ព័ត៌មាន

រដ្ឋសភាត្រូវការនាំមុខក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា

នេះគឺជាការបញ្ជាក់របស់ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ក្នុងសន្និសីទក្រោមប្រធានបទ “រដ្ឋសភាឌីជីថល និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តក្នុងការផ្លាស់ប្ដូរឌីជីថលរបស់រដ្ឋសភា” ដែលរៀបចំដោយខុទ្ទកាល័យរដ្ឋសភានារសៀលថ្ងៃទី ១៩ មីនា នៅទីក្រុងហាណូយ។
ប្រធានរដ្ឋសភា លោក Tran Thanh Man ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)

ប្រធានរដ្ឋសភា លោក Tran Thanh Man បានស្នើឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍ក្រុមប្រឹក្សាជនជាតិ គណៈកម្មាធិការរបស់រដ្ឋសភា និងខុទ្ទកាល័យរដ្ឋសភា ផ្ដោតសំខាន់លើការអនុវត្តន៍ខ្លឹមសារមួយចំនួន៖

“អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលគឺជាកត្តាគន្លឹះ និងជៀសមិនរួច ដើម្បីកសាងរដ្ឋសភាទំនើប ប្រជាធិបតេយ្យ តម្លាភាព វិជ្ជាជីវៈ វិទ្យាសាស្ត្រ និងមានប្រសិទ្ធភាព។ បញ្ញាសិប្បនិម្មិតនឹងក្លាយជាជំនួយការដ៏មានប្រយោជន៍ខ្លាំងដើម្បីជួយរដ្ឋសភាពិចារណា និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ឆ្លើយតបឲ្យទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែង បង្កើនប្រសិទ្ធភាពនៃការត្រួតពិនិត្យ និងតភ្ជាប់ជាមួយអ្នកបោះឆ្នោត និងប្រជាជនកាន់តែល្អជាង។ អនុវត្តន៍យ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តនិងគម្រោងដែលចេញផ្សាយសម្រាប់រដ្ឋសភា; បណ្តុះបណ្តាល និងបំពាក់នូវជំនាញឌីជីថល ដើម្បីជួយសមាជិករដ្ឋសភា មន្ត្រីរដ្ឋការនិងនិយោជិតនៃស្ថាប័នរដ្ឋសភាប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួន”។

លោកប្រធានរដ្ឋសភាបានក្រើនរំលឹកថា ចាំបាច់ត្រូវបង្កើនការរៀនសូត្រពីបទពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាជាមួយបណ្តាប្រទេសជឿនលឿនលើវិស័យបញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យាឌីជីថលទំនើបក្នុងសកម្មភាពសភា ដើម្បីអភិវឌ្ឍន៍ដំណោះស្រាយជាមួយលក្ខខណ្ឌជាក់ស្តែងរបស់រដ្ឋសភាវៀតណាម៕


top