នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបលោក Karan Adani អគ្គនាយកក្រុមហ៊ុនកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស ដែលជាផ្នែកមួយនៃក្រុមហ៊ុន Adani Group - សម្ព័ន្ធក្រុមសេដ្ឋកិច្ចធំជាងគេរបស់ឥណ្ឌា ដែលកំពុងធ្វើការសិក្សាស្រាវជ្រាវ ស្វែងរកឱកាសវិនិយោគនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបលោក Karan Adani អគ្គនាយកក្រុមហ៊ុនកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស Adani Group (ឥណ្ឌា) (រូបថត៖ Duong Giang)
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចាត់ទុកថា វៀតណាមមានសក្ដានុពលដ៏ធំធេងលើវិស័យដឹកជញ្ជូន អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីកំពង់ផែសមុទ្រ ថាមពលកកើតឡើងវិញ រួមទាំងថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ; ស្វាគមន៍ចំពោះគោលនយោបាយវិនិយោគរបស់ Adani Group នៅ វៀតណាមលើវិស័យទាំងនេះ ហើយនៅចំពោះមុខគឺវិនិយោគនៅតំបន់កំពង់ផែ Lien Chieu ទីក្រុង Da Nang ក៏ដូចជាគម្រោងថាមពលកកើតឡើងវិញនៅវៀតណាម; ទន្ទឹមនឹងនោះ លោកមានបំណងចង់ឱ្យ Adani ពង្រីកការវិនិយោគលើវិស័យផ្លាស់ប្តូរឌីជីថល កសាងសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខណៈអំណោយផលសម្រាប់ក្រុមហ៊ុន Adani Group បន្តស្រាវជ្រាវគម្រោងវិនិយោគផ្សេងទៀតនៅវៀតណាម ព្រមទាំងសង្ឃឹមថា Adani Group នឹងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយដៃគូវៀតណាម ដើម្បីទទួលបានលទ្ធផលជាក់ស្តែងក្នុងសកម្មភាពវិនិយោគនៅវៀតណាម។
ចំណែកខ្លួនវិញ លោក Karan Adani បានឲ្យដឹងថា Adani នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន មូលដ្ឋាន និងដៃគូនានារបស់វៀតណាម ដើម្បីអនុវត្តគម្រោងជាក់ស្តែង។ លោក Karan Adani ក៏បានអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការវិនិយោគរយៈពេលវែងនៅវៀតណាម ក្នុងនោះលោកមានបំណងចង់កសាងប្រព័ន្ធអេកូឡូស៊ីកំពង់ផែសមុទ្រក្នុងទិសដៅបៃតង និងបណ្តាក់ទុនលើរោងចក្រថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យនៅវៀតណាម ដែលមានទុនសរុបប្រមាណ ៣ ពាន់លានដុល្លារអាមេរិក៕