ព័ត៌មាន

មតិអន្តរជាតិ៖ វៀតណាម​អះអាងពី​ឋានៈរបស់ខ្លួនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក

នៅពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី ២ ខែកក្កដា (ម៉ោងនៅសហរដ្ឋអាមេរិក) បានប្រកាសនៅលើបណ្តាញសង្គម Truth Social អំពីការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយវៀតណាម ទីភ្នាក់ងារសារព័ត៌មានធំៗជាច្រើនក្នុងពិភពលោកបានរាយការណ៍ក្នុងពេលដំណាលគ្នា ដោយសង្កត់ធ្ងន់លើព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មានសំខាន់ៗ ដូចជា៖ Reuters, Financial Times, Bloomberg, Nikkei... បានធ្វើបច្ចុប្បន្នភាពព័ត៌មានក្នុងពេលដំណាលគ្នាថា សហរដ្ឋអាមេរិក និងវៀតណាមបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ដោតជិះ ឥទ្ធិពលយ៉ាងសំខាន់លើខឿនសេដ្ឋកិច្ចទាំងពីរ ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ កាសែត Financial Times បានសរសេរថា វៀតណាមជា "ប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលទើបតែឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក" ឆ្លុះបញ្ចាំងពីឋានៈរបស់វៀតណាមនៅលើផែនទីពាណិជ្ជកម្មពិភពលោក ក្នុងបរិបទដែលដៃគូពាណិជ្ជកម្មរបស់អាមេរិកជាច្រើនកំពុងរត់ប្រណាំងគ្នាដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។

កុងតឺន័រមួយត្រូវបានផ្ទុកឡើងលើកប៉ាល់ដឹកទំនិញនៅកំពង់ផែ Hai Phong ទីក្រុង Hai Phong ប្រទេសវៀតណាម ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Athit Perawongmetha

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនកំពុងយកចិត្តទុកដាក់ជាពិសេសចំពោះផលប៉ះពាល់នៃកិច្ចព្រមព្រៀងដែលសម្រេចបានរវាងសហរដ្ឋអាមេរិក និងវៀតណាមលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងប្រតិកម្មរបស់ទីផ្សារ។ ទូរទស្សន៍ CNN បានវាយតម្លៃ ថា "ទីផ្សារមានប្រតិកម្មជាវិជ្ជមានចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-វៀតណាម" ដោយដកស្រង់ព័ត៌មានថា ភាគហ៊ុនរបស់ក្រុមហ៊ុនធំៗដែលពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសវៀតណាម ដូចជា Nike, Lululemon និង Columbia Sportswear សុទ្ធតែកើនឡើង បន្ទាប់ពីប្រធានាធិបតី Trump បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយវៀតណាម។ គេហទំព័រ CNBC ក៏បានធ្វើបច្ចុប្បន្នភាពយ៉ាងឆាប់រហ័សនូវប្រតិកម្មរបស់ផ្សារហ៊ុនអាមេរិកផងដែរ។ សន្ទស្សន៍ S&P 500 បានកើនឡើង ០,៣% ខណៈដែល Nasdaq Composite កើនឡើង ០,៧% ។ សន្ទស្សន៍ Dow Jones Industrial Average (DJIA) បានកើន ៤៨ ពិន្ទុ ស្មើរនឹង ០,១% ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Nike ក៏បានកើនឡើង ៣% បន្ទាប់ពីសេចក្តីប្រកាសរបស់លោកប្រធានាធិបតី Trump ៕


top