ទេសចរណ៍

មួយថ្ងៃនៅសួនសត្វ Zoodoo៖ បទពិសោធន៍ដែលមិនអាចបំភ្លេចបាននៅ Da Lat

នៅកណ្តាលព្រៃភ្នំបៃតង Lam Dong មានកន្លែងមួយដែលមិនត្រឹមតែទាក់ទាញកុមារប៉ុណ្ណោះទេ ថែមទាំងទាក់ទាញមនុស្សពេញវ័យទៀតផង នោះគឺ សួនសត្វ Zoodoo Da Lat។ 

នៅ Zoodoo ភ្ញៀវទេសចរមិនត្រឹមតែបានទស្សនាពីចម្ងាយប៉ុណ្ណោះទេ។ សត្វកង់ហ្គូរូ អូដ្ឋ សេះតឿ Shetland ឬហ្វូងសត្វចៀមដ៏ស្លូតបូត សត្វឆ្មាដ៏គួរឱ្យស្រឡាញ់ និងសត្វ កាពីបារ៉ា (Capibara) ដែលជា "និមិត្តរូប" របស់កុមារវៀតណាម សុទ្ធតែអាចចូលមកជិត បបោសអង្អែល និងឲ្យស៊ីចំណី។ បទពិសោធន៍នេះធ្វើឲ្យកុមារជាច្រើនរំភើបចិត្តជាខ្លាំង។ កុមារី Bao Thi អាយុ ៥ ឆ្នាំ បានចែករំលែកដោយក្ដីរីករាយថា៖

នៅទីនេះ ខ្ញុំចូលចិត្តសត្វកណ្តុរ hamster និងសត្វទន្សាយបំផុត ព្រោះវាគួរឲ្យស្រឡាញ់ ហើយសត្វ កាពីបារ៉ា ទៀតផង ព្រោះវាជា រដ្ឋមន្ត្រីការបរទេស

(រូបថត៖ Zoodoo Da Lat)

 

មិនត្រឹមតែកុមារប៉ុណ្ណោះទេ មនុស្សពេញវ័យក៏អាចរកឃើញពេលវេលាសម្រាកលំហែកាយ និងអារម្មណ៍ស្រស់ស្រាយនៅទីនេះដែរ។ នៅក្នុងបរិវេណ ១៦ ហិកតា សួនសត្វ Zoodoo ត្រូវបានរៀបចំជាតំបន់ដាច់ដោយឡែកពីគ្នា ដែលនាំមកនូវអារម្មណ៍ស្និទ្ធស្នាល និងសុវត្ថិភាព។

អ្នកស្រី Hong Nhung ភ្ញៀវទេសចរមកពីទីក្រុងហាណូយបាននិយាយថា៖ "ខ្ញុំគិតថា Zoodoo ពិតជាសមស្របសម្រាប់ដំណើរកំសាន្តគ្រួសារ។ កុមារអាចរៀនពីការស្រឡាញ់ធម្មជាតិ ហើយមនុស្សពេញវ័យដូចពួកយើង អាចទស្សនានិងថតរូបបានយ៉ាងស្រួល។ ចំណុចពិសេសបន្ថែមមួយទៀតគឺ ខ្យល់អាកាសបរិសុទ្ធ ដែលផ្ទុយទៅនឹងទីក្រុងដ៏អ៊ូអរ"។

ដោយមានចម្ងាយត្រឹមតែ ៣០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុង Da Lat ប៉ុណ្ណោះ Zoodoo គឺជាដំណើរកំសាន្តដ៏ខ្លី ប៉ុន្តែពោរពេញទៅដោយបទពិសោធន៍។ ភ្ញៀវអាចទស្សនាសួនសត្វ ស្ដាប់អំពីប្រវត្តិនិងទម្លាប់រស់នៅរបស់សត្វជាច្រើនប្រភេទនៅទីនេះ ទាំងនេះធ្វើឲ្យភ្ញៀវទេសចរទទួលបានការយល់ដឹងកាន់តែច្រើនអំពីពិភពធម្មជាតិ។

សត្វ កាពីបារ៉ា (Capibara) ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីកុមារ។ (រូបថត៖ Zoodoo Da Lat)

សត្វកង់ហ្គូរូនេះចិញ្ចឹមកូន ដោយទុកដាក់កូនក្នុងថង់របស់វា។ ម្យ៉ាងទៀតពេលវាសំរាលកូន កូនតូចខ្លាំងណាស់ ព្រោះវាពពោះបានតែ ៣០ ថ្ងៃប៉ុណ្ណោះ។ ពេលកើតមក កូនសត្វមានទំហំ ២ ម្រាមដៃមនុស្សប៉ុណ្ណោះ។ ទោះបីជាវាតូចក៏ដោយ ប៉ុន្តែពេលដែលវាកើតមក សត្វកង់ហ្គូរូនឹងមានសភាវគតិ វារ ពីបាតចូលក្នុងថង់របស់មេវា ដើម្បីរស់នៅក្នុងនោះរយៈពេលពី ៦ ខែដល់ ១ឆ្នាំ

 

ទោះបីជាសត្វជាង ៤០ ប្រភេទនៅសួនសត្វ Zoodoo Da Lat សុទ្ធតែជាសត្វដ៏ស្និទ្ធស្នាលនិងងាយស្រួលមកជិតក៏ដោយ ប៉ុន្តែពួកវា ក៏ជាសត្វព្រៃ ដូច្នេះហើយការធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរក៏ជាអាទិភាពចម្បងផងដែរ។ លោក Tien Huy មគ្គុទ្ទេសក៍ទេសចរណ៍នៅសួនសត្វ Zoodoo បានឲ្យដឹងថា៖

"រាល់ដំណើរកម្សាន្តនីមួយៗនឹងមានមគ្គុទ្ទេសក៍ទេសចរណ៍ ហើយតំបន់នីមួយៗ ក៏មានបុគ្គលិកជួយសម្របសម្រួលដែរ។ ក្នុងករណីមានភ្ញៀវ ឬកុមារច្រើនពេក បុគ្គលិកទាំងនេះនឹងដើរតាម ជួយសង្កេត។ ជាពិសេស ចំពោះសត្វនៅ Zoodoo ដែលអាចលេងជាមួយកុមារ ពួកវាភាគច្រើនបានទទួលការបណ្តុះបណ្តាលមួយរយៈហើយ"។

 

សត្វជាង ៤០ ប្រភេទនៅសួនសត្វ Zoodoo Da Lat សុទ្ធតែមានភាពស្និទ្ធស្នាល និងអាចទៅជិតបាន។ (រូបថត៖ Zoodoo Da Lat)

ភាពចម្រុះនៃបទពិសោធន៍ បានប្រែក្លាយ Zoodoo ទៅជាគោលដៅកម្សាន្តដ៏ពេញនិយម។ ក្រុមភ្ញៀវជាច្រើនពីខេត្តក្រុងនានា មកទីនេះ ជាមួយនឹងការចង់ដឹងចង់ឃើញ និងភាពអន្ទះសារ។ Zoodoo មិនមែនគ្រាន់តែជាសួនសត្វធម្មតានោះទេ  ប៉ុន្តែទីនេះក៏ជាកន្លែងបំផុសការស្រឡាញ់ធម្មជាតិ បង្រៀនកុមារឱ្យចេះគោរពពិភពនៅជុំវិញខ្លួន។ ហើយសម្រាប់គ្រួសារជាច្រើន ដំណើរកម្សាន្តនេះក៏ជាឱកាសដើម្បីឲ្យមនោសញ្ចេតនាគ្រួសារកាន់តែស្អិតរមួត។

ចាកចេញពី Zoodoo ភ្ញៀវទេសចរនាំយកទៅតាមរូបថតស្អាតៗ និងអនុស្សាវរីយ៍សប្បាយរីករាយ។ ប៉ុន្តែអ្វីដែលមានតម្លៃជាងនេះទៅទៀត គឺអារម្មណ៍សុខសាន្តនៅពេលបានសម្របខ្លួនទៅក្នុងធម្មជាតិ។ នៅ Da Lat (Lam Dong) នៅកណ្ដាលព្រៃភ្នំគ្របដណ្ដប់ដោយអ័ព្ទ សួនសត្វ Zoodoo បានក្លាយជាចំណុចលេចធ្លោមួយ ដែលជាគោលដៅដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ដំណើររុករកទីក្រុងនៃផ្ការាប់ពាន់ប្រភេទ៕


top