ព័ត៌មាន

ពិធីប្រកាសសេចក្តីសម្រេចចិត្ត​លើកលែងទោសឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី១ ខែមិថុនា នៅពន្ធនាគារ​ថាញ់សួន (ហាណូយ) ក្រសួងនគរបាលវៀតណាម​បានរៀបចំពិធីប្រកាសសេចក្តីសម្រេចចិត្ត​លើកលែងទោសឆ្នាំ២០២៦ របស់ប្រធានរដ្ឋ។ លោក ហ្វាម យ៉ា ទូក ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ការលើកលែងទោសឆ្នាំ២០២៦ បានចូលរួមពិធីនេះ។

ឧត្តមសេនីយ៍ទោ ទ្រឿង ម៉ាញ់ យុង មេបញ្ជាការតំបន់យោធា ប្រគល់សេចក្តីសម្រេចលើកលែងទោសដល់អ្នកទោសដែលត្រូវបានលើកលែងទោស។ រូបថត៖ qdnd

នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំនៃពន្ធនាគារថាញ់សួន បានប្រកាសសេចក្តីសម្រេចចិត្ត​លេខ ៧៥១ របស់ប្រធានរដ្ឋ ស្តីពីការលើកលែងទោសឆ្នាំ២០២៦។ ដូច្នេះហើយ លោកប្រធានរដ្ឋបានសម្រេច​ចិត្ត​លើកលែងទោសដល់អ្នកទោសចំនួន ៩.៩៥០នាក់ ដែលកំពុងជាប់ពន្ធនាគារទូទាំងប្រទេស ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យ​សម្រាប់ការលើកលែងទោសនៅឆ្នាំ២០២៦។

ថ្លែងនៅក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី ហ្វាម យ៉ា ទូក បានឱ្យដឹងថា ចាប់ពីឆ្នាំ ២០០៩ រហូតមកដល់ពេលនេះ ប្រធានរដ្ឋ​វៀតណាមបានសម្រេចចិត្ត​លើកលែងទោសចំនួន ១២លើក ដល់អ្នកទោសជាង ១២០.០០០នាក់។ អ្នកដែលត្រូវបានលើកលែងទោស​ភាគ​​ច្រើន​បានរួម​បញ្ចូល​ចូលទៅក្នុងសហគមន៍យ៉ាងឆាប់រហ័ស ស្ថេរភាពជីវភាពរស់នៅ និង​ធ្វើ​ពលកម្មដោយ​ស្មោះត្រង់។ មនុស្សជាច្រើនបាន​ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម។

លោក​ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដើម្បីទទួលបានការលើកលែងទោសពីប្រធានរដ្ឋ អ្នកទោសទាំងអស់មានឱកាសស្មើគ្នា ដោយមិនគិតពីភេទ សាសនា សញ្ជាតិ អាយុ មុខរបរ ឬទង្វើឧក្រិដ្ឋកម្ម​ឡើយ ដរាបណាពួកគេបំពេញលក្ខខណ្ឌ តាម​បទប្បញ្ញត្តិរបស់ច្បាប់។ ឧបនាយករដ្ឋមន្ត្រី ហ្វាម យ៉ា ទូក បានស្នើថា៖ «ការលើកលែងទោសគ្រាន់តែជាការចាប់ផ្តើមនៃដំណើរការឆ្ពោះទៅរកអំពើល្អតែប៉ុណ្ណោះ។ ខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នានឹងយកឈ្នះលើការលំបាក និងបញ្ហាប្រឈម​ទាំងអស់ មានទំនុកចិត្តកាន់​តែ​ខ្ពស់ និងបោះជំហាន​យ៉ាង​រឹងមាំក្នុងជីវិត ក្លាយជាមនុស្ស​ស្លូតបូត កសាងជីវភាពសេដ្ឋកិច្ចប្រកប​ដោយ​ស្ថិរភាព មានគ្រួសារដ៏កក់ក្តៅនិងសុភមង្គល។ ចំពោះអ្នកដែលមិនទាន់ទទួលបានការលើកលែងទោសនៅពេលនេះ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងខិតខំប្រឹងប្រែងបន្ថែមទៀត គោរពយ៉ាងតឹងរ៉ឹង​តាមបទប្បញ្ញត្តិនៃ​ពន្ធនាគារ សិក្សា ធ្វើការ និងកែល​ម្អខ្លួន​ឯង ឆាប់បំពេញ​លក្ខខណ្ឌដើម្បីទទួលបានការសណ្ដោស​ប្រណី​របស់​បក្សនិងរដ្ឋ»​៕​


top