Diep) ដែលធានាថា វត្ថុធាតុដើមល្អបំផុត សម្រាប់ដំណើរការអប់តែផ្កាឈូកបែបប្រពៃណី។ រូបថត៖ ខាញ់ឡុង/ VNP

លំអងផ្កា គឺជាផ្នែកដ៏តូចមួយ ប៉ុន្តែមានតម្លៃបំផុតសម្រាប់បង្កើតក្លិនពិសេសរបស់តែ។ តាមសិល្បករ ង វ៉ាន់សៀម (Ngo Van Xiem) ដើម្បីអប់តែផ្កាឈូកចំនួន ១គីឡូក្រាម គេត្រូវការផ្កាឈូកប្រមាណ ១.៥០០ផ្កា ។ តែផ្កាឈូក Hien Xiem ភាគច្រើនប្រើផ្កាឈូក បាចឌៀប (Bach Diep) ដែលដាំនៅបឹងហូតី (Tay) រួមជាមួយនឹងប្រភេទតែឆ្ងាញ់ និងស្អាត។ ដើម្បីទទួលកញ្ចប់តែផ្កាឈូកមួយកញ្ចប់ តែត្រូវឆ្លងកាត់រយៈពេល ២១ថ្ងៃ ជាមួយនឹងការអប់លំអងឈូក ៧លើក និងសម្ងួត​ចំនួន ៧ លើកទៀត។ តែត្រូវបានសម្ងួតតាមប្រពៃណី ដោយធ្យូងឈើ។ ឆ្លងកាត់ដំណើរអប់ និងសម្ងួត​ម្ដងៗ  ក្លិនក្រអូបកាន់តែជ្រាបចូលជ្រៅទៅក្នុងស្លឹកតែ បង្កើតជាក្លិនក្រអូបប្រណីត និងរក្សាក្លិនបានយូរ។

ក្រៅពីតែឈូកក្រៀម ប្រជាជនក្វាងអាន  ក៏មានវិធីអប់តែដោយផ្ទាល់ ក្នុងក្រពុំផ្កាឈូកផងដែរ។ តែក្រៀមរួមជាមួយនឹងគ្រាប់លំអងពណ៌សមួយចំនួនតូច ត្រូវបានដាក់ចូលទៅក្នុងក្រពុំផ្កាឈូក ដែលទើបតែរីក។ បន្ទាប់​មក ក្រពុំផ្កាឈូកត្រូវបានខ្ចប់ដោយស្លឹកឈូក រុំដោយខ្នួចនៅទងផ្កា និងត្រាំក្នុងទឹកប្រមាណ ២៤ម៉ោង មុនពេលយកទៅរក្សាទុក។ វិធីធ្វើនីមួយៗ សុទ្ធតែទាមទារនូវភាពផ្ចិតផ្ចង់ ភាពអត់ធ្មត់ និងបទពិសោធន៍របស់អ្នកធ្វើ។

បន្ទាប់ពីប្រមូលផលរួច ផ្កាឈូកត្រូវបានដឹកជញ្ជូនទៅកាន់រោងជាងផលិត ដើម្បីធានាថា ក្លិនក្រអូបធម្មជាតិរបស់វាត្រូវបានរក្សាទុក។ រូបថត៖ ខាញ់ឡុង/ VNP
គ្រួសារមួយ ប្រកបសិប្បកម្មអប់ផ្កាឈូកតាមបែបប្រពៃណី ដោយការកែច្នៃទាំងអស់ត្រូវបានអនុវត្តដោយដៃ។ រូបថត៖ ខាញ់ឡុង/ VNP

របរអប់តែផ្កាឈូក មិនត្រឹមតែទាមទារដៃទាំងគូប៉ិនប្រសប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការភាពអត់ធ្មត់ទៀតផង។ អ្នកប្រកបរបរនេះ ត្រូវចូលគេងយឺត ឆាប់ក្រោកវិញ យល់ដឹងពីកម្រិតក្ដៅ-ត្រជាក់របស់តែ និងព្យាយាមយកចិត្តទុកដាក់រាល់ការសម្ងួតតែ។ ថ្ងៃដែលអាកាសធាតុក្ដៅខ្លាំង កម្ដៅចេញពីឡធ្យូងរឹតតែធ្វើឱ្យការងារកាន់តែលំបាក នឿយហត់ជាង។

 

«ខ្ញុំដឹងថារបរនេះពិបាកណាស់ ប៉ុន្តែខ្ញុំនៅតែចង់រក្សាមុខរបររបស់គ្រួសារខ្ញុំ។ បច្ចុប្បន្ន ខ្ញុំកំពុងបង្រៀនរូបមន្តអាថ៌កំបាំងការអប់តែឲ្យកូនៗ បន្តថែរក្សារ​។ សម្រាប់គ្រួសាររបស់យើងខ្ញុំ អ្វីដែលសំខាន់បំផុត គឺធ្វើយ៉ាងណា ដើម្បីនាំមកនូវតែមានក្លិនក្រអូប ឈ្ងុយឆ្ងាញ់ និងមានគុណភាពល្អបំផុត សម្រាប់អតិថិជន» សិប្បការិនី លឺវ ធី ហៀន (Luu Thi Hien) បានចែករំលែក។

ការដែលរបរអប់តែផ្កាឈូក​ ក្វាងអាន ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ បើកឱកាសកាន់តែច្រើន សម្រាប់របរសិប្បកម្មប្រពៃណីបានអភិរក្ស និងពង្រីក។ ពីព្រោះនៅពីក្រោយពែងតែផ្កាឈូកនីមួយៗ មិនត្រឹមតែជាក្លិនក្រអូបនៃផ្កាមួយប្រភេទប៉ុណ្ណោះ នូវទាំងជាចំណេះដឹង កាប៉ិនប្រសបនិងសេចក្តីស្រឡាញ់ ចំពោះរបរសិប្បកម្ម ពីមួយជំនាន់ទៅមួយជំនាន់ផង។

បណ្តាគ្រួសារប្រកបសិប្បកម្មអប់តែផ្កាឈូក នៅបឹងតី (Tay) ព្យាយាម និងបន្តប្រគល់រូបមន្តអាថ៌កំបាំងប្រពៃណីពីមួយជំនាន់ទៅមួយជំនាន់ ដែលរួមចំណែកដល់ការរក្សា និងលើកកម្ពស់សិប្បកម្មពិសេសនេះ ព្រមទាំងមានគោលបំណងបញ្ជាក់តែអប់ផ្កាឈូកជាបេតិកភណ្ឌវប្បធម៌អរូបីរបស់រដ្ឋធានីហាណូយ។ រូបថត៖ ខាញ់ឡុង/ VNP
 

សព្វថ្ងៃនេះ នៅក្វាងអាន នៅតែមានគ្រួសសារជាច្រើន​កំពុង​បន្តរក្សារសិប្បកម្មអប់តែផ្កាឈូក។ កណ្ដាលចង្វាក់រស់នៅនាសម័យទំនើប នៃរដ្ឋធានីហាណូយ អ្នកដែលធ្វើតែផ្កាឈូកនៅក្វាងអាន នៅតែរក្សាក្លិនផ្កាឈូក ក្នុងរាល់ស្លឹកតែ។ ពីបឹងហូតី ក្លិន​ក្រអូបនោះនៅតែបន្តសាយភាយតាមរឿងរ៉ាវមួយដ៏ស្រស់ស្អាតនិទានពីរបស់សិប្បកម្ម និងប្រណីតភាពនៃវប្បធម៌​វៀតណាម៕

អត្ថបទ និងរូបថត៖ ខាញ់ឡុង / VNP


top