ព័ត៌មាន

ពន្លឿនការសាងសង់សាលារៀននៅតំបន់ព្រំដែន មុនឆ្នាំសិក្សា ២០២៦-២០២៧

ដើម្បីត្រៀមខ្លួនឱ្យបានល្អសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ខេត្តក្វាងនិញកំពុងផ្តោតលើកា​​រកែលម្អហេដ្ឋារចនាសម្ព័ន្ធទាំងមូល រួមទាំងការវិនិយោគលើការសាងសង់សាលារៀនថ្មីចំនួន ១៥ និងបំពាក់គ្រឿងបរិក្ខារបន្ថែមទៀត​សម្រាប់​គ្រឹះស្ថាន​អប់រំ។

រូបថតឧទាហរណ៍។ រូបថត៖ VNA

ប្រព័ន្ធសាលារៀននៅខេត្តក្វាងនិញនៅតែមានស្ថេរភាពដូចឆ្នាំសិក្សាមុនៗដែរ ដោយមានគ្រឹះស្ថានអប់រំមត្តេយ្យសិក្សា និងអប់រំទូទៅជិត ៣៥០ កន្លែង និងគ្រឹះស្ថានអប់រំមត្តេយ្យសិក្សាឯករាជ្យជាង ៣៨០ កន្លែង។ តាម​ការ​គ្រោងទុក បរិមាណសិស្សនឹងកើនឡើងដល់ជាង ៣៧០,០០០ នាក់នៅគ្រប់កម្រិតអប់រំ។

ជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ខេត្តក្វាងនិញបច្ចុប្បន្នមានថ្នាក់រៀនជាង ១១,៧០០ បន្ទប់។ ខេត្តក៏កំពុងវិនិយោគលើការសាងសង់សាលារៀនថ្មីចំនួន ១៥ ខណៈពេលដែលកំពុងជួសជុលសាលារៀនចំនួន ៦៤ កន្លែង។ នៅតំបន់ព្រំដែន ខេត្តកំពុងផ្តោតលើការបញ្ចប់ការសាងសង់​សាលារៀនចំនួន ៦ រួមទាំងសាលាអន្តេវាសិកចំនួន ៥ នៅក្វាងសឺន បិញលៀវ ហ័ញម៉ូ ក្វាងដឹក ឌុងតឹម សាលាបឋមសិក្សានិងមធ្យមសិក្សាហាយសឺន។ លោក ង្វៀន វៀតយុង ប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តក្វាងនិញ បានឱ្យដឹងថា៖ «​ដើម្បីបម្រើដល់ការសិក្សា​មុខវិជ្ជាទាក់ទងនឹងភាសាអង់គ្លេស AI, STEM និងបំណិនផ្សេងៗទៀត នៅក្នុងផែនការសម្រាប់ឆ្នាំ ២០២៦ យើងរំពឹងថានឹងមានថ្នាក់រៀនចំនួន ១១៦ នៅឆ្នាំនេះ និងបន្តអនុវត្តយ៉ាងទូលំទូលាយនៅ​តាមសាលារៀនទាំងអស់​ក្នុងខេត្ត»​។

ក្នុងពេលនោះ នៅទីក្រុងដាណាំង គម្រោងសាលាអន្តេវាសិកអន្តរកម្រិតចំនួន ៦ នៅតាម​បណ្តាឃុំព្រំដែន អាវើង តៃយ៉ាង ហ៊ុងសឺន ដាក់ព្រិង ឡាយេ និង​ឡាអេ កំពុងផ្តោតលើការ​បញ្ចប់​ការសាងសង់ដើម្បីដាក់ឱ្យដំណើរការ។ ថ្នាក់រៀន និងកន្លែងបណ្ដុះបណ្ដាលជាច្រើនត្រូវបានរំពឹងថា នឹងបញ្ចប់និងប្រគល់ជូនមុនថ្ងៃទី ២៥​ ខែសីហា និងថ្ងៃទី ៥​ ខែកញ្ញា។ សាលារៀនទាំង ៦ បានលើកទឹកចិត្តដល់សិស្សចំនួន ៦.៦២៣ នាក់ក្នុងចំណោមសិស្សសរុបចំនួន ៤.៦៦១ នាក់ឱ្យចូលរៀន។ លោក ឡេ ង៉ុកក្វាង លេខាធិការ​គណៈកម្មាធិការបក្សទី​ក្រុងដាណាំង បានស្នើថា៖ «ចាប់ពីពេលនេះរហូតដល់ថ្ងៃ​បើកឆ្នាំ​សិក្សាថ្មី អង្គភាពនានាគួរតែផ្តោតលើការបង្ហើយការងារសំខាន់ៗ រួមទាំងថ្នាក់រៀន និងកន្លែងស្នាក់នៅសម្រាប់គ្រូបង្រៀន និងសិស្សានុសិស្ស ដើម្បីត្រៀមខ្លួនជាស្រេច​សម្រាប់ឆ្នាំសិក្សាថ្មី។ ការងារដែលនៅសេស​សល់នឹងបន្តសាងសង់ និងបញ្ចប់ក្នុងពេលដំណាលគ្នា»​៕​


top