ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. ប្រធានអាស៊ានឆ្នាំ២០២៦ និងលោកជំទាវ ស្វាគមន៍លោកនាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ (រូបថត៖ VNA)
បន្ទាប់ពីពិធីបើក នៅក្នុងថ្ងៃដដែលនេះ (ថ្ងៃទី១៥ ខែវិច្ឆិកា) នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង និងថ្នាក់ដឹកនាំទាំងអស់ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ កិច្ចប្រជុំចង្អៀតនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ កិច្ចសន្ទនារវាងថ្នាក់ដឹកនាំអាស៊ាន ជាមួយក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) កិច្ចសន្ទនារវាងថ្នាក់ដឹកនាំអាស៊ាន ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) និងកិច្ចសន្ទនារវាងថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងយុវជនអាស៊ាន។
ការអញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ ក្នុងស្មារតី “ម្ចាស់ការ សកម្ម និងទំនួលខុសត្រូវ” នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង នឹងនាំមកនូវសារអំពីប្រទេសវៀតណាមមួយដែលមានការផ្លាស់ប្តូរថ្មី ស្វាហាប់ អភិវឌ្ឍ ខ្លួនទីពឹងខ្លួន និងត្រៀមខ្លួនជាស្រេចក្នុងការរែកពុនទំនួលខុសត្រូវរួម។ លោកនាយករដ្ឋមន្ត្រី នឹងរួមជាមួយថ្នាក់ដឹកនាំបណ្តាប្រទេស ចែករំលែកទស្សនវិស័យ និងស្នើដំណោះស្រាយជាក់ស្តែង ដើម្បីបើកចំហកម្លាំងចលករកំណើនថ្មីៗ ដូចជា សេដ្ឋកិច្ចឌីជីថល បរិវត្តកម្មបៃតង បញ្ញាសិប្បនិម្មិត (AI) ការធានាសន្តិសុខថាមពល សន្តិសុខស្បៀង និងការកសាងខ្សែចង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់។
លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងប្រធានគណៈប្រតិភូមកពីប្រទេសចូលរួមថតរូបជាក្រុមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ។ រូបថត៖ VNA
ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំវៀតណាម ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិ ដើម្បីបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយរវាងវៀតណាម និងបណ្តាប្រទេស ព្រមទាំងដៃគូនានា; ជំរុញការអនុវត្តកិច្ចព្រមព្រៀង ដោះស្រាយរាល់បញ្ហាប្រឈម និងពង្រីកឱកាសសហប្រតិបត្តិការបន្ថែមទៀត តាមរយៈនោះ រួមបញ្ចូលគ្នាប្រកបដោយប្រសិទ្ធភាពរវាងសកម្មភាពពហុភាគី ជាមួយនឹងការជំរុញទំនាក់ទំនងទ្វេភាគី ដើម្បីពង្រីកឱ្យអស់លទ្ធភាពនូវប្រភពធនធានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕