ពិធីបុណ្យ តាកយ៉ាងកាកុង (Tac Giang Ka Coong) ឬ តឹកយ៉ាងស៊ឺ (Tac Giang Xu) សក្តិសិទ្ធិបំផុតរបស់បងប្អូនជនជាតិកឺទូ (Co Tu)...
ពិធីបុណ្យ តាកយ៉ាងកាកុង (Tac Giang Ka Coong) ឬ តឹកយ៉ាងស៊ឺ (Tac Giang Xu) សក្តិសិទ្ធិបំផុតរបស់បងប្អូនជនជាតិកឺទូ (Co Tu) ទីក្រុងហ្វេ។
ពិធីបូជាយញ្ញ គឺជាផ្នែកផុសផុលនៃពិធីបុណ្យ តាកយ៉ាងកាកុង (Tac Giang Ka Coong) តឹកយ៉ាងសឺ (Tac Giang Xu)។
ពិធីបុណ្យ តាកយ៉ាងកាកុង (Tac Giang Ka Coong) ឬ តឹកយ៉ាងស៊ឺ (Tac Giang Xu) គឺជាពិធីបុណ្យប្រជាប្រិយប្រពៃណីសំខាន់បំផុតមួយរបស់ជនជាតិកឺទូ (Co Tu)។ តាមប្រពៃណី ពិធីបុណ្យនេះ បានប្រារព្ធឡើងតាមថេរវេលាពី៣ទៅ៥ឆ្នាំម្ដង ឬនៅពេលដែលសហគមន៍ជួបប្រទះឧបសគ្គដូចជា ដំណាំមិនអំណោយផល ជំងឺរាតត្បាត ឬគ្រោះមហន្តរាយជាដើម។ ចំពោះជនជាតិកឺទូ (Co Tu) នេះគឺជាពិធីកិច្ចចេតភាព ដើម្បីបង្ហាញពីការដឹងគុណចំពោះអារក្សអ្នកតាដែលគ្រប់គ្រងព្រៃភ្នំ ទន្លេ ស្ទឹងបឹងបួរ ជាអាទិទេពដែលបាននាំមកនូវជីវិត ដំណាំអំណោយផល និងសុខសន្តិភាពជូនអ្នកភូមិ។ តាមរយៈពិធីកិច្ចនេះ សហគមន៍ជនជាតិកឺទូ (Co Tu) ថ្លែងអំណរគុណ និងបន់ស្រន់សូមការការពារឃុំគ្រងពីព្រះអាទិទេពសម្រាប់ឆ្នាំបន្តបន្ទាប់៖ សូមឱ្យដំណាំល្អ អ្នកភូមិរស់នៅមានសុខភាពល្អ ភូមិឋានសុខដុមរមនា និងសុភមង្គល។
តាមប្រពៃណីជនជាតិកឺទូ (Co Tu) ពិធីបុណ្យនេះ បានប្រារព្ធធ្វើឡើងជាធម្មតា រៀងរាល់ ៣ ទៅ ៥ឆ្នាំម្ដង ឬនៅពេលដែលសហគមន៍ជួបប្រទះនូវរឿងអកុសល ដូចជាការខូចខាតផលដំណាំ ជំងឺរាតត្បាត ឬគ្រោះមហន្តរាយ។
មេភូមិធ្វើពិធីបូជាសម្អាត។
តាកយ៉ាងកាកុង (Tac Giang Ka Coong) ឬ តឹកយ៉ាងស៊ឺ (Tac Giang Xu)តាមពិតគឺជាពិធីរួមគ្នាតែមួយ គ្រាន់តែបែងចែកលក្ខណៈរៀបចំ និងព្រះអាទិទេពដែលត្រូវបានបូជាប៉ណ្ណោះ។ តាកយ៉ាងកាកុង គឺជាពិធីមួយដែលបានប្រារព្ធធ្វើឡើងតាមកម្រិតតំបន់ នៅទីធ្លាភូមិ ដោយមានមនុស្សយ៉ាងច្រើនពីសហគមន៍មកចូលរួម ដើម្បីថ្លែងអំណរគុណដល់ព្រះអាទិទេព ដែលបានការពារឃុំគ្រងតំបន់ទាំងមូល ជាពិសេសព្រះអាទិទេពការពារភូមិ (Ca Neeh)។ គ្រឿងបូជាសំខាន់ៗ ក្នុងពិធីនេះតែងមាន ក្របី ឬពពែ និងគ្រឿងសំណែនប្រពៃណីផ្សេងៗទៀត។ រីឯ តឹកយ៉ាងស៊ឺ គឺជាពិធីសែនអារក្សអ្នកតាព្រៃភ្នំ ដែលមានលក្ខណៈតូចជាង ប្រព្រឹត្តទៅនៅដងព្រៃ ឬកំពូលភ្នំណាមួយ ជាទីកន្លែងដែលចាត់ទុកថាសក្តិសិទ្ធិសម្រាប់សហគមន៍។ គ្រឿងសំណែននៅក្នុងពិធីនេះ ច្រើនតែជា ពពែ ជ្រូក និងគ្រឿងសំណែនផ្សេងៗឯទៀត។ ទោះបីជាខុសគ្នាដោយលក្ខណៈ និងទំហំក៏ដោយ ប៉ុន្តែពិធីបុណ្យទាំងពីរនេះ សុទ្ធតែគោរពតាមពិធីប្រពៃណីរួមមាន៖ ពិធីបន្សុទ្ធ ពិធីបូជាសម្អាត ពិធីបូជាយញ្ញ និងពិធីបូជាគ្រឿងសំណែនចម្អិនរួច។
មេភូមិ ធ្វើពិធីកិច្ចពិសិដ្ឋបំផុត ថ្វាយសក្ការៈបូជាដល់អាទិទេព ក្នុងពិធីបុណ្យតាកយ៉ាងកាកុង (Tac Giang Ka Coong) និង តឹកយ៉ាងស៊ឺ (Tac Giang Xu)។
ពិធីបុណ្យបានចាប់ផ្តើមដោយពិធីសូត្រ អា សា អា រ៉ា ឌូ ម័ប (A Xa A Rah du map)។ នេះគឺជាពិធីកិច្ចបន្សុទ្ធពោលគឺមានន័យថាការបន្សុទ្ធនូវភាពមិនបរិសុទ្ធ និងសំណាងអាក្រក់ ដែលអ្នកភូមិបាននាំមកដោយចៃដន្យ។ តាមជំនឿរបស់ជនជាតិកឺទូ (Co Tu) ប្រសិនបើមិនប្រព្រឹត្តពិធីនេះទេ យ៉ាង (Giang - ព្រះអាទិទេព) នឹងមិនទទួលយកគ្រឿងបូជា ហើយពិធីបុណ្យនឹងមិនសក្តិសិទ្ធិ ឡើយ។
បន្ទាប់ពីពិធីបន្សុទ្ធ ជនជាតិកឺទូ (Co Tu) បានត្រៀមបម្រុងគ្រឿងសំណែន និងប្រព្រឹត្តពិធី តាក់ឌូឡាវ ដោយថាសអាហារដើម្បីបូជាដល់អារក្សអ្នកតា។ មេភូមិ ឬមេត្រកូលនឹងធ្វើការបន់ស្រន់ បួងសួងសូមឱ្យព្រះអាទិទេពទទួលយកនូវទឹកចិត្តរបស់កូនចៅ។
ជនជាតិកឺទូ (Co Tu) មានជំនឿថា នៅពេលដែលសំឡេងត្រែបន្លឺឡើង វានឹងជួយឱ្យពួកគាត់ភ្ជាប់ទំនាក់ទំនងជាមួយពិភពចេតភាព។
ពិធីបូជាយញ្ញ គឺជាផ្នែកមួយដ៏សំខាន់នៃពិធីបុណ្យ ជាមួយគ្រឿងបូជា គឺជាក្របី ឬពពែ។ នេះគឺជាសត្វសាកសិទ្ធិតំណាងឱ្យព្រលឹងភូមិ បានអ្នកភូមិសង្ឃឹមថា នឹងការពារឃុំគ្រង ថែរក្សាប្រជាជនក្នុងធ្វើដំណើរចូលព្រៃ ធ្វើស្រែចម្ការ។
ចុងក្រោយគឺពិធីបូជាគ្រឿងសំណែនចម្អិនរួច ថ្វាយនៅលើផ្ទះសាកសិទ្ធិ ប៉ារ៉ា (Pa Ra)។ នៅទីនេះ មេភូមិបន់ស្រន់បួងសួងសូមឱ្យអារក្សអ្នកតាទទួលយកគ្រឿងសំណែន ហើយបោះ អាណយ (នំប្រពៃណីមួយប្រភេទ) ឡើងលើដំបូលផ្ទះប៉ារ៉ា (Pa Ra)។ ប្រសិនបើនំជាប់នៅលើដំបូល នោះគឺជាសញ្ញាសម្គាល់ថា ព្រះអាទិទេពបានទទួលពរហើយ សហគមន៍នឹងទទួលបានផលដំណាំល្អ មានសុខភាពល្អ និងសុភមង្គល។
អ្នកភូមិគ្រប់គ្នារាំជុំវិញដើមបង្គោលនេវ (neu) ក្នុងពិធីបុណ្យ។
បន្ទាប់ពីផ្នែកពិធីកិច្ច គឺជាផ្នែកបុណ្យដោយមានសំឡេងគង សំឡេងគែនបន្ទោលគឹកកង អ្នកភូមិរួមគ្នា រាំ ច្រៀង ផឹកស្រាពាង សម្រប់ប្រាណចូលលំហវប្បធម៌ ដែលពោរពេញដោយស្មារតីសហគមន៍។
ពិធីបុណ្យតាកយ៉ាងកាកុង (Tac Giang Ka Coong) ឬ តឹកយ៉ាងស៊ឺ (Tac Giang Xu) មិនមែនគ្រាន់តែជាពិធីកិច្ចប្រជាប្រិយប៉ុណ្ណោះទេ ថែមទាំងជានិមិត្តសញ្ញាណរស់រវើកសម្រាប់ភាពរឹងមាំនៃវប្បធម៌របស់បងប្អូនជនជាតិកឺទូ (Co Tu) ទៀតផង៕
អត្ថបទ និងរូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង