ដែនដីជាយដែនស្រុកទ្រុងខាញ់ (Trung Khanh) (ខេត្តកាវបាំង- Cao Bang) ព្រៃភ្នំស្រស់បំព្រង។ រដូវស្លឹកឈើជ្រុះមកដល់ មានន័យថាដល់រដូវច្រូតកាត់ ស្រុកទ្រុងខាញ់ (Trung Khanh) ត្រូវបានដណ្តប់ដោយអាវថ្មីពណ៌លឿង ពត់ពេនតាមដងផ្លូវគមនាគមន៍។
ដែនដីជាយដែនស្រុកទ្រុងខាញ់ (Trung Khanh) (ខេត្តកាវបាំង- Cao Bang) ព្រៃភ្នំស្រស់បំព្រង។ រដូវស្លឹកឈើជ្រុះមកដល់ មាន ន័យថាដល់រដូវច្រូតកាត់ ស្រុកទ្រុងខាញ់ (Trung Khanh) ត្រូវបានដណ្តប់ដោយអាវថ្មីពណ៌លឿង ពត់ពេនតាមដងផ្លូវគមនាគមន៍។
មិនមែនតែប៉ុណ្ណោះ ចាប់ពីយានយន្តបានធ្វើដំណើរទៅកាន់ក្បាលស្រុកទ្រុងខាញ់ (Trung Khanh) ជាទីកន្លែងដែលជាប់ព្រំប្រទល់ជាមួយនឹងស្រុកក្វាងអ្វៀន (Quang Uyen) បានលាតសន្ធឹងនៅចំពោះមុខ គឺបរិកាសដ៏ទាក់ទាញ់ដួងចិត្ត ស្រូវទុំលឿងចម្រុះភ្នំ ភ្នំចម្រុះដងជ្រោះ ជាមួយនឹងដងស្ទឹងតូចឱបក្រសោបភូមិឋានជនជាតិតៃ (Tay) ស្រពិចស្រពិលក្រោយស្បៃសន្សើមព្រឹក។ ស្រូទុំលឿងរត់បណ្តោយតាមដងផ្លូវខេត្តលេខ២១៥ លិចអណ្តែតក្រោមជ្រលងភ្នំ អូសបន្លាយដាច់កន្ទុយភ្នែក។ ស្រៀកៗខ្យល់ពាំក្លិនស្រូវទុំ លាយជាមួយក្លិនក្រអូបចំបើង បង្កើតបានជាក្លិនមួយបែប ដែលមិនអាចពណ៌នាបាន។
ពេលយើងខ្ញុំបោះជំហានទៅដល់មជ្ឈមណ្ឌលស្រុកទ្រុងខាញ់ (Trung Khanh) ក៏បានជួបប្រទះឃើញឡានទេសចរណ៍ប្រដេញគ្នា ពីដងជ្រោះធ្វើដំណើរមកលើ។ ភ្ញៀវទេសចរឡើងគយគន់ទេសភាពស្រូវទុំ អ្នកថតរូបឡើងប្រមាញ់កាលៈទេសៈមាស អ្នកទីក្រុងបរិយាកាសចង្អៀត ឡើងទីនេះស្រស់ស្រូបជំនោរខ្យល់ ក្រេបយកបរិយាកាសល្វឹងល្វើយ ស្អាតរហូតដល់ក្តុកក្តួរឱរ៉ា នៃទឹកដីស្រុកទ្រុងខាញ់ (Trung Khanh)។
រដូវស្រូវទុំទ្រុងខាញ់ (Trung Khanh) ល្បីដល់ថ្នាក់ គ្រាន់តែសរសេរកន្សោមពាក្យនេះនៅលើ google ក៏អាចទទួលបានលទ្ធផលរាប់លាន ដូចនេះយើងខ្ញុំមិនពិបាកកំណត់រកទីតាំងទៅកាន់ “បេះដូង” នៃរដូវស្រូវទុំ នោះគឺឃុំង៉ុកកោន (Ngoc Con) ឃុំផុងណឹម (Phong Nam) និង ឃុំដាមធ្វី (Dam Thuy)។
ទីតាំងឈប់សម្រាកដំបូងរបស់យើងខ្ញុំគឺនៅជ្រោះ បានយ៉ុក (Ban Gioc) ជាជ្រោះអស្ចារ្យមួយក្នុងចំណោមជ្រោះទាំង៧លើពិភពលោក។ ក្រោមជើងជ្រោះ វាលស្រែកាំជណ្តើរស្រូវទុំលឿង ជាស្នាដៃនៃប៉ូស្តិ៍ការពារព្រំដែនដាមធ្វី (Dam Thuy) ដែលកំពុងស្ថិតក្នុងរដូវច្រូតកាត់។ វាលស្រែនេះ ដូចជាផាតពណ៌បន្ថែមលើជ្រោះបានយ៉ុក (Ban Gioc) ដ៏អស្ចារ្យនេះ។
ស្បៃរាត្រីបង្អោនចុះ យើងខ្ញុំត្រឡប់ទៅឃុំផុងណឹម (Phong Nam) និង ង៉ុកកោន (Ngoc Con) បង្ហាញនៅចំពោះមុខគឺបរិយាកាសស្រស់ស្រាយនៃវាលស្រែស្រូវទុំ ហ៊ុំព័ទ្ធដងស្ទឹងក្វីសឺន (Quay Son) រំសាយខ្លួនឆ្ពោះទៅទិសជើងភ្នំ។ រដូវនេះ ភ្ញៀវទេសចររំភើបញាប់ញ័រក្រោមពណ៌លឿងនៃស្រូវទុំ ពណ៌ខៀវនៃដងភ្នំ និង ដងស្ទឹងក្វីសឺន (Quay Son) សម្របខ្លួនរត់កាត់ភូមិស្រុក។ ខណៈពេលស្អាតបំផុតនៃរដូវស្រូវទុំនៅទីនេះ គឺនៅពេលព្រឹកព្រលឹមអរុណជិតរះ (ចាប់ពីប្រហែលម៉ោង៥ព្រឹក) និង ថ្ងៃអស្តង្គត (ចាប់ពីប្រហែលម៉ោង៣រសៀល)។ ខណៈពេលនេះ រស្មីចែងចាំងពាំភាពកក់ក្តៅចុះមកវាលស្រែវាលស្រូវធំល្វឹងល្វើយ បង្កើតបានជាទេសភាពមួយផ្លេកៗប្រកបដោយពណ៌លឿងយ៉ាងវិសេស។
ឃុំផុងណឹម (Phong Nam) និង ឃុំង៉ុកកោន (Ngoc Con) ជាទីកន្លែងរស់នៅនៃជនជាតិតៃ(Tay) ភាគច្រើន។ ពួកគេប្រកបមុខរបរធ្វើស្រែ ព្រមទាំងរក្សាបានផ្នត់រស់នៅបែបប្រពៃណី ដែលបានបន្តមកជាច្រើនជំនាន់។ មកដល់ទីនេះ យើងខ្ញុំជួបប្រទះឃើញផ្ទះតូចដេកបំពួនយ៉ាងសុខសាន្តក្បែរដងភ្នំ វាលស្រែស្រូវទុំ ដែលពោរពេញទៅសម្រស់ស្រស់ស្អាត មានទាំងអ្នកភូមិកំពុងច្រូតកាត់ប្រមូលផលស្រូវទៀតផង។
ទន្ទឹមនឹងពូជស្រូវថ្មី ជនជាតិតៃ (Tay) នៅទីនេះ នៅរក្សាបានពូជស្រូវដំណើបស្រុក ដែលមានរសជាតិទន់ស្វិត ក្លិនក្រអូបពិសេស។ នៅពេលរដូវស្រូវទុំ ទូទាំងជ្រលងភ្នំស្រស់ស្អាត សុទ្ធតែបានដណ្តប់ដោយក្លិនក្រអូបស្រូវ នាំមកជូនអ្នកនូវអារម្មណ៍ស្រស់ស្រាយ ដោយចិត្តគ្មានមន្ទិល។
យើងខ្ញុំធ្វើដំណើរទៅដល់ឃុំង៉ុកកោន (Ngoc Con) ដើម្បីស្វែងយល់អំពីដំណើបអ៊ុង (Ong)ឈ្ងុយឆ្ងាញ់ប្រចាំស្រុក។ របៀបប្រមូលផលស្រូវដំណើបនេះ ក៏មានសភាពក្និកក្នក់ ថ្នមៗ គ្មានទីណាប្រៀបដូចដែរ។
ស្ទឹងក្វីសឺន (Quay Son) ហូរកាត់វាលស្រែស្រូវទុំនៃឃុំង៉ុកកោន (Ngoc Con) នារដូវស្រូវទុំ។ រូបថត៖ ង្វៀនថាំង/កាសែតរូបភាពវៀតណាម
ទៅទស្សនាជ្រលងភ្នំង៉ុកកោន (Ngoc Con) ដេកបំពួនក្បែរដងស្ទឹង ក្វីសឺន (Quay Son) ពិតជាការកង្វះខាតមួយ ប្រសិនបើភ្ញៀវទេសចរមិនបានពិសាបាយដំណើបអ៊ុង (Ong)ពូជស្រូវក្នុងស្រុក។ ស្រូវដំណើបអ៊ុង (Ong) (អ្នកស្រុកហៅថា ខៅផឹង) បានធ្វើនៅលើវាលស្រែដែលមានជីជាតិ ក្បែរស្ទឹងក្វីសឺន (Quay Son) ថ្លាយង់។ ប្រហែលដោយសារដីធ្លី អាកាសធាតុ និង ទឹកស្ទឹងថ្លាត្រជាក់ ដូចនេះស្រូវដំណើបអ៊ុង (Ong) មានកួរស្រូវវែង គ្រាប់មូល អង្ករក្រអូប ទន់ស្វិត មានរសជាតិពិសេស ឈ្ងុយឆ្ញាញ់ជាងប្រភេទដំណើបដទៃ បានទីផ្សារក្នុងស្រុក និង ក្រៅខេត្តពេញនិយម។
ដំណើបអ៊ុង (Ong) ជាផលិតផលពិសេសលើវាលស្រែ នៃភូមិង៉ុកកោន (Ngoc Con) បានអ្នកភូមិចងជាបាច់ធំៗ រែកពីស្រែទៅផ្ទះនារដូវប្រមូលផលស្រូវ។ នេះជាប្រភេទដំណើបគ្រាប់ថ្លា ធំមូល ពេលចម្អិនគ្រាប់បាយស្ងួត និង ទន់ស្វិត ឆ្ងាញ់ជាងបាយដំណើបផ្កាមាសទៀតផង។
បងស្រី ហ្វាង ធីធ្វី (Hoang Thi Thuy) (ឃុំង៉ុកកោន - Ngoc Son) រៀបរាប់ថា៖ “ពូជស្រូវដំណើបអ៊ុង (Ong) បានអ្នកភូមិធ្វើតាំងពីអតីតកាលមកម្លេះ។ នេះជាប្រភេទស្រូវដំណើបឈ្ងុយឆ្ងាញ់ បំផុតគឺពេលដាំបាយដំណើប ធ្វើនំចឹង នំយ៉ី ដោយមានរសជាតិទន់ បានអ្នកប្រើប្រាស់ពេញនិយម។ ហេតុនេះ តម្លៃលក់ចេញទីផ្សារតែងថ្លៃជាងបើប្រៀបនឹងអង្ករដំណើបដទៃ។ មធ្យម អង្ករដំណើរអ៊ុង (Ong) មានតម្លៃពី៧០.០០០ ដល់ ៩០.០០០ដុងក្នុងមួយគីឡូក្រាម”។
ជ្រលងភ្នំង៉ុកកោន (Ngoc Con) ក្បែរស្ទឹងក្វីសឺន (Quay Son) មានទីតាំងជាមជ្ឈមណ្ឌលនៃដំណើរទេសចរណ៍ “ស្វែងយល់វប្បធម៌ភូមិស្រុក នៅស្រុកទេវលោក” ក្នុងដំណើរស្វែងយល់ឧទ្យានភូគ្ភសាស្រ្តមនុស្សជាតិ UNESCO ទឹកដីខេត្តកាវបាំង (Cao Bang)។ ពេលភ្ញៀវទេសចរទស្សនាពេញដួងចិត្តគយគន់ទេសភាពព្រៃភ្នំមហស្ចារ្យ គ្មានអ្វីប្រៀបផ្ទឹមបានជាមួយនឹងពេលដែលពិសាបាយដំណើបអ៊ុង (Ong) ដ៏ឈ្ងុយឆ្ងាញ់ប្លែកនេះឡើយ។
រដូវស្រូវទុំនៅស្រុកទ្រុងខាញ់ (Trung Khanh) កំពុងជាទីតាំងក្រហមប្រចាំខេត្តកាវបាំង (Cao Bang) ត្រូវជំរុញទេសចរណ៍នៅក្នុងឆ្នាំ២០២៤។ លោកស្រី ដ័ន ធីឡេអាន (Doan Thi Le An) នាយករងនៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តកាវបាំង (Cao Bang) រៀបរាប់ថា ដើម្បីអនុវត្តជាក់ស្តែងគោលដៅទទួលភ្ញៀវទេសចរចំនួន ២.២លានលើកនាក់នៅក្នុងឆ្នាំនេះ ខេត្តកាវបាំង (Cao Bang) នឹងបន្តទាក់ទាញវិនិយោគិនយុទ្ធសាស្រ្ត កសាងហេដ្ឋារចនាសម្ពន្ធតាមទិសដៅសមកាល ពហុមុខងារ នៅកេរដំណែលជាតិពិសេសទាំង៣ រម្មណីយដ្ឋានជាតិ និង តំបន់ឧទ្យានភូគ្ភសាស្រ្តមនុស្សជាតិ UNESCO ទឹកដីខេត្តកាវបាំង (Cao Bang) ផ្សារភ្ជាប់នឹងវប្បធម៌ជនជាតិ ក្នុងនោះ រដូវស្រូវទុំជារូបភាពទេសចរណ៍ពិសេសមួយបែប៕
- អត្ថបទ៖ ថុងថៀន
- រូបថត៖ ង្វៀនថាំង ហ្វាងហា ថុងថៀន
- បច្ចេកទេស៖ ក្រាហ្វិក ហឿងថាវ
- ប្រែសម្រូល៖ រីកើង