បន្ទាប់ពីធ្វើការ និងរៀនសូត្រដ៏តានតឹងក្នុងមួយសប្តាហ៍ ជំនួសឱ្យការធ្វើដំណើរទេសចរណ៍ ឬទៅសួនកម្សាន្ត អង្គុយហាងកាហ្វេ ឬទៅមើលកុន យុវជនជាច្រើននាក់នៅទីក្រុងសាយហ្គន (Sai Gon) ...
បន្ទាប់ពីធ្វើការ និងរៀនសូត្រដ៏តានតឹងក្នុងមួយសប្តាហ៍ ជំនួសឱ្យការធ្វើដំណើរទេសចរណ៍ ឬទៅសួនកម្សាន្ត អង្គុយហាងកាហ្វេ ឬទៅមើលកុន យុវជនជាច្រើននាក់នៅទីក្រុងសាយហ្គន (Sai Gon) បានជួបជុំគ្នា និងទៅហាងធ្វើគ្រឿងស្មូន ដើម្បីទទួលបទពិសោធន៍ពីការស្មូន និងធ្វើគ្រឿងស្មូនដោយដៃ។
ចលនាធ្វើគ្រឿងស្មូនកំពុងបានយុវជនសាយហ្គន (Sai Gon) ជាច្រើននាក់ពេញនិយម។
នៅក្នុងបន្ទប់ យុវជនជាច្រើននាក់អង្គុយជុំវិញតុឈើ ជ្រើសរើសគំរូដែលពួកគេចូលចិត្ត ចាប់ផ្តើមច្របាច់ ច្របល់ដី រហូតដល់ពេលណាដែលដីរលោង ទន់ ហើយបង្កើតរូបរាងបាន។ បន្ទាប់មកបង្កើតរូបរាងរួច យុវជនប្រើជក់ ដើម្បីគូរក្បាច់រចនាលើគ្រឿងស្មូន ដែលមិនទាន់បានដុត។ បន្ទាប់មក បុគ្គលិកនៃហាងធ្វើគ្រឿងស្មូនបានប្រមូលផលិតផលទាំងនោះទៅបាញ់កាចា ដំណាក់កាលចុងក្រោយគឺត្រូវដាក់ក្នុងឡ ហើយរង់ចាំ ១៥ ថ្ងៃ យុវជនវិលមកទទួលផលិតផល ដែលធ្វើដោយដៃផ្ទាល់របស់ពួកគេ។
យុវនារី ហ័ងអៀន (Hoang Yen) និស្សិតនៃសាកលវិទ្យាល័យមួយបានចែករំលែកថា៖ “បន្ទាប់ពីយកចិត្តទុកដាក់លើការសរសេរសារណាបញ្ចប់ការសិក្សា ខ្ញុំចង់សម្រាក ដូច្នេះខ្ញុំបានបបួលមិត្តភ័ក្តិមកហាងនេះ ដើម្បីទទួលបទពិសោធន៍ពីការធ្វើគ្រឿងស្មូន អង្គុយជាមួយមិត្តភ័ក្តិជុំវិញតុមូល យើងមានអារម្មណ៍ផាសុកភាព រីករាយ និងមានពេលវេលានិយាយជាមួយគ្នា”...
ដីឥដ្ឋជាវត្ថុធាតុដើមសម្រាប់ធ្វើគ្រឿងស្មូន កិនដីឥដ្ឋ ដើម្បីគិតពីកម្រាស់ ស្ដើងរបស់បាតនៃគ្រឿងស្មូន
លោក ឡេហ័ងមីញ (Le Hoang Minh) ស្ថាបនិកម្នាក់នៃមជ្ឈមណ្ឌលគ្រឿងស្មូនសាយហ្គន (Sai Gon) បាននិយាយថា “ដោយមានចំណង់ចំណូលចិត្តចំពោះការធ្វើគ្រឿងស្មូន គាត់បានសម្រេចចិត្ត ផ្តើមធុរកិច្ចថ្មីអំពីគំរូទទួលពិសោធន៍ការធ្វើគ្រឿងស្មូន ដោយដៃ ហើយនាំយកគ្រឿងស្មូន ខិតជិតជាមួយយុវជន។ យុវជនជាច្រើននាក់បានចាប់ផ្តើមស្វែងយល់បន្ថែមអំពីគ្រឿងស្មូន និងចូលរួមក្នុងវគ្គធ្វើគ្រឿងស្មូន ដែលអនុញ្ញាតឱ្យគេច្នៃប្រឌិតដោយសេរី តាមចំណូលចំណង់ចិត្តរបស់គេ ក្នុងខណៈបន្ទាប់ពីថ្ងៃធ្វើការដ៏នឿយហត់។ នៅកណ្តាលទីក្រុងដ៏មមាញឹកដូចជាទីក្រុង សាយហ្គន (Sai Gon) មនុស្សដែលចូលចិត្តការធ្វើគ្រឿងស្មូននេះអាចស្វែងរកកន្លែងស្ងប់ស្ងាត់ ដើម្បីច្នៃប្រឌិត ហើយរីករាយនឹងចំណង់ចំណូលចិត្តរបស់ពួកគេប្រកបដោយភាពត្រឹមត្រូវ។ លក្ខណៈសិល្បៈរបស់បុគ្គលសាមញ្ញហាក់ដូចជាកំពុងវិលទៅរកភាពច្នៃប្រឌិតសាមញ្ញរបស់ពួកគេវិញ”។
គ្រឿងស្មូនមួយចំនួនអាចដុតដោយពន្លឺព្រះអាទិត្យ
ការធ្វើគ្រឿងស្មូនដោយដៃគឺជាឱកាសមួយ ដើម្បីបំពេញភាពច្នៃប្រឌិត ទាមទារការផ្តោតអារម្មណ៍ខ្ពស់ ដូច្នេះហើយទើបជួយយុវជនឱ្យរួចផុតពីគំនិត និងកង្វល់ក្នុងជីវភាពប្រចាំថ្ងៃ និងកាត់បន្ថយភាពតានតឹង។ ទោះបីប្រហែលជាជាគ្រឿងស្មូនប្រហែលជាមិនស្រស់ស្អាត មិនល្អឥតខ្ចោះ មាន "វៀចវាង" បន្តិចបន្តួច ឬនៅតែមានលក្ខណៈគគ្រាតគគ្រើមខ្លះៗក៏ដោយ។ ប៉ន្តែគ្រឿងស្មូនទាំងនោះបានផ្ទុកភាពល្អិតល្អន់ ភាពអត់ធ្មត់ និងមានលក្ខណៈបុគ្គល./.
គ្រឿងស្មូនមួយចំនួនដែលធ្វើដោយដៃរបស់យុវជននៅទីក្រុង សាយហ្គន (Sai Gon)៖
អត្ថបទ និងរូបថត៖ ថុងហាយ ប្រែសម្រួលដោយង្វៀនយ៉ាង