ព័ត៌មាន

ភាពយន្តវៀតណាមបញ្ជាក់ពីអត្តសញ្ញាណនិងវត្តមានរបស់ខ្លួននៅក្នុងមហោស្រពនិងទីផ្សារភាពយន្តអន្តរជាតិជាបណ្ដើរៗ

ក្នុងក្របខ័ណ្ឌនៃមហោស្រពភាពយន្តអាស៊ីដាណាំង លើកទី៤ នារសៀលថ្ងៃទី២៩ ខែមិថុនា នៅទីក្រុងដាណាំង បានប្រព្រឹត្តទៅសិក្ខាសាលា​ក្រោមប្រធានបទ «មុខមាត់ភាពយន្តវៀតណាមក្នុងយុគសម័យ​ផ្លាស់​ប្តូរ​ថ្មី»។

លោក តា ក្វាង ដុង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ថ្លែងនៅក្នុងសិក្ខាសាលា។ រូបថត៖ VNA

នេះគឺជាវេទិកាសិក្សានិងវិជ្ជាជីវៈ ដើម្បី​ពិនិត្យឡើងវិញដំណើរអភិវឌ្ឍន៍របស់ភាពយន្តវៀតណាមចាប់តាំងពីការ​ផ្លាស់​ប្តូរថ្មីក្នុងឆ្នាំ១៩៨៦មក​; កំណត់ឱកាស និងបញ្ហាប្រឈមក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិ និងការផ្លាស់ប្តូរ​យ៉ាងខ្លាំងនៃឧស្សាហកម្ម​សោតទស្សន៍សកល។

គណប្រតិភូទាំងក្នុង​ស្រុកនិងអន្តរជាតិ ចូល​រួម​សិក្ខាសាលា​។ រូបថត៖ VNA

ក្នុងរយៈពេលជិតបួនទសវត្សរ៍កន្លងមកនេះ ភាពយន្តវៀតណាមបានឃើញការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ក្នុងការត្រិះរិះច្នៃប្រឌិត គំរូផលិតកម្ម យន្តការប្រតិបត្តិការ និងវិធីសាស្រ្ត​ទទួលបាន​ទស្សនិកជន។ ពីស្នាដៃដែលសម្បូរទៅដោយតម្លៃសិល្បៈ និងមនុស្សសាស្ត្រ រហូតដល់ខ្សែភាពយន្តដែលទទួលបានជោគជ័យផ្នែកពាណិជ្ជកម្ម ភាពយន្តវៀតណាមបានបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនជាបណ្ដើរៗ ដោយពង្រីកវត្តមានរបស់ខ្លួននៅក្នុង​មហោស្រពនិងទីផ្សារភា​ពយន្តអន្តរជាតិ។ យោងតាមលោក តា ក្វាង ដុង (Tạ Quang Đông) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បាន​ចាត់ទុកថា សេចក្តីសម្រេចចិត្ត​លេខ៨០ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម; សេចក្តីសម្រេចចិត្ត​លេខ ២៨ របស់រដ្ឋសភាស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម; និងសេចក្តី​សម្រេចរ​បស់រដ្ឋាភិបាលស្តីពីការអនុវត្តន៍សេចក្តីសម្រេចចិត្ត​ទាំងនេះ បានបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការបង្កើតលក្ខខណ្ឌអំណោយ​ផល​ដើម្បីទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មភាពយន្ត។

«គិតត្រឹមខែតុលា ឆ្នាំ២០២៦ យន្តការទាំងអស់នឹងត្រូវបាន​​ធ្វើវិសោធនកម្មនៅក្នុងច្បាប់ភាពយន្ត ក៏ដូចជាអនុក្រឹត្យនានាដើម្បីអនុវត្តច្បាប់ភាពយន្ត។ យើងសង្ឃឹមផងដែរ​ថា នៅត្រឹមខែធ្នូ ឆ្នាំ២០២៦ ការផ្លាស់ប្តូរទាំងអស់ក្នុងវិស័យ​ភាពយន្តនឹងបានឈានដល់ដំណាក់កាលថ្មីមួយដ៏ច្បាស់លាស់និងអំណោយផល​សម្រាប់ការអភិវឌ្ឍភាពយន្តវៀតណាម រួមទាំងការទាក់ទាញប្រភព​ធនធានទាំងអស់ ការលើកទឹកចិត្តដំណើរការទាំងអស់ ទាក់ទងនឹងការផលិតភាពយន្ត និងផ្សព្វផ្សាយភាពយន្តវៀតណាម​ទៅក្រៅប្រទេស​កាន់តែ​ខ្លាំង»​៕​


top