ទន្លេធូបូន(Thu Bồn) តែងតែនាំយកដីល្បាប់មកទម្លាក់ ប៉ុន្តែក៏តែងតែកក្រើកក្រោធខឹងម្តងៗ មានលំហសិល្បៈដ៏ចម្លែកមួយ ទីដែលកំណាត់ឈើពុកផុយ និងដើមឈើបាក់បែក បន្ទាប់ពីរដូវវស្សាភ្លៀងធ្លាក់។
ស្ថិតនៅក្បែរបេតិកភណ្ឌពិភពលោកទីក្រុងបុរាណហូយអាន ជាកន្លែងដែលទន្លេធូបូន(Thu Bồn) តែងតែនាំយកដីល្បាប់មកទម្លាក់ ប៉ុន្តែក៏តែងតែកក្រើកក្រោធខឹងម្តងៗ មានលំហសិល្បៈដ៏ចម្លែកមួយ ទីដែលកំណាត់ឈើពុកផុយ និងដើមឈើបាក់បែក បន្ទាប់ពីរដូវវស្សាភ្លៀងធ្លាក់ បានធ្វើឱ្យរស់ឡើងវិញ ដើម្បីកុំឱ្យបំភ្លេចចោល ឬរលួយកប់នៅក្នុងភក់។ នោះគឺ ភូមិគុយលូ (អុសទឹកជំនន់) –ជាគម្រោង “សិល្បៈ - សង្គម” ពោរពេញទៅដោយមនុស្សធម៌ ទីដែលក្តីស្លាប់នៃពន្លកពណ៌បៃតង ត្រូវបាន “កកើតជាថ្មី” ទៅជាស្នាដៃសិល្បៈ មានព្រលឹង។
ការរៀបចំយ៉ាងប៉ិនប្រសប់បង្កើតបានជាភាពផ្ទុយគ្នា គួរឱ្យចាប់អារម្មណ៍នៃបណ្តុំរូបចម្លាក់មនុស្សជាមួយនឹងសណ្ឋានរូបរាងពោរពេញដោយមនោសញ្ចេតនាក្នុងលំហសិល្បៈនៃភូមិគុយលូ។
រូបថត៖ ថាញ់ហ្វា/កាសែតរូបភាពវៀតណាម
សំឡេងហៅពីដងទន្លេ បន្ទាប់ពីរដូវទឹកជំនន់នីមួយៗ
ហូយអានស្រស់ស្អាត ប៉ុន្តែហូយអានក៏ពោរពេញទៅដោយក្តីបារម្ភខណៈពេលទឹកជំនន់មកដល់។ បន្ទាប់ពីទឹកជំនន់ជាប្រវត្តិសាស្ត្រនីមួយៗ ទន្លេធូបូន តែងតែនាំយកអុស សំរាម និងដើមឈើបាក់បែករាប់តោន អណ្តែតហូរទៅផ្នែកខាងចុងទន្លេ ឡោមព័ទ្ធច្រាំងទន្លេ ភូមិ ផ្ទះសម្បែង និងវាលស្រែ។ សម្រាប់ប្រជាជន នោះគឺជាការរំខានដោយគំនរបាក់បែក នៃគ្រោះមហន្តរាយធម្មជាតិ។ ប៉ុន្តែសម្រាប់សិល្បករ ដែលមានបេះដូងរសើប នោះគឺជាអំណោយពីមាតាធម្មជាតិ - ទោះនោះជាអំណោយមួយដែលនាំមកនូវពណ៌សម្បុរនៃសោកនាដកម្មក៏ដោយ។
ភូមិគុយលូ ដែលជាលំហវប្បធម៌ និងសិល្បៈដ៏គួរឱ្យចាប់អារម្មណ៍ នៅភូមិកឹមហា សង្កាត់ ហូយអានតី
ទីក្រុងដាណាំង។ រូបថត៖ ថាញ់ហ្វា/កាសែតរូបភាពវៀតណាម
គម្រោងភូមិគុយលូ បានកកើតឡើងដោយការយល់ឃើញទាំងនោះ។ មិនមែនគ្រាន់តែជាការទាញយកប្រយោជន៍ពីសម្ភារៈសំណល់នោះទេ គម្រោងនេះ បានបង្កើតឡើងជាការឆ្លើយតប និងជាការដាស់តឿនចំពោះផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុ ព្រមទាំងសូម្បីតែការបំផ្លាញធម្មជាតិដោយមនុស្សខ្លួនឯង។ ជំនួសឱ្យការទុក “ស្លាកស្នាម” នៃគ្រោះមហន្តរាយធម្មជាតិ ឱ្យទៅជាសំរាម ទៅជាការរំអុករបស់មនុស្ស អ្នកស្ថាបនាបានសម្រេចចិត្តប្រមូលវា សម្ងួតការឈឺចាប់ និងផ្លុំបញ្ចូលភាពរស់រវើកថ្មីឡើងវិញ។
អ្នកផ្លុំព្រលឹងចូលកំណាត់ឈើពុក។
ភ្ញៀវទេសចរទស្សនា និងទទួលយកបទពិសោធន៍ នៅលំហសិល្បៈ នៃភូមិគុយលូ។ រូបថត៖ ថាញ់ហ្វា/កាសែតរូបភាពវៀតណាម
ដើម្បីមានភូមិគុយលូដូចសព្វថ្ងៃនេះ មិនអាចមិននិយាយដល់អ្នកដែលបានលះបង់ ដើម្បីសិល្បៈប្រកបដោយចីរភាពនោះទេ។ នោះគឺសិល្បករ និងជាងចម្លាក់ ឡេ ង៉ុកធ្វឹន (Le Ngoc Thuan) ដែលជាស្ថាបនិក និងជា “ព្រលឹង” នៃគម្រោងនេះ។
ជាមួយនឹងការគិតរបស់អ្នកសិល្បៈ និងសេចក្តីស្រឡាញ់ចំពោះមាតុភូមិ លោក ឡេ ង៉ុកធ្វឹន បានមើលឃើញកំណាត់ឈើគគ្រីមគគ្រើម និងពុកផុយ ដែលអណ្តែតតាមទឹកជំនន់ នូវរូបរាងរបស់សត្វ មុខមនុស្ស និងទាំងរឿងរ៉ាវដែលពោរពេញទៅដោយពណ៌សម្បុរវប្បធម៌វៀតណាម។
ស្នាដៃនីមួយៗ ជ្រុងនៃការរៀបចំនីមួយៗ តែងនាំមកនូវចំណាប់អារម្មណ៍ជូនអ្នកទស្សនា។ រូបថត៖ ថាញ់ហ្វា/កាសែតរូបភាពវៀតណាម
នៅឆ្នាំ២០២០ លោក ឡេ ង៉ុកធ្វឹន បានសម្រេចចិត្តអនុវត្តក្តីសុបិនសាងសង់ភូមិគុយលូឱ្យក្លាយជាការពិត។ ដើម្បីប្រែកម្លាយក្តីសុបិនឱ្យក្លាយជាការពិត គាត់បានធ្វើដំណើរគ្រប់ទីកន្លែង ដើម្បីស្វែងយល់អំពីវប្បធម៌ចម្លាក់ឈើរបស់ជនជាតិកឺទូ និងបច្ចេកទេសចម្លាក់ឈើរបស់សិប្បករភូមិឈើ គិមបុង ដ៏ល្បីល្បាញក្នុងខេត្តក្វាងណាម។ នៅឆ្នាំ២០២២ ភូមិគូយលូ បានកើតឡើងជាផ្លូវការ បង្កើតជាអាសយដ្ឋានគួរឱ្យចាប់អារម្មណ៍នៅហូយអាន ជាកន្លែងដែលភ្ញៀវទេសចរអាចមកស្វែងរកកំណប់ស្នាដៃសិល្បៈចម្លាក់ឈើដែលមានតែមួយគត់ និងសម្បូរទៅដោយអត្ថន័យមនុស្សធម៌។ ថែមទាំងអាចពិសោធន៍ បង្កើតស្នាដៃតាមអារម្មណ៍ផ្ទាល់ខ្លួន ដើម្បីទទួលអារម្មណ៍ពីដង្ហើមនៃជីវិត ធម្មជាតិ និងមនុស្ស តាមរយៈសរសៃឈើ កំណាត់ឈើនីមួយៗ។
គម្រោងបានកើតឡើង គឺជាការរួមបញ្ចូលដ៏អស្ចារ្យ រវាងគំនិតសិល្បៈទំនើប និងថ្វីដៃដ៏ប៉ិនប្រសប់ របស់ជាងឈើប្រពៃណី។ ការរួមបញ្ចូលនេះ បង្កើតបានជាគុណតម្លៃសហគមន៍យ៉ាងជ្រាលជ្រៅ ផ្តល់ការងារដល់សិប្បករក្នុងស្រុក និងអភិរក្សតម្លៃ នៃមុខរបរជាងឈើប្រពៃណី ក្នុងបរិបទទំនើបផង។
សិប្បករវ័យក្មេងខិតខំប្រឹងប្រែងផ្លុំព្រលឹងចូលទៅក្នុងស្នាដៃនីមួយៗ។ រូបថត៖ ថាញ់ហ្វា/កាសែតរូបភាពវៀតណាម
កន្លែងដែលអុសទឹកជំនន់ បន្លឺសំឡេងរស់ឡើងវិញ
ចំណុចពិសេសបំផុត នៃចម្លាក់ឈើនៅភូមិគុយលូ គឺគោរពសម្រស់ដើម នៃវត្ថុធាតុដើម។ ចាប់ពីកំណាត់ឈើដែលស្រង់ចេញពីទឹកជំនន់ សិល្បករមិនព្យាយាមបង្ខំវាទៅក្នុងទម្រង់រឹងត្អឹងនោះទេ។ ពួកគាត់សង្កេតមើលសរសៃឈើ ស្នាមប្រេះ និងផ្នែកដែលពុកផុយ ដោយសារសំណឹកនៃទឹក ដើម្បីបង្កើតជារូបរាងតាមលំអាននោះ។
ដូច្នេះហើយ ផលិតផលនីមួយៗ បានបង្កើតឡើង គឺជាស្នាដៃតែមួយគត់ ព្រោះមិនដែលមានអុសពីរដុំ ត្រូវទឹកទន្លេហូរច្រោះឱ្យមានរាងដូចគ្នាទាំងស្រុងនោះទេ។ ដូច្នេះហើយ ស្នាដៃចម្លាក់ឈើនីមួយៗនៅភូមិគុយលូ មានទម្រង់ និងរូបរាងខុសៗគ្នា វាអាចជាត្រីឈើ ហ្វូងចាប ឬរូបចម្លាក់មុខមនុស្ស។ល។ ទាំងអស់សុទ្ធតែមានរូបរាងគ្រើមៗ ហាក់បីដូចជាទើបតែងើបចេញពីគំនរឈើសំណល់ នៃគ្រោះមហន្តរាយធម្មជាតិ ប៉ុន្តែលាក់កំបាំងនូវភាពស្រស់ស្អាត ដែលពោរពេញទៅដោយដង្ហើម នៃប្រជាប្រិយភាព និងយុគសម័យ។
ស្នាដៃចម្លាក់ឈើចម្រុះពណ៌រស់រវើក។ រូបថត៖ ថាញ់ហ្វា/កាសែតរូបភាពវៀតណាម
ភាពអស្ចារ្យនៃលំហសិល្បៈនេះ មិនត្រឹមតែជាចម្លាក់ប៉ុណ្ណោះទេ។ នោះវាគឺជាការរួមបញ្ចូល រវាងគំនូរ (ជាមួយនឹងពណ៌ឆើតឆាយ ប៉ុន្តែសាមញ្ញ) និងសិល្បៈនៃការរៀបចំ ដោយប្រែក្លាយលំហំទាំងមូលទៅជាសារមន្ទីរពោរពេញទៅដោយភាពរស់រវើក។
សារពណ៌បៃតង ផ្តើមពីរឿងសាមញ្ញៗ
លោក ឡេ ង៉ុកធ្វឹន ធ្លាប់បានចែករំលែកថា៖ "ខ្ញុំចង់បំប្លែងអុសទឹកជំនន់ទៅជា 'ទូតវៀតណាម នៃសិល្បៈរស់ឡើងវិញ' — នាំយកសារអំពីភាពច្នៃប្រតិដ្ឋ ចីរភាព និងភាពស្រស់ស្អាត នៃធម្មជាតិទៅកាន់ពិភពលោកទាំងមូល។
ភូមិគុយលូ មិនត្រឹមតែជាកន្លែងសម្រាប់គយគន់ភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងជា “ស្ថានីយ៍ផ្តល់សញ្ញា" មួយ អំពីការយល់ដឹងនូវបរិស្ថាន។ ភូមិគុយលូ ជាសំណល់នៃគ្រោះធម្មជាតិ តែប្រសិនបើ យើងចេះពីរបៀបប្រើប្រាស់ វានឹងក្លាយជាសិល្បៈ ជួនកាលជាព្រទ្យសម្បត្តិមានតម្លៃសេដ្ឋកិច្ចខ្ពស់ទៀតផង។
រូបសំណាកឈើមានរបៀបបញ្ចេញទឹកមុខគួរឱ្យចាប់អារម្មណ៍។ រូបថត៖ ថាញ់ហ្វា/កាសែតរូបភាពវៀតណាម
តាមរយៈគម្រោងនេះ សារអំពីសេដ្ឋកិច្ចវិលជុំ និងសិល្បៈកែច្នៃបានបញ្ជូនតៗយ៉ាងសាមញ្ញបំផុត។ វារំលឹកយើង អំពីភាពផុយស្រួយនៃធម្មជាតិ និងទំនួលខុសត្រូវរបស់មនុស្ស ក្នុងការកាត់បន្ថយកាកសំណល់។ ស្នាដៃនីមួយៗ ដែលអតិថិជនទិញយកទៅ គឺជាសារការពារបរិស្ថាន បានផ្សព្វផ្សាយទូទាំងពិភពលោក។
ដូច្នេះហើយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភូមិគុយលូ បានក្លាយជាអាសយដ្ឋាន ដែលមិនអាចរំលងបានសម្រាប់អ្នកស្នេហាសិល្បៈ នៅពេលមកទស្សនាទីក្រុងហូយអាន។ គម្រោងនេះ មានភាពទាក់ទាញដ៏ចម្លែក ព្រោះវាប៉ះពាល់ដល់អារម្មណ៍ និងគំនិតប្រកបដោយចីរភាពរបស់ភ្ញៀវទេសចរទំនើប។
រូបសំណាកសត្វព្រៃ ដែលមានទម្រង់ដ៏វិសេស ដូចជាការពណ៌នាភាពទាក់ទាញពិសេស នៃមុខមាត់សត្វ។ រូបថត៖ ថាញ់ហ្វា/កាសែតរូបភាពវៀតណាម
ប៉ាន់ប្រមាណថារៀងរាល់ខែ ភូមិគុយលូស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២,០០០ ទៅ ៣,០០០នាក់ មកទស្សនា និងទទួលយកបទពិសោធន៍។ ស្នាដៃជាច្រើនមកពីភូមិគុយលូ បានធ្វើដំណើរតាមភ្ញៀវទេសចរទៅកាន់ទីតាំងគ្រប់ទ្វីបទាំងអស់ បង្ហាញខ្លួនក្នុងលំហដ៏ប្រណិត តាំងពីទីក្រុងប៉ារីស ដល់ទីក្រុងញូវយ៉ក ជាសក្ខីភាពអំពីថាមពល នៃវប្បធម៌វៀតណាម ដើម្បីបន្តប្រាប់រឿងរ៉ាវ នៃសិល្បៈដែលអាចព្យាបាល និងរស់ឡើងវិញ នៅកណ្តាលពិភពលោក ដែលកំពុងប្រឈមមុខនឹងបម្រែបម្រួលបរិស្ថានជាច្រើន ដូចសព្វថ្ងៃនេះ៕
រូបសំណាកឈើតូចច្រឡឹង ប៉ុន្តែបង្ហាញពីសាច់រឿងដែលពោរពេញទៅដោយវប្បធម៌វៀតណាម។ រូបថត៖ ថាញ់ហ្វា/កាសែតរូបភាពវៀតណាម
- អត្ថបទនិងរូបថត៖ ថាញ់ហ្វា/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង