ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

រក្សាដួងព្រលឹង​វប្បធម៌ ពូនជ្រំសាមគ្គី​ភាពជាធ្លុងមួយក្នុងសហគមន៍

ក្នុងបរិយាកាសដ៏អឺងកងនៃរដូវប្រមូលផល ឃុំ កៅសឺន ខេត្ត ភូ ថ ទើបតែប្រារព្ធទិវាបុណ្យអំណរស្រូវថ្មីយ៉ាង​ឱឡារិក នេះជាពេលវេលាប្រជុំជីវភាពវប្បធម៌ប្រពៃណីមួយពោរពេញដោយអត្តសញ្ញាណរបស់បងប្អូនជនជាតិ តៃ ឃុំ កៅសឺន។

 

ទិវាបុណ្យនេះមិនត្រឹមតែជាឱកាសសម្រាប់បង្ហាញពីការដឹងគុណចំពោះធម្មជាតិ និងបុព្វការីជនបានទ្រទ្រង់ថែ​រក្សា ផ្តល់អាកាសធាតុ និងរដូវកាលអំណោយផលប៉ុននោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណី ពង្រឹងសាមគ្គីភាពបណ្តាជនជាតិនៅក្នុងមូលដ្ឋានទៀតផង។
vh-1.jpg
បរិយាកាសប្រជាជនឃុំ កៅសឺន ដណ្តាំបាយអង្ករស្រូវថ្មីក្នុងទិវាបុណ្យ។

បច្ចុប្បន្ន ឃុំ កៅសឺន មានផ្ទៃដីធម្មជាតិជាង ១២៤ គីឡូម៉ែត្រការ៉េ ដោយមានប្រជាជនជិត ៩.០០០ នាក់ មានភូមិចំនួន ១៧ និងក្រុមជនជាតិចំនួន ៥ ក្រុមរស់នៅជាមួយគ្នា ភាគច្រើនជាបងប្អូនជនជាតិ តៃ។

vh-3.jpg
ពិធីអំណរស្រូវថ្មីបង្ហាញពីសីលធម៌ផឹកទឹកនឹកប្រភពរបស់បងប្អូនជនជាតិទាំងឡាយនៅឃុំ កៅសឺន ខេត្ត ភូ-ថ។

ក្នុងផ្ទាំងគំនូរវប្បធម៌ចម្រុះនៃបណ្តាជនជាតិនៅឃុំ កៅសឺន វប្បធម៌របស់ជនជាតិ តៃ លេចធ្លោជាមួយនឹងខឿន​អរិយធម៌ធ្វើស្រែចម្ការយូរលង់មកហើយ ផ្ទះឈើទល់រតប្រពៃណី ​ទម្រង់បេតិកភណ្ឌវប្បធម៌ពិសេសៗ ដូចជា៖ ច្រៀងចម្រៀង ថែន លេងចាប៉ី ទិញ របរត្បាញសំពត់សង្កិម ពិធី​កសិកម្មប្រពៃណីផ្សេងៗ។ ក្នុងចំណោមពិធី​ទាំងនេះ ពិធីអំណរស្រូវថ្មីត្រូវបានចាត់ទុកថាជាពិធីដ៏សំខាន់មួយ ពាំនាំអត្ថន័យមនុស្សសាស្រ្តយ៉ាងជ្រាលជ្រៅ ត្រូវបានបងប្អូនជនជាតិ តៃ ថែរក្សាអស់ជាច្រើនជំនាន់មកហើយ។

vh-5.jpg
គ្រឿងដង្វាយសម្រាប់បូជាក្នុងពិធីអំណរស្រូវថ្មី។

ថ្លែងសុន្ទរកថាក្នុងពិធីបុណ្យនេះ លោកស្រី ប៊ូយ ធី ហ្វាប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនឃុំ កៅសឺន បញ្ជាក់ថា "ការរៀបចំទិវាបុណ្យអំណរស្រូវថ្មីមិនត្រឹមតែបង្ហាញពីការដឹងគុណចំពោះធម្មជាតិ និងបុព្វការីជន​ប៉ុននោះទេ ថែមទាំងជាការទទួលខុសត្រូវរបស់អាជ្ញាធរ និងប្រជាជនក្នុងការអភិរក្ស ពង្រីកបេតិកភណ្ឌវប្បធម៌​អរូបីរបស់ជនជាតិ តៃ។ តាមរយៈទិវាបុណ្យនេះ យើងខ្ញុំសង្ឃឹមថានឹងពង្រឹងសាមគ្គីភាពសហគមន៍ ព្រមទាំងតភ្ជាប់​បន្តិចម្តងៗ ការអភិរក្សវប្បធម៌ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពក្នុងមូលដ្ឋាន"។

vh-2.jpg
ស្តង់លក់កសិផលក្នុងបរិវេណទិវាបុណ្យអំណរស្រូវថ្មី។
vh-4.jpg
សកម្មភាពផ្សេងៗ ក្នុងលម្ហទិវាបុណ្យអំណរស្រូវថ្មី។

ទិវាបុណ្យអំណរស្រូវថ្មីឃុំ កៅសឺន បានបញ្ចប់ដោយបរិយាកាសរីករាយ និងកក់ក្តៅ។ នេះមិនត្រឹមតែជាឱកាស​សម្រាប់ប្រជាជន និងអាជ្ញាធរមូលដ្ឋានសម្លឹងមកវិញរដូវប្រមូលផលដ៏បរិបូណ៌ប៉ុននោះទេ ថែមទាំងជាសក្ខីកម្ម​ដ៏រស់រវើកចំពោះការប្រឹងប្រែងរក្សាអត្តសញ្ញាណវប្បធម៌ ប្រពៃណី បង្កើតមូលដ្ឋានគ្រឹះសម្រាប់ឃុំ កៅសឺន អភិវឌ្ឍទេសចរណ៍សហគមន៍ ឆ្ពោះទៅអនាគតប្រកបដោយចីរភាព និងដិតដោយអត្តសញ្ញាណជាតិ៕


top