ព័ត៌មាន

ពលីកម្មរបស់ដូនតាជំនាន់មុនៗ នឹងដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជាតិជារៀងរហូត

អញ្ជើញថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា៖ អស់រយៈពេល ៧៩ ឆ្នាំកន្លងមកនេះ បក្សនិងរដ្ឋជានិច្ចកាលកំណត់ថា ការថែទាំជនមានគុណូបការៈគឺជាភារកិច្ចនយោបាយដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីក្រមសីលធម៌ «ផឹកទឹក នឹកដល់ប្រភពដើម» របស់ប្រជាជាតិ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង អញ្ជើញថ្លែងសុន្ទរកថានៅសន្និសីទរំលឹកគុណដល់ជនមានគុណូបការៈចំពោះបដិវត្តន៍ទូទាំងប្រទេសឆ្នាំ២០២៦ និងបំផុសចលនាជំរុញការថែទាំជនមានគុណូបការៈចំពោះបដិវត្តន៍។ រូបថត៖ Duong Giang/VNA

ក្នុងឱកាសរំលឹកខួបលើកទី ៧៩ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦) នាព្រឹកថ្ងៃទី ២៣ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងមហាផ្ទៃបានសម្របសម្រួលជាមួយក្រសួងការពារប្រទេស ក្រសួងនគរបាល កាសែត Nhan Dan ទូរទស្សន៍វៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ រៀបចំសន្និសីទរំលឹកគុណដល់ជនមានគុណូបការៈចំពោះបដិវត្តន៍ទូទាំងប្រទេសឆ្នាំ២០២៦ និងបំផុសចលនាជំរុញការថែទាំជនមានគុណូបការៈចំពោះបដិវត្តន៍។ សន្និសីទមានការចូលរួមពីប្រតិភូចំនួន ៣១០ នាក់ដែលជាជនមានគុណូបការៈនិងក្រុមគ្រួសាររបស់យុទ្ធជនពលីមកពីខេត្តក្រុងទាំង ៣៤ ក្នុងប្រទេស។ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅសន្និសីទ។

មានវត្តមាននៅមជ្ឈមណ្ឌលសន្និសីទជាតិទីក្រុងហាណូយ លោកវរសេនីយ៍ឯក និងជាអ្នកបើកយន្តហោះ Han Van Quang បានចែករំលែកថា៖

“ថ្ងៃនេះខ្ញុំផ្ទាល់មានអារម្មណ៍ថាពិសិដ្ឋណាស់។ ក្នុង​អំឡុង​ពេល​តស៊ូ​ដណ្ដើម​ឯករាជ្យ​ បងប្អូន​និង​សមមិត្តជាច្រើនរបស់ខ្ញុំ ​បាន​ពលីជីវិត ហើយ​ក៏មានយុទ្ធជនពិការ​ច្រើន​នាក់​ដែរ។ ប៉ុន្មានថ្ងៃនេះ ចំពោះការរំលឹកគុណរបស់រដ្ឋ ខ្ញុំគិតថាវាមានអត្ថន័យម៉ែនទែន។ សមមិត្ត បងប្អូនរបស់ខ្ញុំបានពលីសាច់ស្រស់ឈាមស្រស់រាប់មិនអស់ ដើម្បីប្រទេសជាតិយើង មានសុខសន្តិភាព ប្រជាជនមានជីវភាពសុភមង្គលដូចសព្វថ្ងៃ”។

អញ្ជើញថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា៖ អស់រយៈពេល ៧៩ ឆ្នាំកន្លងមកនេះ បក្សនិងរដ្ឋជានិច្ចកាលកំណត់ថា ការថែទាំជនមានគុណូបការៈគឺជាភារកិច្ចនយោបាយដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីក្រមសីលធម៌ «ផឹកទឹក នឹកដល់ប្រភពដើម» របស់ប្រជាជាតិ។ រហូតមកដល់បច្ចុប្បន្ន ជនមានគុណូបការៈជាង ៩,២ លាននាក់ បានទទួលអត្ថប្រយោជន៍ពីរបប និងគោលនយោបាយអនុគ្រោះ។ ក្នុងនោះ ៩៩% នៃគ្រួសារដែលមានគុណូបការៈ មានកម្រិតជីវភាពស្មើនឹង ឬខ្ពស់ជាងកម្រិតជីវភាពជាមធ្យមរបស់ប្រជាជននៅមូលដ្ឋាន។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖

“ត្រូវតែបន្តបំពេញឲ្យកាន់តែប្រសើរឡើងនូវការងារថែទាំយុទ្ធជនពិការ យុទ្ធជនជំងឺ ក្រុមគ្រួសាររបស់យុទ្ធជនពលី និងជនមានគុណូបការៈចំពោះបដិវត្តន៍ រួមចំណែកដល់ការពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល ពង្រឹងជំនឿជាក់របស់ប្រជាជន អប់រំយុវជនជំនាន់ក្រោយអំពីប្រពៃណីស្នេហាជាតិ ហើយបង្កើតកម្លាំងចលករខាងស្មារតីដ៏ធំធេងសម្រាប់បុព្វហេតុកសាង និងការពារមាតុភូមិក្នុងសម័យកាលថ្មី”៕


top