ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

ពិធីបុណ្យមហាសាមគ្គីភាពប្រជាជាតិទាំងមូលប្រព្រឹត្តទៅយ៉ាងផុលផុសនៅតាមមូលដ្ឋាននានា

ពិធីបុណ្យមហាសាមគ្គីភាពប្រជាជាតិទាំងមូល ប្រព្រឹត្តទៅជារៀងរាល់ឆ្នាំនៅថ្ងៃទី ១៨ ខែវិច្ឆិកា ដែលផ្សារភ្ជាប់ជាមួយទិវាប្រពៃណីនៃរណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា)។ ក្នុងប៉ុន្មានថ្ងៃនេះ មូលដ្ឋាននានាបានរៀបចំសកម្មភាពជាក់ស្តែង និងផុលផុសជាច្រើនដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ។
អនុប្រធានរដ្ឋ លោកស្រី វ៉ូធីអាញ់សួន ប្រគល់អំណោយដល់តំណាងគ្រួសារគោលនយោបាយ និងបុគ្គលឆ្នើមៗនៅក្នុងទិវាបុណ្យ។ រូបថត៖ VNA

នារសៀលថ្ងៃទី ១៧ ខែវិច្ឆិកា នៅសង្កាត់រ៉ាច់យ៉ា (Rach Gia) ខេត្តអានយ៉ាង លោកស្រី វ៉ូ ធីអាញ់សួន (Vo Thi Anh Xuan) អនុប្រធានរដ្ឋវៀតណាម បានអញ្ជើញចូលរួម ថ្លែងមតិ និងចូលរួមភាពសប្បាយរីករាយជាមួយប្រតិភូជាង ៤០០ នាក់ ដែលតំណាងឱ្យប្រជាជនរស់នៅក្នុងអន្តរតំបន់លំនៅឋានសង្កាត់រ៉ាចយ៉ា ខេត្តអានយ៉ាង ក្នុងឱកាសពិធីបុណ្យមហាសាមគ្គីភាពប្រជាជាតិទាំងមូល។ អញ្ជើញថ្លែងមតិក្នុងពិធីបុណ្យនេះ លោកស្រីអនុប្រធានរដ្ឋ វ៉ូ ធីអាញ់សួន បានស្នើឱ្យខេត្តអានយ៉ាង បន្តពង្រឹងការឯកភាពគ្នាក្នុងចំណោមប្រជាជន; អភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌របស់បណ្តាជនជាតិ វប្បធម៌តំបន់ទន្លេនិងសមុទ្រកោះ; ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយការលើកកម្ពស់ជីវភាពរស់នៅ និងការធានាសុខុមាលភាពសង្គម។

“ប្រទេសជាតិកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីជាមួយនឹងសេចក្តីប្រាថ្នាដ៏ធំធេង ដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងឱកាសខួបលើកទី ១០០ នៃការបង្កើតប្រទេសជាតិ (ឆ្នាំ ២០៤៥)។ ដើម្បីសម្របខ្លួនទៅនឹងសេចក្តីប្រាថ្នារួមនោះ ខេត្តអានយ៉ាងត្រូវខិតខំពុះពារជម្នះរាល់ការលំបាក និងបញ្ហាប្រឈម ប្រែក្លាយសក្តានុពល និងឧត្តមភាព រួមទាំងស្មារតីសាមគ្គីភាព និងតម្លៃវប្បធម៌ដ៏ពិសេស ឱ្យទៅជាកម្លាំងចលករដើម្បីកសាងមាតុភូមិ និងដើរទាន់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រីអនុប្រធានរដ្ឋ"។

ពិធីបុណ្យមហាសាមគ្គីភាពប្រជាជាតិទាំងមូល នៅខេត្តភូថូ។ រូបថត៖VNA

នៅខេត្តភូថូ (Phu Tho) ពិធីបុណ្យមហាសាមគ្គីភាពប្រជាជាតិទាំងមូលដែលផ្សារភ្ជាប់ជាមួយទិវាវប្បធម៌វៀតណាមត្រូវបានមូលដ្ឋាននានានៃខេត្តភូថូរៀបចំឡើងដោយឯកភាពគ្នា រួមមានផ្នែកពិធីការ និងផ្នែកកម្សាន្ត។ ផ្នែកពិធីការត្រូវបានរៀបចំឡើងយ៉ាងខ្លី និងឱឡារិក ដោយផ្តោតលើការវាយតម្លៃលទ្ធផលនៃការអនុវត្តចលនា “ប្រជាជនទាំងមូលសាមគ្គីគ្នាកសាងជនបទថ្មីនៅតាមតំបន់លំនៅឋាន និងកសាងទីក្រុងស៊ីវិល័យ” កោតសរសើរគ្រួសារ និងបុគ្គលគំរូ និងការពិភាក្សាអំពីទិសដៅសម្រាប់ឆ្នាំ ២០២៧។ ចំណែកផ្នែកកម្សាន្ត មានសកម្មភាពវប្បធម៌ សិល្បៈ ការតាំងពិព័រណ៍ និងបទពិសោធន៍ពិសេសៗជាច្រើនដើម្បីបម្រើប្រជាជន និងភ្ញៀវទេសចរ។ លោក ង្វៀន ថាញ់យិន (Nguyen Thanh Dan) ប្រជាជនម្នាក់នៅខេត្តភូថូ បានបង្ហាញចំណាប់អារម្មណ៍ថា៖ "ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលឥឡូវនេះគ្រប់វិថី និងសង្កាត់ទាំងអស់សុទ្ធតែស្អាតបាត និងធំទូលាយ ជីវភាពរស់នៅរបស់បងប្អូនប្រជាជនមានភាពធូរធារ។ ប្រជាជនពិតជាដឹងគុណចំពោះបក្ស និងរដ្ឋយ៉ាងខ្លាំង”។

ពិធីបុណ្យមហាសាមគ្គីភាពប្រជាជាតិទាំងមូល ត្រូវបានរៀបចំឡើងភាគច្រើននៅតាមមូលដ្ឋានតំបន់លំនៅឋាន។ អាស្រ័យទៅតាមលក្ខខណ្ឌនៃមូលដ្ឋាននីមួយៗ អាចជ្រើសរើសទម្រង់នៃការរៀបចំដែលសមស្រប (តំបន់លំនៅឋាន អន្តរតំបន់លំនៅឋាន ឬទម្រង់ផ្សេងទៀត) ដោយធានាឱ្យមានការចូលរួមពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ៕


top