សមាជិកសភាហ្វាំងឡង់ចូលរួមសម័យប្រជុំពេញអង្គ។ រូបថត៖ AFP
នាថ្ងៃទី ១ មីនា រដ្ឋសភាហ្វាំងឡង់បានអនុម័តលើគម្រោងច្បាប់អនុញ្ញាតឱ្យប្រទេសនេះចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ គោលដៅរបស់ហ្វាំងឡង់គឺសម្រេចរួចរាល់បែបបទនីតិប្បញ្ញត្តិស្តីពីការចូលជាសមាជិកណាតូនៅចុងអាណត្តិបច្ចុប្បន្នរបស់នាយករដ្ឋមន្ត្រីលោកស្រី Sanna Marin។ តាមផែនការនាថ្ងៃទី ២ ខែមេសាខាងមុខ ហ្វាំងឡង់នឹងរៀបចំការបោះឆ្នោតសភាជាន់ទាប ហើយទីក្រុង Helsinki មានគោលបំណងសម្រេចរួចរាល់នីតិវិធីនេះ សំដៅជៀសវាងផលប៉ះពាល់ដល់ការចូលជាសមាជិកណាតូ ដោយសារតែគម្លាតនយោបាយ ដែលអាចកើតឡើងក្រោយពីការបោះឆ្នោត។
នាថ្ងៃទី ១ មីនាដដែល រដ្ឋសភាហុងគ្រីបានចាប់ផ្តើមពិភាក្សាអំពីពាក្យសុំចូលរួមជាសមាជិកណាតូរបស់ហ្វាំងឡង់ និងស៊ុយអែត។ រដ្ឋសភាហុងគ្រីគ្រោងនឹងរៀបចំការបោះឆ្នោតលើការផ្តល់សច្ចាប័នលើពិធីសារដាក់បញ្ជូលហ្វាំងឡង់ និងស៊ុយអែតជាសមាជិកអង្គការណាតូចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែមីនា។ ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលហុងគ្រីបានឲ្យដឹងថា អាចពន្យារពេលការបោះឆ្នោតរហូតដល់ចុះខែមីនា។
បច្ចុប្បន្ននេះ ប្រទេសចំនួន ២៨ ក្នុងចំណោមប្រទេសជាសមាជិកអង្គការណាតូចំនួន ៣០ បានយល់ព្រមទទួលហ្វាំងឡង់ និងស៊ុយអែតឲ្យចូលជាសមាជិកអង្គការនេះ លើកលែងតែទួរគី និងហុងគ្រីប៉ុណ្ណោះ៕