រដូវផ្កាបាក់វីត (Buckwheat) នៅខ្ពង់រាបថ្ម

នៅចំកណ្តាលជួរភ្នំថ្មពណ៌ប្រផេះ ជ្រលងភ្នំ និងជម្រាលភ្នំនៃតំបន់ខ្ពង់រាបថ្មដុងវ៉ាន់  (Dong Van) (ខេត្តទ្វៀនក្វាង(Tuyen Quang)) ត្រូវបានតុបតែងលម្អ ដោយពណ៌ស ពណ៌ផ្កាឈូកស្លេក និងពណ៌ផ្កាឈូកស្វាយនៃផ្កា បាក់វីត (Buckwheat) ។ រដូវផ្កា មិនត្រឹមតែបង្កើតទេសភាពប្លែក នៃប៉ូលខាងជើងប៉ុណ្ណោះ ប៉ុន្តែក៏បើកដំណើរនៃការស្វែងយល់អំពីធម្មជាតិ វប្បធម៌ និងជីវិតរបស់សហគមន៍ជនជាតិក្នុងតំបន់នេះផងដែរ។

ពីផ្លូវបែកជាបី ផូកៅ (Pho Cao) ផ្លូវដែលនាំទៅដល់ខ្ពង់រាបថ្មលាតត្រដាងនៅចំពោះភ្ញៀវទេសចរ នូវជួរភ្នំ ផ្ទះប្រពៃណី ដែលស្ថិតនៅលើជម្រាលភ្នំ និងរបងថ្ម បាន​តម្រៀបលើគ្នាដោយដៃ ដែល​ឆ្លងកាត់ជំនាន់ជាច្រើន​។ នៅចំកណ្តាលទេសភាព ដែលហាក់ដូចជាគ្របដណ្ដប់ដោយពណ៌ប្រផេះនៃថ្ម វាលផ្កាបាក់វីតលេចឡើងនាំមកនូវពណ៌ទន់ភ្លន់ជូនទឹកដីដែលត្រូវបានគេស្គាល់ ដោយភូមិសាស្ត្រលំបាកនេះ។

ជាធម្មតា ផ្កាបាក់វីត រីកពីដើមខែតុលា ដល់ខែធ្នូជារៀងរាល់ឆ្នាំ។ ពេលផ្កាទើបរីក ត្របកផ្កាតូចៗមានពណ៌ស ឬពណ៌ផ្កាឈូកស្លេក បន្ទាប់មកប្រែទៅជាពណ៌ផ្កាឈូកចាស់​ និងពណ៌ផ្កាឈូកស្វាយជាបណ្តើរៗ នៅដំណាក់កាលរីកស្គុះ។

ចាកចេញពីជ្រលង ផូកៅ (Pho Cao) ដំណើរបន្តទៅកាន់ឃុំ ផបាង (Pho Bang) ជាកន្លែងមួយដែលនៅតែរក្សាបានផ្ទះបុរាណ ដោយជញ្ជាំងដី ទ្វារឈើ និងច្រកផ្លូវតូចៗ បញ្ចេញបរិយាកាសស្ងប់ស្ងាត់។ ការរួមផ្សំគ្នារវាងស្ថាបត្យកម្មចាស់ៗ និងទេសភាពនៃរដូវផ្ការីក ផ្តល់ឱ្យភ្ញៀវទេសចរមានទស្សនៈថ្មីអំពីតំបន់ខ្ពង់រាប ដែលមិនមែនគ្រាន់តែជាភ្នំថ្ម និងផ្លូវភ្នំកោង​បត់បែននោះឡើយ។

នៅក្នុងជ្រលងភ្នំ ស៊ុងឡា (Sung La) ភូមិទេសចរណ៍វប្បធម៌ លូងកឹម (Lung Cam) គឺជាគោលដៅមួយ ក្នុងចំណោមគោលដៅ ដែលភ្ញៀវទេសចរជាច្រើននាក់ បានមក​និងទស្សនា។ ទីនេះល្បីល្បាញដោយសារផ្ទះដីបែបប្រពៃណី ក្នុងនោះមានផ្ទះមួយខ្នង ដែលត្រូវបានជ្រើសរើសជាទីតាំងសម្រាប់ការថតខ្សែភាពយន្ត "រឿងរបស់ប៉ាវ (Pao)"។ ចម្ការផ្កាតាមបណ្តោយច្រកចូលភូមិ និងជុំវិញតំបន់លំនៅដ្ឋាន បង្កើតទេសភាពពិសេស ក្នុងរៀងរាល់ចុងរដូវស្លឹកឈើជ្រុះ និងដើមរដូវរងា។ ភ្ញៀវទេសចរមកទីនេះ មិនត្រឹមតែថតរូបជាមួយផ្កាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្វែងយល់នូវស្ថាបត្យកម្ម ទំនៀមទម្លាប់ និងជីវិតប្រចាំថ្ងៃរបស់ជនជាតិម៉ុង (Mong) ផងដែរ។

វាលផ្កាបាក់វីតមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានភាពជិតស្និទ្ធទៅនឹងជីវិតកសិកម្មរបស់ប្រជាជនរស់នៅខ្ពង់រាបផង។ គ្រាប់ពូជ ត្រូវបានសាបព្រោះ នៅលើវាលស្រែជណ្ដើរ បន្ទាប់ពីប្រមូលផល ដែលរួមចំណែកផ្គត់ផ្គង់អាហារ និងផលិតផលពិសេសក្នុងស្រុក។ គ្រាប់បាក់វីត អាចត្រូវបានប្រើ ដើម្បីធ្វើម្ហូប ដូចជា នំ និងម្សៅ ផលិតផល​មួយចំនួន ដែលបានក្លាយជាមុខម្ហូបពិសេស និងត្រូវបានណែនាំដល់ភ្ញៀវទេសចរផងដែរ។

នៅ ភូមិ ឡាវសា (Lao Xa) ភ្ញៀវទេសចរ អាចទទួលនូវសម្រស់នៃរដូវផ្ការីក នៅក្នុងភូមិរបស់ជនជាតិម៉ុង (Mong) ជាកន្លែង ដែលផ្ទះបុរាណ និងសិប្បកម្មទងប្រាក់ប្រពៃណី នៅតែជាលក្ខណៈវប្បធម៌ពិសេសគួរឱ្យចាប់អារម្មណ៍​។

ដំណើរកានតែជ្រៅចូលទៅក្នុងភូមិ លុងតាវ (Lung Tao) និងតំបន់ លុងគូ (Lung Cu) ទេសភាពនៃខ្ពង់រាបថ្ម កាន់តែបើកទូលាយជាមួយនឹងជម្រាលភ្នំជាបន្តបន្ទាប់ ភូមិភាគមនុស្សម្នារស់នៅរាយប៉ាយក្នុងភូមិសាស្ត្រថ្ម។ វាលផ្កាបាក់វីត មានទីតាំងយុទ្ធសាស្ត្រនៅក្នុងតំបន់ដែលមានគុណសម្បត្តិទេសភាព តភ្ជាប់ទៅកាន់គោលដៅ ដូចជា បង្គោលទង់ជាតិ លុងគូ (Lung Cu) និងភូមិទេសចរណ៍វប្បធម៌ ឡូឡូចាយ (Lo Lo Chai)។ នេះក៏ជាឱកាសសម្រាប់ភ្ញៀវទេសចរស្វែងយល់ពីជីវិតវប្បធម៌ របស់សហគមន៍ជនជាតិ ឡូឡូ (Lo Lo) និងស្ថាបត្យកម្មពិសេស និងជីវិតប្រចាំថ្ងៃរបស់ភូមិនានានៅប៉ូលខាងជើងនៃមាតុភូមិ។

នៅឆ្នាំ២០២៦ ខេត្ត ទ្វៀនក្វាង​ (Tuyen Quang) អនុវត្តការដាំផ្កាបាក់វីត លើផ្ទៃដីមានទំហំប្រហែល ៤០០ ហិកតា នៅក្នុងឃុំនានា នៃតំបន់ខ្ពង់រាប ថ្ម ដុងវ៉ាន់​ (Dong Van)។ ការដាំដុះ ត្រូវបានបែងចែកជាបីដំណាក់កាល ដើម្បីឱ្យផ្ការីកចាប់ពីខែតុលាដល់ចុងខែធ្នូ ដោយផ្តោតលើពេលវេលា ដែលរៀបចំពិធីបុណ្យ។ វាលផ្កាត្រូវបានរៀបចំ តាមបណ្តោយផ្លូវទេសចរណ៍ និងនៅទីតាំងមាន​ទេសភាពស្រស់ស្អាត ជួយសម្រួលដល់ភ្ញៀវទេសចរក្នុងការទស្សនា និងឆ្លងកាត់បទពិសោធន៍​។ ពិធីបុណ្យផ្កាបាក់វីតលើកទី១២ របស់ខេត្ត ទ្វៀនក្វាង (Tuyen Quang) ក្នុងឆ្នាំ២០២៦ ដែលមានប្រធានបទ "សូរខ្ទ័រតំបន់ថ្ម"  បន្តជាសកម្មភាពណែនាំរូបភាពនៃទឹកដី និងប្រជាជននៃតំបន់នេះ។

នៅពេលដែលផ្កាលាយឡំជាមួយទេសភាព និងវប្បធម៌ក្នុងស្រុក ដំណើរទៅកាន់ខ្ពង់រាបថ្ម ដុងវ៉ាន់ (
Dong Van) ក្លាយជាបទពិសោធន៍មួយកាន់តែស៊ីជម្រៅអំពីទឹកដី ដែលសម្បូរទៅដោយអត្តសញ្ញាណ នៃខេត្ត ទ្វៀន​ក្វាង (Tuyen Quang)៕



top