ព័ត៌មាន

ព្រឹត្តិការណ៍ពិភពលោកលេចធ្លោទាំង១០ លើពិភពលោក ប្រចាំឆ្នាំ២០២៥ ដែលជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

ដំណាច់​​ឆ្នាំ​២០២៥ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ សូម​អនុញ្ញាត​ឧទ្ទេសនាមនូវ​អំណានព្រឹត្តិការណ៍​​លេចធ្លោទាំង​ ១០​ នៅលើ​ពិភពលោក​ដូចខាងក្រោម​៖

១. អាមេរិកអនុវត្តពន្ធបដិភាគ​ ធ្វើឱ្យភាពតានតឹងពាណិជ្ជកម្មសកលកើនឡើង

ទិដ្ឋភាពនៃកំពង់ផែទំនិញ Long Beach ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។ រូបថត៖ THX/VNA

នៅថ្ងៃទី២ ខែមេសា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសអនុវត្តពន្ធបដិភាគ​ ពី១០ - ៤៩% លើទំនិញនាំចូលភាគច្រើន ដើម្បីការពារផលិតកម្មក្នុងស្រុក ដែលធ្វើឱ្យច្របូកច្របល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មសកល រំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងជំរុញឱ្យតម្លៃមាសកើនឡើងខ្ពស់បំផុតជាប្រវត្តិសាស្ត្រ។ បណ្តាខឿន​សេដ្ឋកិច្ចនានាត្រូវកែ​សម្រួលគោលនយោបាយដើម្បីឆ្លើយតប និងជំរុញការចរចាដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ដោយសារផលប៉ះពាល់នៃសង្គ្រាមពន្ធគយ ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរបំផុតគិតចាប់តាំងពីឆ្នាំ ២០១៨ មក។

២. ការផ្ទុះជម្លោះព្រំដែន ថៃ-កម្ពុជា

ប្រជាពលរដ្ឋកម្ពុជាជម្លៀសទៅកាន់តំបន់សុវត្ថិភាពមួយក្នុងខេត្តសៀមរាប ខណៈដែលជម្លោះព្រំដែនកំពុងបន្តរវាងកម្ពុជា និងថៃ ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥។ (រូបថត៖ THX/VNA)

 

ជម្លោះព្រំដែនថៃ-កម្ពុជាបាន "ឡើងកម្ដៅ" បន្ទាប់ពីការប៉ះទង្គិចគ្នា រវាងកងទ័ពនៃប្រទេសទាំងពីរ នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគី និងស្ថិរភាពក្នុងតំបន់។ អាស៊ាន និងសហគមន៍អន្តរជាតិ បានជំរុញដំណោះស្រាយការទូត ដែលឈានទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព រវាងប្រទេសទាំងពីរ បង្កើតយន្តការល្បាតរួមគ្នា ​សម្របសម្រួលសន្តិសុខព្រំដែន និងការប្តេជ្ញាចិត្តពង្រឹងកិច្ចសន្ទនាទ្វេភាគី។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងសន្តិភាពត្រូវបានរំលោភបំពានជាច្រើនលើក។ អ្នកជំនាញបានព្រមានពីភាពផុយស្រួយនៃកិច្ចព្រមព្រៀងនេះ ដោយសារប្រវត្តិសាស្ត្រនៃជម្លោះ រវាងប្រទេសទាំងពីរ។

៣. សេដ្ឋកិច្ចពិភពលោកត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ៣,២%

គ្រឿងអលង្ការមាសត្រូវបានដាក់តាំង និងលក់ នៅហាងលក់គ្រឿងអលង្ការមួយក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។ (រូបថត៖ THX/VNA)

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានវាយតម្លៃថា សេដ្ឋកិច្ចពិភពលោកអាចសម្រេចបានអត្រាកំណើន ៣,២% នៅក្នុងឆ្នាំ ២០២៥ ដែលបង្ហាញពីភាពសម្របខ្លួនដ៏ខ្ពស់របស់សេដ្ឋកិច្ច នៅចំពោះមុខសង្គ្រាមពាណិជ្ជកម្មសកល ជម្លោះនៅក្នុងតំបន់ផ្សេងៗជាច្រើន និង រដ្ឋាភិបាលសហរដ្ឋ​អាមេរិក បានបិទទ្វារក្នុងរយៈពេលយូរ។

ក្នុង​ឆ្នាំ២០២៥ តម្លៃមាស ប្រេងឆៅ និងតម្លៃភាគហ៊ុនបានប្រែប្រួលយ៉ាងខ្លាំង ជាពិសេស តម្លៃមាសបានឡើងដល់កម្រិតខ្ពស់បំផុត ម្តងហើយម្តងទៀត ដោយឡើងដល់ ៤.៥០៣,៣០ USD /ounce នៅថ្ងៃទី ២៣ ខែធ្នូ នៅសហរដ្ឋអាមេរិក។

៤. បញ្ញាសិប្បនិម្មិត (AI) - សមរភូមិ​ថ្មី នៃការប្រកួតប្រជែងសកល

ឡូហ្គោរបស់ OpenAI និង ChatGPT ត្រូវបានបង្ហាញនៅលើអេក្រង់មួយនៅទីក្រុង Toulouse ប្រទេសបារាំង។ រូបថត៖ AFP/VNA

ការប្រណាំងប្រជែងផ្នែកបញ្ញាសិប្បនិម្មិត (AI) បានផ្ទុះឡើងជាមួយនឹងការដែលសហគ្រាសបច្ចេកវិទ្យាអភិវឌ្ឍគំរូ AI មានតម្លៃទាប និង AI បង្កើតមាតិកា (Generative AI) ដែលជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់រចនាសម្ព័ន្ធ ទំហំ និងការបែងចែកកម្លាំងពលកម្មលើសកលលោក។ AI មិនត្រឹមតែជាបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំង​កំពុងក្លាយជាសមរភូមិ ភូមិសាស្ត្រនយោបាយថ្មី ទីកន្លែង​ដែលអំណាចបច្ចេកវិទ្យាកំណត់ នូវផលប្រយោជន៍យុទ្ធសាស្ត្រ។

នៅក្នុងកិច្ចប្រជុំកំពូល AI ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស (បារាំង) ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ប្រទេសចំនួន ៦១ បានអនុម័តសេចក្តីថ្លែងការណ៍រួម ស្តីពីតម្រូវការ AI ដែល "បើកចំហ បរិយាប័ន្ន និងមានក្រមសីលធម៌"។

៥. ជម្លោះរីករាលដាលយ៉ាងទូលំទូលាយនៅមជ្ឈិមបូព៌ា

នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនៅជាយក្រុងបេរូត ប្រទេសលីបង់។ ការវាយប្រហារតាមអាកាសនេះបានកើតឡើងប្រហែលមួយម៉ោង បន្ទាប់ពីអ៊ីស្រាអែលបានចេញការព្រមានជម្លៀសប្រជាជននៅក្នុងតំបន់នោះ។ នេះគឺជាការវាយប្រហារលើកដំបូងរបស់អ៊ីស្រាអែលលើតំបន់នេះ ចាប់តាំងពីបទឈប់បាញ់ជាមួយក្រុមហេសបូឡាបានចូលជាធរមាន នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤។ រូបថត៖ THX/VNA)

ជម្លោះនៅមជ្ឈិមបូព៌ាបានរីករាលដាលយ៉ាងទូលំទូលាយ ដោយចំណុចកំពូលគឺការវាយប្រហារតាមផ្លូវអាកាសដាក់គ្នាទៅវិញទៅមកអូសបន្លាយរយៈពេល ១២ យប់ថ្ងៃ (ចាប់ពីថ្ងៃទី១៣ - ២៤ ខែមិថុនា) រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បន្ទាប់មកគឺការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលទៅលើកាតា ភាពតានតឹងបានរីករាលដាលដល់លីបង់ និងយេម៉ែន។ ជាមួយ​នឹងកិច្ចខិតខំប្រឹងប្រែងការទូត អ៊ីស្រាអែល និងហាម៉ាសបានឈានដល់កិច្ចព្រមព្រៀង​បទឈប់បាញ់ និងការដោះដូរចំណាប់ខ្មាំង ប៉ុន្តែដំណើរការសន្តិភាពនៅតែមានភាពផុយស្រួយ និងងាយបែកបាក់ ដោយសារការគណនាយុទ្ធសាស្ត្រ និងកង្វះទំនុកចិត្តរវាងភាគីនានា​។

៦. ជំរុញកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (ឆ្វេង) និងលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ។ រូបថត៖ Getty

កិច្ចខិតខំប្រឹងប្រែងការទូតជាច្រើនត្រូវបានជំរុញ ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ក្នុងនោះអាមេរិក និងអឺរ៉ុបបានដាក់ចេញនូវសំណើសន្តិភាពនានា។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានជួបប្រជុំដាច់ដោយឡែក ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ប៉ុន្តែមិនទាន់អាចរៀបចំការចរចាដោយផ្ទាល់ រវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន បាននៅឡើយទេ។ ទន្ទឹមនឹងនោះ សង្គ្រាមនៅតែបន្តកើតមានក្នុងទម្រង់ថ្មីៗ ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភាគីទាំងសងខាង។

៧. ពិភពលោកសាក្ខីឆ្នាំនៃគ្រោះមហន្តរាយបំបែកកំណត់ត្រា

កងកម្លាំងជួយសង្គ្រោះវៀតណាមចូលរួមក្នុងការងារស្វែងរក និងជួយសង្គ្រោះបន្ទាប់ពីការរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាក្នុងខែមេសា ឆ្នាំ២០២៥។ (រូបថត៖ VNA

បម្រែបម្រួលអាកាសធាតុស្ថិតក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន ជាមួយនឹងគ្រោះមហន្តរាយធ្ងន់ធ្ងរនៅកន្លែងជាច្រើនលើពិភពលោក៖ គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា; ព្យុះយក្ស និងទឹកជំនន់នៅបណ្តាប្រទេសអាស៊ី និងតំបន់ការាបៀន; ភ្លើងឆេះព្រៃនៅក្រិក កាណាដា អាមេរិក អូស្ត្រាលី។ល។ គ្រោះមហន្តរាយបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ធ្វើឱ្យជីវិតមនុស្សរាប់លាននាក់កែប្រែទាំងស្រុង និងបង្កការខូចខាតសេដ្ឋកិច្ចចំនួន ២២០ ពាន់លានដុល្លារ។ ក្នុងបរិបទនោះ សន្និសីទកំពូលនៃភាគីអនុសញ្ញាក្របខ័ណ្ឌនៃអង្គការ​សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី ៣០ (COP30) នៅប្រេស៊ីល មិនទាន់ឈានដល់កិច្ចព្រមព្រៀង ស្តីពីការកាត់បន្ថយឥន្ធនៈហ្វូស៊ីល ដែលបង្ហាញថាកិច្ចខិតខំប្រឹងប្រែងសកលបន្ថែមទៀត ដើម្បីទប់ស្កាត់ការឡើងកម្ដៅនៃផែនដី។

៨. ខួបលើកទី ៨០ នៃជ័យជំនះលើពួកហ្វាស៊ីស

លោកអគ្គលេខាធិការបក្ស តូឡឹម​ (To Lam) និងភរិយា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះលើពួកហ្វាស៊ីស។ (រូបថត៖ RIA Novosti)

រុស្ស៊ី ចិន និងបណ្តាប្រទេសជាច្រើនលើពិភពលោក បានរៀបចំពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះលើពួកហ្វាស៊ីស ជាមួយនឹងសកម្មភាពលេចធ្លោដូចជា ក្បួនព្យុហយាត្រា នៅទីលានក្រហមក្នុងទីក្រុងម៉ូស្គូ និងទីលានធានអានមោន​ក្នុងទីក្រុងប៉េកាំង។ ព្រឹត្តិការណ៍នេះ រំលឹកឡើងវិញនូវជ័យជំនះជាប្រវត្តិសាស្ត្រ ដែលប្តូរមកវិញដោយការលះបង់ដ៏ធំធេង របស់ប្រជាជាតិទាំងឡាយ ក្នុងនោះមានតួនាទីសម្រេចរបស់កងទ័ព និងប្រជាជនសូវៀត; ព្រមទាំងផ្ញើសារយ៉ាងមុតមាំ អំពីការទទួលខុសត្រូវរួម របស់ពិភពលោក៖ ទប់ស្កាត់លទ្ធិជ្រុលនិយម និងហ្វាស៊ីសនិយមថ្មី ឆ្ពោះទៅរកពិភពលោកមួយដែលមានសន្តិភាព ស្ថិរភាព និងនិរន្តរភាព។

៩. អាស៊ានទទួលស្គាល់ទីម័រឡេស្តជាសមាជិកទី ១១

ពិធីចុះហត្ថលេខាលើការចូលជាសមាជិកទី១១ របស់ទីម័រខាងកើត នៃអាស៊ាន បានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ រូបថត៖ THX/VNA

ព្រឹត្តិការណ៍ដែលទីម័រឡេស្ត ចូលជាសមាជិកអាស៊ានជាផ្លូវការ នៅថ្ងៃទី២៦ ខែតុលា គឺជាជំហានដ៏សំខាន់មួយ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកលំហសហប្រតិបត្តិការតំបន់; បង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការកសាងសហគមន៍ប្រកបដោយបរិយាប័ន្ន ដោយមិនទុកឱ្យប្រទេសអាស៊ីអាគ្នេយ៍ណាមួយ នៅក្រៅដំណើរការអភិវឌ្ឍរួមឡើយ។ ការទទួលសមាជិកថ្មីក៏បង្កើតកម្លាំងចលករបន្ថែមទៀត ដើម្បីឱ្យអាស៊ានបង្កើនការសម្របសម្រួល ក្នុងការដោះស្រាយបញ្ហាប្រឈម នៅតំបន់ និងពិភពលោក។

១០. វឌ្ឍនភាពនៃការព្យាបាលដោយហ្សែន នាំមកនូវក្តីសង្ឃឹម សម្រាប់អ្នកជំងឺ​ដែលព្យាបាលមិនជា

CRISPR (អក្សរកាត់សម្រាប់ Clustered Regularly Interspaced Short Palindromic Repeats) គឺជាឈ្មោះដែលយើងឮជាញឹកញាប់ទាក់ទងនឹងការកែសម្រួលហ្សែន។ រូបថត៖ Vietnam Plus

វេជ្ជបណ្ឌិតនៅចក្រភពអង់គ្លេស បានព្យាបាលដោយជោគជ័យនូវរោគសញ្ញា Hunter ដែលជាជំងឺតំណពូជដ៏កម្រ សម្រាប់កុមារអាយុ៣ឆ្នាំ ដោយប្រើប្រាស់ការព្យាបាលហ្សែនដ៏ទំនើប។ ទីភ្នាក់ងារសុខភាពជាតិរបស់ចក្រភពអង់គ្លេស បានអនុវត្តជាផ្លូវការ និងទូលំទូលាយនូវវិធីសាស្ត្រព្យាបាល Casgevy ដោយផ្អែកលើបច្ចេកវិទ្យា កែសម្រួលហ្សែន CRISPR ដើម្បីព្យាបាលអ្នកជំងឺ ដែលមានជំងឺខ្វះឈាមក្រហមរាងកណ្ដៀវ និងជំងឺខ្វះឈាមតំណពូជ ដោយសារការផ្លាស់ប្តូរហ្សែន។

CRISPR គឺជាបច្ចេកវិទ្យាវេជ្ជសាស្ត្រលោតផ្លោះ​ ដែលអនុញ្ញាតឱ្យស្វែងរក និងជួសជុលបានយ៉ាងជាក់លាក់នូវបំណែក DNA ដែលមានកំហុស ដោយបើកសក្តានុពលក្នុងការព្យាបាលជំងឺតំណពូជ មហារីក HIV និងការផ្លាស់ប្តូរ​ផ្សេងៗទៀត តាម​រយៈការជួសជុលហ្សែន នៅក្នុងរាងកាយដោយផ្ទាល់ ឬជួសជុលកោសិកា នៅខាងក្រៅរួចបញ្ចូលទៅក្នុងរាងកាយវិញ៕

 


top