នៅមុនថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៦ - ឆ្នាំដំបូងនៃ អាណិត្តថ្មីរបស់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស - លោកអគ្គលេខាបក្ស តូឡឹម (To Lam) បានទុកពេលវេលា ដើម្បីឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)។
នៅមុនថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៦ - ឆ្នាំដំបូងនៃអាណិត្តថ្មីរបស់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស - លោកអគ្គលេខាបក្ស តូឡឹម(To Lam) បានទុកពេលវេលា ដើម្បីធ្វើបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)។ ខាងក្រោមនេះជាខ្លឹមសារនៃបទសម្ភាសន៍នោះ៖
អ្នកយកព័ត៌មាន៖ លោកអគ្គលេខាបក្សជាទីគោរព ក្នុងអាណត្តិឆ្នាំ២០២០-២០២៥ ប្រទេសជាតិបានប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន ដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែក្រោមការដឹកនាំរបស់បក្ស និងការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល យើងសម្រេចបានលទ្ធផលសំខាន់ៗ និងគ្រប់វិស័យជាច្រើន ក្នុងការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៣ របស់បក្ស។ តើលោកអាចចែករំលែកអំពីសមិទ្ធផលលេចធ្លោមួយចំនួន ក្នុងរយៈពេលកន្លងមកបានទេ?
លោក អគ្គលេខាបក្ស តូឡឹម (To Lam)៖ ជាដំបូង ចាំបាច់ត្រូវបញ្ជាក់ពី សមិទ្ធផល ដែលប្រទេសសម្រេចបានក្នុងអាណត្តិកន្លងមក គឺជាលទ្ធផលដឹកនាំដ៏ឆ្នើមរបស់បក្ស ការចូលរួមយ៉ាងប្តូរផ្តាច់នៃប្រព័ន្ធនយោបាយទាំងមូល និងលើសពីនេះទៅទៀត គឺការឯកភាពគ្នា ការតាំងចិត្ត ឆន្ទៈនិងមនសិការរបស់ប្រជាជនយើងក្នុងគ្រាលំបាកនេះ។ អាណត្តិនៃមហាសន្និបាតលើកទី១៣ របស់បក្ស គឺជាសម័យកាលដ៏លំបាកមួយ ។ ជំងឺរាតត្បាត គ្រោះមហន្តរាយធម្មជាតិ បម្រែបម្រួលអាកាសធាតុ ស្ថានភាពពិភពលោកប្រែប្រួល ការលំបាកផ្នែកសេដ្ឋកិច្ច ការរអាក់រអួលខ្សែសង្វាក់ផ្គត់ផ្គង់ ការងារ សម្ពាធហិរញ្ញវត្ថុ និងធនាគារ... បានកើតឡើងជាបន្តបន្ទាប់ ដែលបង្កបញ្ហាដ៏ស្មុគស្មាញ តម្រូវឱ្យមានដំណោះស្រាយតាមរយៈគោលនយោបាយ វិធានការដោះស្រាយរហ័ស ច្បាស់លាស់ និងម៉ឺងម៉ាត់។ ទោះបីមានលំបាកជាច្រើន ប៉ុន្តែយើងបានជម្នះ និងឈានដល់គោលដៅ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការប្រឈមមុខនឹងការលំបាកជាច្រើន ប៉ុន្តែប្រទេសនៅតែរក្សាបាននូវស្ថិរភាព សង្គមរក្សាបាននូវសណ្តាប់ធ្នាប់ និងទំនុកចិត្ត ចរន្តសេដ្ឋកិច្ច - ផលិតកម្ម - ចរាចរ ត្រូវបានស្តារឡើងវិញទាន់ពេលវេលា ដើម្បីឱ្យយើងបន្តឈានទៅមុខ។។
ស្តីពីសេដ្ឋកិច្ច យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្តារឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត និងរក្សាតុល្យភាពសំខាន់ៗ ដោយរក្សាសេដ្ឋកិច្ចមិនឱ្យធ្លាក់ចុះ ខណៈពេលប្រឈមមុខនឹងបញ្ហាប្រឈមខាងក្រៅ។ វិស័យ មូលដ្ឋាន និងអាជីវកម្មជាច្រើនបានដឹងពីរបៀបផ្លាស់ប្តូរ ច្នៃប្រឌិត ស្វែងរកទីផ្សារ បង្កើតការងារ និងរក្សាផលិតកម្ម។ លទ្ធផលគឺ សេដ្ឋកិច្ចរបស់យើងបានបង្ហាញពីភាពធន់ ភាពរឹងមាំ និងស្មារតីមិនរាថយ។
ស្តីពីសង្គម យើងបានប្រកាន់ខ្ជាប់ជានិច្ចនូវទិសដៅអភិវឌ្ឍ មិនត្រឹមតែកំណើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវជីវិតរបស់ប្រជាជនឲ្យមានស្ថិរភាព និងប្រសើរឡើងផងដែរ។ នៅក្នុងគ្រាលំបាក ស្មារតីជួយគាំទ្រគ្នាទៅវិញទៅមក និងការលះបង់ដ៏ស្ងៀមស្ងាត់ និងធំធេងរបស់កងកម្លាំងជួរមុខ - កងទ័ព ប៉ូលិស បុគ្គលិកពេទ្យ គ្រូបង្រៀន កម្មករ។ល។ - បានបន្សល់ទុកនូវមេរៀនដ៏ជ្រាលជ្រៅអំពីកម្លាំងសមាគ្គី។ គោលនយោបាយសុខុមាលភាពសង្គម កាត់បន្ថយភាពក្រីក្រ និងការយកចិត្តទុកដាក់ចំពោះក្រុមងាយរងគ្រោះ និងតំបន់ដែលមានការលំបាកនៅតែបន្តអនុវត្ត ដោយមានគោលបំណងច្បាស់លាស់មួយ៖ មិនទុកនរណាម្នាក់នៅខាងក្រោយឡើយ។
ស្តីពីកិច្ចការបរទេស យើងតែងតែប្រកាន់ខ្ជាប់វគោលនយោបាយកិច្ចការបរទេស ឯករាជ្យ ស្វ័យភាព ។ យើងជាមិត្តភក្តិ ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិក ដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។ ក្នុងស្ថានភាពពិភពលោកមានការបែកបាក់ និងការប្រកួតប្រជែងខ្លាំង ការរក្សាបានស្ថានភាពសន្តិសុខ ស្ថេរភាព និងពង្រីកកិច្ចសហប្រតិបត្តិការ ឆ្លៀតយកប្រភពធនធានសម្រាប់ការអភិវឌ្ឍ គឺជាសមិទ្ធផលដ៏គួរឱ្យគោរព។ កិច្ចការបរទេសរបស់យើងមិនត្រឹមតែដើម្បី "បង្កើនមិត្ត បន្ថយសត្រូវ" ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀត គឺការពង្រីកលំហអភិវឌ្ឍ បង្កើនឋានៈរបស់ប្រទេសជាតិ ដើម្បីរួមគ្នាអភិវឌ្ឍក្នុងបរិយាកាសសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងសមភាព។
អំពីការកសាងបក្ស និងប្រព័ន្ធនយោបាយ យើងព្យាយាមប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋាន៖ រក្សាវិន័យ និងសណ្តាប់ធ្នាប់ រក្សាភាពស្មោះត្រង់ លើកកម្ពស់សុចរិតក្នុងកងជួរកម្មាភិបាល បក្ខជន និងពង្រឹងទំនុកចិត្តរបស់ប្រជាជន។ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ ភាពអវិជ្ជមាន នៅតែបន្តជំរុញដោយស្មារតីធ្វើឲ្យចប់ចុងចប់ដើម មិនជៀសវាង គ្មានតំបន់ហាមឃាត់ និងគ្មានករណីលើកលែង។ គោលដៅមិនត្រឹមតែដោះស្រាយអំពើខុសឆ្គងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការយល់ដឹង កសាង និងធ្វើឱ្យសុក្រិតនូវយន្តការ ដើម្បីភាពត្រឹមត្រូវត្រូវបានការពារ មនុស្សល្អត្រូវបានលើកទឹកចិត្ត ហើយកម្មាភិបាលអាចស្ងប់ចិត្ត ដើម្បីធ្វើការបម្រើប្រជាជន បម្រើជាតិ។
បូកសរុបមក បើសង្ខេបពីសមិទ្ធផលលេចធ្លោនៃអាណត្តិនេះ ខ្ញុំចង់និយាយថា៖ យើងបានយកឈ្នះលើបញ្ហាប្រឈមដោយឆន្ទៈ ការតាំងចិត្ត និងការឯកភាពគ្នា រក្សាស្ថិរភាពសម្រាប់ការអភិវឌ្ឍ និងព្យាយាមកែទម្រង់ និងកែលម្អឥតឈប់ឈរ ដើម្បីឈានទៅមុខឲ្យលឿន និងស្ថិរភាពជាងមុន។ សមិទ្ធផលទាំងនេះគឺធំធេងណាស់ ហើយគួរឲ្យគោរព ប៉ុន្តែយើងត្រូវតែរក្សាសុភាព ប្រុងប្រយ័ត្ន និងមិន «ដេកលក់ក្នុងជ័យជម្នះ" »។ ផ្លូវខាងមុខមានកិច្ចការសំខាន់ៗ និងលំបាកជាច្រើន យើងចង់ដើរទៅឆ្ងាយ និងទៅដល់គោលដៅ រឿងសំខាន់បំផុតគឺការរក្សាជំនឿ វិន័យ ហើយដាក់ផលប្រយោជន៍ជាតិ និងសុភមង្គលរបស់ប្រជាជនជាចម្បងបង្អស់។
អ្នកយកព័ត៌មាន៖សូមលោកវាយតំលៃអំពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងអវិជ្ជមានក្នុងអាណត្តិកន្លងមក និងទិសដៅដាក់ចេញក្នុងអាណត្តិខាងមុខ ដើម្បីកសាងបក្សឲ្យកាន់តែស្អាតស្អំ និងរឹងមាំ ដឹកនាំប្រទេសឲ្យកាន់តែអភិវឌ្ឍនៅក្នុងយុគសម័យថ្មី?
លោកអគ្គលេខាបក្ស តូ ឡឹម (To Lam)៖ ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាអវិជ្ជមាន គឺជាកិច្ចការដ៏សំខាន់មួយ។ នេះគឺការរក្សាកិត្យានុភាពរបស់បក្ស ការរក្សាវិន័យ និងនីតិរដ្ឋ និងសំខាន់បំផុត គឺការរក្សាទំនុកចិត្តរបស់ប្រជាជន។ ក្រឡេកមើលទៅអាណត្តិកន្លងមក អាចបញ្ជាក់បានថា «សមរភូមិប្រឆាំងនឹងសត្រូវផ្ទៃក្នុង» បានមានការផ្លាស់ប្តូយ៉ាងច្បាស់លាស់ ជម្រៅ និងខ្លឹមសារពិតប្រាកដ ដោយបានអនុវត្តយ៉ាងមានប្រព័ន្ធ ម៉ឺងម៉ាត់ វិទ្យាសាស្ត្រ និងមានឆន្ទៈខ្ពស់។ វាមិនត្រឹមតែជាការប្តេជ្ញានយោបាយប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាសកម្មភាពប្រចាំថ្ងៃរបស់ប្រព័ន្ធទាំងមូល និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន។
ព្រមទាំង យើងក៏បានពង្រីកការផ្តោតអារម្មណ៍លើការប្រឆាំងអំពើពុករលួយឲ្យទៅជាការប្រឆាំងនឹងការខ្ជះខ្ជាយ និងភាពអវិជ្ជមាន ព្រោះថា ការខ្ជះខ្ជាយជារឿយៗទោះជាមិនមានភាពអ៊ូអរ ប៉ុន្តែផលវិបាកគឺធំធេងណាស់ ដែលធ្វើឱ្យប្រភពធនធានជាតិថយចុះ និងធ្វើឱ្យការអភិវឌ្ឍយឺត។ អ្វីដែលគួរឱ្យរីករាយនោះគឺ ក្នុងដំណើរការនេះ យើងកាន់តែយល់ច្បាស់នូវសច្ចធម៌មួយថា៖ ការសម្អាតប្រព័ន្ធម៉ាស៊ីន មិនមែនរារាំងការអភិវឌ្ឍ គឺដើម្បីអភិវឌ្ឍល្អ ចីរភាពជាងមុន។ ការដោះស្រាយការបំពានមិនធ្វើឱ្យប្រព័ន្ធចុះខ្សោយឡើយ គឺដើម្បីរក្សាវិន័យ សណ្ដាប់ធ្នាប់ ដើម្បីឱ្យកងជួរកម្មាភិបាលរបស់យើងកាន់តែរឹងមាំ ដើម្បីឱ្យអ្នកសុចរិតមានកន្លែងឈរ អ្នកធ្វើត្រឹមត្រូវមានបង្អែក និងកុំឱ្យមាន "ដង្កូវស៊ីផ្ទៃក្នុង" នៅក្នុងប្រព័ន្ធនយោបាយ។
ទោះជាយ៉ាងណាក៏ដោយ យើងក៏ត្រូវតែទទួលស្គាល់ដោយស្មោះត្រង់ថា អំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមានគឺជា "ពិការភាពពីកំណើត" គឺ "សត្រូវផ្ទៃក្នុង" ដែលលាក់ទុកនៅក្នុងប្រព័ន្ធ។ នៅកន្លែងខ្លះ និងពេលខ្លះ យើងមិនបានយល់ឃើញគ្រប់គ្រាន់ ដើម្បីកំណត់អត្តសញ្ញាណពួកគេ តាំងពីដំបូងឡើយ។ នៅតែមានស្ថានភាពគេចវេស រុញច្រាន "ខ្លាចទំនួលខុសត្រូវ" នៅតែមានចន្លោះប្រហោងនៃយន្តការ ការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈ គម្រោងវិនិយោគ ដីធ្លី ការដេញថ្លៃ...ប្រសិនបើមិនគ្រប់គ្រងឱ្យបានតឹងរ៉ឹងទេ វាងាយនឹងកើតមានការបំពានណាស់។ ម្យ៉ាងទៀត លទ្ធផលត្រូវបានគោរព ប៉ុន្តែដាច់ខាតមិនត្រូវធ្វេសប្រហែស។ ចាំបាច់ត្រូវមានវ៉ាក់សាំង មាន "ថ្នាំអង់ទីប៊ីយោទិច" មាន "សុខាភិបាលបង្ការ" "សុខាភិបាលសហគមន៍" ដើម្បីបង្ការ រកឃើញ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ចំពោះទិសដៅក្នុងអាណត្តិខាងមុខ ខ្ញុំចង់សង្កត់ធ្ងន់លើចំណុចធំៗមួយចំនួន ក្នុងស្មារតីម៉ឺងម៉ាត់ អត់ធ្មត់ ធ្វើដល់ណាឱ្យច្បាស់ដល់នោះ៖
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការមជ្ឈិមបក្ស គណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងភាពអវិជ្ជមាន បានរៀបចំសន្និសីទទូទាំង ដើម្បីបូកសរុបការងារបង្ការ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងភាពអវិជ្ជមាន ក្នុងអំឡុងពេលមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្ស បានរៀបចំដោយផ្ទាល់ និងតាមអនឡាញ។ លោកអគ្គលេខាបក្ស តូឡឹម (To Lam) ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិមនេះ បានអញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទ។ រូបថត៖ VNA
ទីមួយ ផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាជនត្រូវតែជាអាទិភាពដំបូង។ ការតស៊ូត្រូវតែមានភាពម៉ឺងម៉ាត់ ភាពអត់ធ្មត់ ទៀងទាត់ និងបន្តបន្ទាប់។ ដំណោះស្រាយយ៉ាងតឹងរ៉ឹង ប៉ុន្តែក៏សមហេតុផល មនុស្សធម៌ និងយុត្តិធម៌ មិនមានតំបន់ហាមឃាត់ គ្មានករណីលើកលែង។ ព្រមទាំង ត្រូវតែមានយន្តការ ដើម្បីការពារមន្ត្រីដែលហ៊ានគិត ហ៊ានធ្វើ និងច្នៃប្រឌិតសម្រាប់ផលប្រយោជន៍រួម ដើម្បីកុំឱ្យអ្នកដែលធ្វើត្រឹមត្រូវមិនត្រូវខាតបង់ អ្នកដែលធ្វើល្អមិនត្រូវទុកឲ្យឯកោ។
ទីពីរ ផ្លាស់ប្តូរមាំទៅរកការបង្ការ ដោយចាត់ទុកការបង្ការជាឬគល់។ ការប្រយុទ្ធប្រឆាំងនឹងអំពើខុសឆ្គងគឺចាំបាច់ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺមិនឱ្យអ្វីដែលអាក្រក់មានដីលូតលាស់។ ដើម្បីសម្រេចបាននូវគោលដៅនេះ យើងត្រូវតែបន្តកែលម្អយន្តការ បទប្បញ្ញត្តិ និងនីតិវិធី បញ្ជាក់អំពីការទទួលខុសត្រូវ និងសិទ្ធិអំណាច ពង្រឹងការគ្រប់គ្រង និងបង្កើនតម្លាភាព ជាពិសេសនៅក្នុងតំបន់ ដែលងាយនឹងកើតអំពើពុករលួយ។
ទីបី ប្រមូលផ្ដុំធ្វើសម្រេចច្បាប់ បិទចន្លោះប្រហោង និងបង្កើត "ក្របខ័ណ្ឌស្តង់ដារ" សម្រាប់សុចរិតភាព។ ទស្សនៈ និងគោលនយោបាយត្រឹមត្រូវរបស់បក្ស ត្រូវបានកំណត់យ៉ាងពេញលេញ និងទូលំទូលាយទៅជាបទប្បញ្ញត្តិច្បាប់។ វិមជ្ឈការ និងការផ្ទេរអំណាចត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការគ្រប់គ្រងអំណាច ផ្ទេរអំណាចត្រូវតែភ្ជាប់ទៅនឹងការទទួលខុសត្រូវ ដោយមិនទុក "ចន្លោះប្រហោង" ក្លាយជា "តំបន់ងងឹត"។ ត្រូវតែមានវិធានការរួម ដើម្បីធានាថាមុខសញ្ញាទាំងអស់ "មិនអាច" "មិនហ៊ាន" និង "មិនចាំបាច់" ប្រព្រឹត្តអំពើពុករលួយ និងអវិជ្ជមានភាព។
ទីបួន ចាត់ទុកការប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ ជារណសិរ្សដ៏សំខាន់មួយ។ ការខ្ជះខ្ជាយមិនត្រឹមតែជាលុយប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពេលវេលា ឱកាស ធនធាន និងសូម្បីតែការជឿទុកចិត្តផងដែរ។ ដូច្នេះ យើងត្រូវតែពិនិត្យឡើងវិញ និងដោះស្រាយយ៉ាងដាច់ស្រេចនូវគម្រោង ដែលអនុវត្តយឺត អូសបន្លាយ និងគ្មានប្រសិទ្ធភាព ពង្រឹងវិន័យហិរញ្ញវត្ថុ - ថវិការដ្ឋ លើកកម្ពស់គុណភាពនៃការគ្រប់គ្រងសាធារណៈ ដើម្បីឱ្យលុយប្រាក់នីមួយៗ ដីនីមួយៗ និងទ្រព្យសម្បត្តិសាធារណៈនីមួយៗ បម្រើឱ្យការអភិវឌ្ឍ និងប្រជាជនដោយពិតប្រាកដ។ "យើងមានគោលការណ៍ផ្តល់អាទិភាពលើការបែងចែកធនធានសម្រាប់ការអភិវឌ្ឍ ប៉ុន្តែនេះក៏ជាផ្នែកមួយនៃ "ដី" ដែលអាចបង្កឱ្យមានការខ្ជះខ្ជាយផងដែរ។ ហេតុដូច្នេះ យើងចាំបាច់ត្រូវមានការព្រមាន និងមានវិធានការទប់ស្កាត់ ដើម្បីកុំឱ្យមានការខ្ជះខ្ជាយនានាកើតឡើងបាន។"
ទីប្រាំ លើកកម្ពស់តួនាទីរបស់អង្គការមូលដ្ឋានបក្ស និងការត្រួតពិនិត្យរបស់ប្រជាជន។ កន្លែងណាដែលអង្គការបក្សរឹងមាំ វិន័យតឹងរ៉ឹង ហើយប្រជាជនដឹង ប្រជាជនពិគ្រោះយោបល់ និងប្រជាជនត្រួតពិនិត្យមានប្រសិទ្ធភាព អវិជ្ជមានភាពមិនសូវរីកចម្រើនទេ។ ការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន មិនមែនគ្រាន់តែជាភារកិច្ចរបស់ស្ថាប័នមានសមត្ថកិច្ចទេ វាចាំបាច់ត្រូវជាផ្នត់គំនិត ជាឥរិយាបថវប្បធម៌នៅទូទាំងប្រព័ន្ធ ដែលក្នុងនោះការធ្វើជាគំរូរបស់អ្នកដឹកនាំគឺជាគន្លឹះ។
ខ្ញុំចង់សង្កត់ធ្ងន់បន្ថែមទៀតថា៖ ឈានចូលដំណាក់កាលអភិវឌ្ឍនថ្មី យើងត្រូវការប្រព័ន្ធម៉ាស៊ីនស្អាតស្អំ និងរឹងមាំ ដើម្បីទទួលបានទំនុកចិត្តពីប្រជាជន ប្រព័ន្ធរឹងមាំដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាព និងមនុស្សធម៌ ដើម្បីបង្រួបបង្រួម។ ធ្វើការងារនេះ យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់៖ ប្ដេជ្ញានឹងកំហុសឆ្គង ប៉ុន្តែក៏បង្កើតបរិយាកាសសម្រាប់សកម្មភាពត្រឹមត្រូវដើម្បីរីកចម្រើន ចំណាត់ការតឹងរ៉ឹង ដើម្បីព្រមាន ប៉ុន្តែត្រូវកែលម្អយន្តការ ដើម្បីមនុស្សល្អមានឱកាសធ្វើការ និងដើម្បីសង្គមដំណើរការដោយតម្លាភាព និងមានសណ្តាប់ធ្នាប់។
ដោយបន្តកម្មវិធីនៃសម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គនៅសាលប្រជុំ ដើម្បីបោះឆ្នោតអនុម័តលើច្បាប់ ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ រូបថត៖ យ័នតួន – VNA
អ្នកយកព័ត៌មាន៖ មុនពេលមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស សូមលោកអគ្គលេខាបក្ស ចែករំលែកអំពីសារៈសំខាន់នៃមហាសន្និបាតលើកនេះ បណ្ដាទស្សនៈគោល ចក្ខុវិស័យយុទ្ធសាស្ត្រ និងសេចក្តីប្រាថ្នាអភិវឌ្ឍប្រទេសវៀតណាមរុងរឿង សម្បូរណ៍ស៊ីវិល័យ អរិយធម៌ និងសុភមង្គល?
លោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ៖ រាល់មហាសន្និបាតរបស់បក្ស គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ប៉ុន្តែចំពោះមហាសន្និបាតលើកទី១៤នេះ អត្ថន័យកាន់តែជ្រៅទៅទៀត ពីព្រោះយើងនឹងរៀបចំមហាសន្និបាតក្នុងបរិបទនៃពិភពលោកមានបម្រែបម្រួលយ៉ាងឆាប់រហ័ស ចលាចលច្រើន ពិបាកប៉ានស្មានមុន ខណៈពេលដែលប្រទេសយើង បន្ទាប់ពីការផ្លាស់ប្តូរថ្មីរាប់ទសវត្សរ៍ សមិទ្ធផល សក្តានុពល និងជំហរថ្មី ព្រមទាំងកំពុងប្រឈមមុខនឹងតម្រូវការអភិវឌ្ឍន៍ថ្មី ខ្ពស់ជាង និងប្ដេជ្ញាជាង។
នេះគឺជាពេល ដែលយើងត្រូវមើលឱ្យត្រង់ទៅលើភាពជាក់ស្តែង កំណត់ឱ្យបានត្រឹមត្រូវនូវឱកាស និងបញ្ហាប្រឈម សរុបនូវអ្វីដែលសម្រេចបាន ចង្អុលបង្ហាញនូវអ្វីដែលនៅសេសសល់ ហើយអ្វីដែលសំខាន់បំផុតគឺការឯកភាពឆន្ទៈ និងសកម្មភាព ដើម្បីបន្តដំណើរទៅមុខយ៉ាងរឹងមាំ។ ខ្ញុំគិតថា មានចំណុចធំៗ ចំនួនបី អំពីគោលគំនិតចង្អុលការ និងចក្ខុវិស័យយុទ្ធសាស្ត្រ ដែលមហាសន្និបាតលើកនេះត្រូវបញ្ជាក់ឱ្យច្បាស់ និងផ្សព្វផ្សាយឱ្យបានខ្លាំងក្លា ដូចខាងក្រោម៖
ទីមួយគឺសាមគ្គី និងទំនុកចិត្ត។ សាមគ្គីមិនមែនគ្រាន់តែជាសម្លោក ឬការអំពាវនាវ។ សាមគ្គីត្រូវតែក្លាយរបៀបរបបនៃការប្រព្រឹត្តរបស់ប្រព័ន្ធទាំងមូល និងរបស់ជនជាតិវៀតណាមម្នាក់ៗ៖ សាមគ្គីក្នុងបក្ស សាមគ្គីក្នុងចំណោមប្រជាជន សាមគ្គីរវាងឆន្ទៈរបស់បក្ស និងសេចក្តីប្រាថ្នារបស់ប្រជាជន។ ចេះដាក់ការងាររួមជាចម្បង ចេះលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន នៅពេលចាំបាច់។ ហើយរួមជាមួយនឹងសាមគ្គី គឺទំនុកចិត្ត៖ ជឿជាក់លើផ្លូវ ដែលយើងបានជ្រើសរើស ជឿជាក់លើកម្លាំងរបស់ប្រទេសជាតិ ជឿជាក់លើរឿងល្អៗនឹងកើតឡើង ប្រសិនបើយើងធ្វើការដោយខ្ជាប់ខ្ជួន និងដើម្បីប្រទេស និងដើម្បីប្រជាជន។
ទីពីរគឺ វិន័យ និងរបកគំហើញ។ ប្រសិនបើប្រទេសចង់រីកចម្រើនឆាប់រហ័ស យើងត្រូវការមានរបកគំហើញ ប៉ុន្តែប្រសិនបើយើងចង់ទៅឆ្ងាយ យើងត្រូវតែមានវិន័យ។ ដូច្នេះ បាវចនាសកម្មភាពរបស់មហាសន្និបាតលើកនេះ ត្រូវបានកំណត់យ៉ាងច្បាស់លាស់គឺ៖ "សាមគ្គី - ប្រជាធិបតេយ្យ - វិន័យ - របកគំហើញ - អភិវឌ្ឍ"។ របកគំហើញ នៅទីនេះមិនមែនគ្រាន់តែអំពីការធ្វើ «រឿងថ្មីៗ» មួយចំនួននោះទេ ប៉ុន្តែនោះគឺបន្លាស់ប្ដូរគំនិតហ៊ាន «ប៉ះ» នូវចំណុចកកស្ទះពិតប្រាកដ៖ យន្តការ ម៉ាស៊ីនរដ្ឋបាល គុណភាពធនធានមនុស្ស សមត្ថភាពអភិបាលកិច្ច វិន័យសេវាសាធារណៈ ដើម្បីឱ្យប្រទេសដំណើរការរលូន យុត្តិធម៌ តម្លាភាព និងមានប្រសិទ្ធភាពជាង។
ទីបីគឺអភិវឌ្ឍដើម្បីមនុស្ស ដោយចំណេះដឹង។ សេចក្តីប្រាថ្នា «រុងរឿងទ្រ សម្បូរណ៍ អរិយធម៌ និងសុភមង្គល» ដំបូងត្រូវតែវាស់វែងដោយរឿងធម្មតាៗ ៖ ប្រជាជនមានការងារល្អជាងមុនអត់? ប្រាក់ចំណូលមានស្ថិរភាពជាងមុនអត់? តើពួកគេមានលំនៅ «សមរម្យជាង ធំទូលាយជាងមុនទេ? តើកូនចៅរបស់ពួកគេទៅសិក្សា រៀនសូត្រមានអំណោយផល់ទេ? តើអ្នកជំងឺទទួលបានការថែទាំសុខភាពល្អជាងមុនទេ? តើមនុស្សចាស់មានទីពឹងទេ? ហើយតើតំបន់ ដែលមានស្ថានភាពលំបាកទទួលបានជំនួយទាន់ពេលវេលាទេ?... ហើយប្រសិនបើយើងចង់ឲ្យអ្វីៗកាន់តែ «ប្រសើរជាង» យើងត្រូវតែចាត់ទុកថា ចំណេះដឹង វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាកត្តាជំរុញសំខាន់ៗ នៃគំរូកំណើនថ្មី ព្រមទាំងពង្រីកនូវរាល់ធនធានសង្គមទាំងដោយរឹងមាំ ក្នុងនោះសេដ្ឋកិច្ចឯកជនជាកម្លាំងចលករសំខាន់។
ចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់មហាសន្និបាតក៏ត្រូវបានភ្ជាប់ទៅនឹងព្រឹត្តិការណ៍សំខាន់ៗច្បាស់លាស់ផងដែរ៖ ការជ្រើសរើសគោលនយោបាយដើម្បីសម្រេចគោលដៅដោយជោគជ័យ នៅឆ្នាំ២០៣០ និងសម្រេចចក្ខុវិស័យនៅឆ្នាំ២០៤៥។ ទាំងនោះគឺជា "ព្រឹត្តិការណ៍សំខាន់ៗ" ដែលត្រូវខិតខំដើម្បីឲ្យវិស័យនីមួយៗ មូលដ្ឋាននីមួយៗ ស្ថាប័ននីមួយៗ និងប្រជាពលរដ្ឋម្នាក់ៗ ឃើញថា ខ្លួនមានតួនាទីជាក់លាក់ក្នុងដំណើររួម។
យោងតាមផែនការ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស នឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ។ នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់សម្រាប់បក្ស និងប្រជាជាតិយើង ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រទេសក្នុងសម័យកាលហូជីមិញ ដែលកត់សម្គាល់ការប្រមូលផ្ដុំប្រពៃណីវប្បធម៌រាប់ពាន់ឆ្នាំរបស់ប្រទេសជាតិ ដើម្បីឈានចូលក្នុងសម័យកាលថ្មី។ កម្មាភិបាល បក្ខជន និងប្រជាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង តាមដាន និងរំពឹងទុកនូវភាពជោគជ័យរបស់មហាសន្និបាតនេះ។ ខ្ញុំជឿជាក់ថា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស ពិតជាកន្លែងប្រមូលផ្តុំប្រាជ្ញា ភាពក្លាហាន និងសេចក្តីប្រាថ្នា គឺមហាសន្និបាតដែលនិយាយការពិត ពិភាក្សាអំពីអ្វីដែលត្រូវពិភាក្សា និងធ្វើការសម្រេចចិត្តត្រឹមត្រូវចំពោះអ្វីដែលត្រូវសម្រេច។
នៅយប់ថ្ងៃទី ២ ខែកញ្ញា ប្រជាជនរដ្ឋធានីហាណូយបានរីករាយនឹងការបាញ់កាំជ្រួចដ៏អស្ចារ្យ ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាដ៏ជោគជ័យ (ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៥- ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥) និងទិវាជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥)។ រូបថត៖ – VNA
អ្នកយកព័ត៌មាន៖ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៦ តើលោកអគ្គលេខាបក្ស មានសារអ្វីផ្តាំផ្ញើទៅកាន់ប្រជាជនវៀតណាម និងសហគមន៍អន្តរជាតិ?
លោកអគ្គលេខាបក្ស តូ ឡឹម (To Lam)៖ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៦ ខ្ញុំសូមផ្ញើសារខ្លី និងស្មោះស្ម័គ្រមួយ។ ចំពោះប្រជាជនវៀតណាម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ព្រោះទំនុកចិត្ត ការលះបង់ដោយស្ងៀមស្ងាត់ ការអត់ធ្មត់ និងមនោសញ្ចេតនា ដែលបងប្អូនជនរួមជាតិបានផ្តល់ឱ្យគ្នាទៅវិញទៅមក និងផ្តល់ឱ្យប្រទេសជាតិ ក្នុងរយៈពេលជាច្រើនឆ្នាំ ដែលមានបម្រែបម្រួលច្រើន។ ខ្ញុំសង្ឃឹមថារាល់ក្រុមគ្រួសារ នឹងទទួលឆ្នាំថ្មីប្រកបដោយសេចក្តីសុខសាន្ត ម្នាក់ៗឈានចូលឆ្នាំថ្មីជាមួយនឹងរឿងដ៏សាមញ្ញមួយគឺ៖ ធ្វើការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរជាង ជីវភាពរស់នៅទាំងសម្ភារៈ និងស្មារតីកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ខណៈពេលដែលរាប់លានរឿង "ល្អប្រសើរជាងមុន" នោះបានបូកបញ្ចូលគ្នា ប្រទេសជាតិនឹងរឹងមាំឡើងដោយចីរភាព។
ខ្ញុំក៏សង្ឃឹមថា កងជួរកម្មាភិបាល បក្ខជនគ្រប់ជាន់ថ្នាក់ ត្រូវចងចាំជានិច្ចថា៖ តំណែងកាន់តែខ្ពស់ ទំនួលខុសត្រូវកាន់តែធំ កាន់តែមានអំណាចកាន់តែប្រកាន់ខ្ជាប់នូវវិន័យ សុចរិតភាព និងភាពជាគំរូ។ រឿងណាដែលផ្តល់ប្រយោជន៍ដល់ប្រជាជន ត្រូវខិតខំធ្វើឱ្យអស់ពីសមត្ថភាព រឿងណាដែលបង្ករំខានដល់ប្រជាជន ត្រូវខិតខំជៀសវាង អ្វីដែលខុសត្រូវតែកែប្រែ អ្វីដែលត្រឹមត្រូវត្រូវការពារ។
ចំពោះមិត្តភក្តិ និងសហគមន៍អន្តរជាតិ វៀតណាមតែងតែគោរពសុឆន្ទៈ ទំនុកចិត្ត និងសហប្រតិបត្តិការ។ យើងប្រាថ្នាចង់រួមសុខរួមទុក្ខជាមួយបណ្តាប្រទេស អង្គការ និងប្រជាជនទូទាំងពិភពលោកកសាងបរិយាកាសសន្តិភាព ស្ថិរភាព សហប្រតិបត្តិការរួមអភិវឌ្ឍន៍។ វៀតណាមតែងតែជាដៃគូគួរទំនុកចិត្ត សមាជិកមានទំនួលខុសត្រូវ រួមដៃគ្នាដោះស្រាយបញ្ហាប្រឈមរួម ដូចបម្រែបម្រួលអាកាសធាតុ សន្តិសុខមិនមែនជាប្រពៃណី អភិវឌ្ឍបរិយាប័ន្ន បរិវត្តកម្មឌីជីថល និងនវានុវត្តន៍។
យើងជឿជាក់ថា អ្វីដែលល្អបំផុតតែងតែចាប់ផ្តើមពីការគោរពគ្នាទៅវិញទៅមក ពីការសន្ទនាដោយស្មោះត្រង់ និងពីកិច្ចសហប្រតិបត្តិការ ដែលនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃបណ្តាប្រទេស និងជាតិសាសន៍នានានៅលើពិភពលោក។
សូមជូនពរជនរួមជាតិ យុទ្ធជនទូទាំងប្រទេស និងមិត្តភក្តិអន្តរជាតិ ក្នុងឆ្នាំ២០២៦ មានសុខភាពល្អ សុខសាន្ត សហប្រតិបត្តិការ និងអភិវឌ្ឍ។ ជូនពរឆ្នាំថ្មី ឆ្នាំ២០២៦!
នៅថ្ងៃទី ១៤ ខែតុលា ម៉ោងនៅទីក្រុងញូវយ៉ក (ព្រឹកព្រលឹមថ្ងៃទី ១៥ ខែតុលា ម៉ោងនៅរដ្ឋធានីហាណូយ) នៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ សម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានជ្រើសរើសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ ២០២៦ - ២០២៨។ វៀតណាមត្រូវបានជាប់ឆ្នោតជាថ្មម្តងទៀត ជាសមាជិកនៃ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជាមួយនឹងសំឡេងគាំទ្រចំនួន ១៨០ ដែលជាចំនួនសំឡេងគាំទ្រខ្ពស់បំផុត ក្នុងចំណោមតំណាងមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។ រូបថត៖ ថាញ់ទួន - អ្នកសារព័ត៌មាន VNA ប្រចាំនៅសហរដ្ឋអាមេរិក