ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

ផ្សាយផ្ទាល់ (Livestream) នៅផ្សារណាត់សានថាង (San Thang)

ដោយ​សារ​មាន​វគ្គហ្វឹកហាត់បំណិន​ជំនាញអាជីវកម្មលើមូលដ្ឋាន​ឌីជីថល ការកសាង ផ្សព្វផ្សាយរូបភាព និងពាណិជ្ជសញ្ញា​កសិផល​ក្នុងតំបន់ ដែលបងប្អូន​ជនជាតិភាគតិចនាំយកកសិផល​មកលក់នៅផ្សារណាត់​សានថាង​ (San Thang) (ខេត្ត​ឡាយចូវ - Lai Chau) បានអនុវត្តការផ្សាយផ្ទាល់ (livestream) ដើម្បីផ្សព្វផ្សាយ និងលក់ផលិតផល។

ដោយ​សារ​មាន​វគ្គហ្វឹកហាត់បំណិន​ជំនាញអាជីវកម្មលើមូលដ្ឋាន​ឌីជីថល ការកសាង ផ្សព្វផ្សាយរូបភាព និងពាណិជ្ជសញ្ញា​កសិផល​ក្នុងតំបន់ ដែលបងប្អូន​ជនជាតិភាគតិចនាំយកកសិផល​មកលក់នៅផ្សារណាត់​សានថាង​ (San Thang) (ខេត្ត​ឡាយចូវ - Lai Chau) បានអនុវត្តការផ្សាយផ្ទាល់ (livestream) ដើម្បីផ្សព្វផ្សាយ និងលក់ផលិតផល។

ផលិតផលត្រូវបាន​ធានាល្អ​ស្អាត មានប្រភពដើម​ច្បាស់លាស់ ទើបអ្នកផ្សាយ​ផ្ទាល់ជ្រើសរើសយកទៅបង្ហាញ​។

ផ្សារណាត់​សានថាង (San Thang) នៅតែរក្សាបាន​លក្ខណៈពិសេស នៃ​ផ្សារណាត់​តំបន់​ភ្នំ ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់​បងប្អូនជនជាតិតៃ (Tay) ម៉ុង (Mong) យ៉ា(Dao) យ៉ាយ (Giay) លឺ (Lu)។ ទីនេះគឺជាអាសយដ្ឋាន​ទាក់ទាញភ្ញៀវទេសចរជាច្រើន រាល់ពេលដែលមកដល់ខេត្ត​ឡាយចូវ (Lai Chau)​។ ផ្តើម​ពី​ផ្សារប្រពៃណី​ដែលបើកតែថ្ងៃសត្វមាន​ស្នែង (នៅថ្ងៃព្រហស្បត្តិ៍ និង​អាទិត្យ​ជា​រៀង​រាល់សប្តាហ៍)ហើយ​ភាគច្រើនជាការផ្លាស់ប្តូរសម្ភារៈ​កសិផល​​ក្នុងតំបន់ ឥឡូវនេះកសិផល​ពិសេសៗ មិនត្រឹមតែបានលក់​ទិញ​ដោយផ្ទាល់ប៉ុណ្ណោះទេ នៅទាំង​មានវត្តមានអ្នកផ្សាយផ្ទាល់​ តភ្ជាប់អ្នកលក់ និងអ្នកទិញទៀតផង​។

មិនចាំបាច់ទៅផ្សារ គ្រាន់តែតាមរយៈអ្នកផ្សាយផ្ទាល់ណែនាំ ភ្ញៀវពីចម្ងាយនៅតែអាចទិញមើម​យិន​សិន មើម​ Panax pseudoginseng ខ្ញីខ្មៅ ឬទឹកឃ្មុំព្រៃដែលពេញចិត្ត។ “លក់ដូរតាម​របៀបនេះ ខ្លួន​​ជាអ្នកកណ្តាល​​ចែកចាយទំនិញ រវាងប្រជាជន​ និង​អ្នកទិញ។ ការលក់​ដូរ​តាមរយៈ​ផ្សាយផ្ទាល់មានប្រសិទ្ធភាព​ណាស់។ ជា​ធម្មតា ផ្សារណាត់​មួយ​​បែបនេះ នៅពេលព្រឹកមានទំនិញច្រើនណាស់ ប៉ុន្តែមក​ដល់ពេលថ្ងៃត្រង់គឺលក់ដាច់​តែម្ដង។ ការចែកចាយទំនិញ​ជូនបងប្អូន​បាន ខ្លួន​ក៏មានប្រាក់កម្រៃ ក៏រីករាយ​ណាស់ដែរ”។ បង​ស្រី ម៉ាយ​ ធីយៀន (Mai Thi Duyen)​ បានឱ្យដឹង​។

 

ផ្សាយ​ផ្ទាល់មួយកំពុងដំណើរការ ដោយមានអ្នកតាមដានរាប់រយនាក់ ក្នុងពេលតែមួយនៅលើបណ្ដាញ​សង្គម។

បង​ស្រី ម៉ាយ​ ធីយៀន​ (Mai Thi Duyen) និងបង​ស្រី ហាំង ធីសួ (Hang Thi Sua) ​នៅខេត្តឡាយចូវ (Lai Chau) ​មានបទពិសោធន៍ ២ទៅ​៣ឆ្នាំ ក្នុងការជួញដូរ​តាមរយៈ​​ផ្សាយផ្ទាល់ នៅតាមផ្សារណាត់​នានា។ ពេលឃើញបងប្អូនមានកសិផល​ពិសេស​ៗ មាន​តម្លៃដូច​ជា៖ មើមយិន​សិន មើម Angelica sinensis មើម​ Panax pseudoginseng ចេកព្រៃ។ល។​ ពួកគាត់ក៏មកផ្សព្វផ្សាយលក់ដោយផ្ទាល់ តាមរយៈ​បណ្តាញ​អ៊ីនធឺណែត​។ មិនត្រឹមតែ​អាចរកស៊ីបានគ្រប់គ្រាន់ប៉ុណ្ណោះទេ ឥឡូវអាច​ក្លាយជាអ្នកមានទៀត​ផង។

ផ្តើម​ពីមនុស្សពីរ​បីនាក់ ក្រុមអ្នកផ្សាយផ្ទាល់លក់កសិផល​នៅផ្សារណាត់​សានថាង (San Thang) ក៏កើនចំនួនច្រើនឡើង ហើយភាគច្រើនជាស្ត្រីភេទ​។ អ្នកផ្សាយផ្ទាល់ម្នាក់ ដែលលក់ដាច់ ក៏អាច​រក​បានប្រាក់កម្រៃរាប់លានដុង​ដែរ។ អ្នកស្រុក​ក្នុងតំបន់ នាំយកផលិតផល​ដ៏មានតម្លៃ​មកផ្សារ ហើយ​បានក្រុមអ្នកផ្សាយផ្ទាល់ណែនាំ ជូនភ្ញៀវ​អតិថិជន​គ្រប់​តំបន់​។

 

តូបលក់កសិផល​ក្នុងស្រុកផ្សាយ​ផ្ទាល់នៅលើបណ្តាញ។

ចំពោះកសិករដូចជា​បង​ស្រី តាន់ អ៊ូម៉ី (Tan U May) ចាប់តាំងពី​មានក្រុមនេះមក ពួកគាត់​បានជួយលក់ដូរនៅផ្សារណាត់ដោយមានប្រសិទ្ធភាព "កាលពីមុនទំនិញ​របស់យើងខ្ញុំ​ ដែលនាំមកផ្សារណាត់​មិនអាចទៅដល់តំបន់វាលទំនាបបានទេ​ ទោះបី​ទំនិញសុទ្ធតែ​ជាផលិតផលពិសេសក៏ដោយ ក៏ពិបាក​លក់ណាស់​ដែរ។ តែឥឡូវមានអ្នក​លក់តាម​អ៊ីនធឺណែត ដូច្នេះ​ងាយស្រួលលក់​ជាង ថ្ងៃខ្លះខ្ញុំលក់យិន​សិនបានពី៥ទៅ៧​លានដុង”​។ បង​ស្រី តាន់ អ៊ូម៉ី (Tan U May) បានរៀប​រាប់ដោយ​រីករាយ។

 

បងប្អូនជនជាតិភាគតិច លក់កសិផលនៅផ្សារណាត់​សានថាង (San Thang)។
ជាមួយនឹងបច្ចេកវិទ្យា "ឈ្មួញអនឡាញ" យុគសម័យជំនាន់ទី៤​ បានក្លាយជាអ្នកតភ្ជាប់ទីផ្សារប្រកបដោយប្រសិទ្ធភាព។

មកដល់ផ្សារណាត់​សានថាង (San Thang) បង​ស្រី យ៉ាង ធីម៉ៃ (Giang Thi Mai) មិនត្រឹមតែ​ផ្សាយផ្ទាល់លក់យិន​សិន​ប៉ុណ្ណោះទេ តែពេលណាមានផ្សារណាត់​ ប្តីប្រពន្ធ​គាត់​តែងតែ​មកដល់​ស្វែងរក​​កសិផល​​កម្រ ដែលកំពុងពេញនិយមនៅលើទីផ្សារ ដើម្បីផ្សព្វ​ផ្សាយ​តាមបណ្តាញ​អ៊ីនធឺណែត​។ ដើម្បី​ណែនាំ​អតិថិជននៅ​ឆ្ងាយសម្រេចចិត្តទិញ កសិផល​ដែល​បានផ្សាយផ្ទាល់ត្រូវតែធានាគុណភាព ស្អាត និងសុវត្ថិភាពជានិច្ច។ អតិថិជន​​តាមបណ្តាខេត្ត នៅពេលដែល​បានបញ្ជាទិញរួច​ ទំនិញនឹង​បានដឹកជញ្ជូនទៅកាន់អាសយដ្ឋាន​ប្រាកដ​ ត្រួតពិនិត្យគុណភាពស្រេច​​​ ទើប​ធ្វើការ​ទូទាត់លុយ​។

 

ក្រុមការងារផ្សាយ​ផ្ទាល់អាជីពសហការជាមួយបងប្អូន ដើម្បីផ្សាយផ្ទាល់លក់កសិផល​តំបន់ខ្ពង់រាប។
កញ្ចប់កសិផល​រាប់សិប កំពុងបានអ្នកលក់ដឹកជញ្ជូនដើម្បីវេចខ្ចប់ និងបញ្ជូនទៅក្រោយពេល​ផ្សាយ​ផ្ទាល់ ប្រកបដោយប្រសិទ្ធភាព។

កម្មវិធីផ្សាយផ្ទាល់ ដើម្បីចែកចាយកសិផល​នៅតាមផ្សារណាត់​សានថាង (San Thang) គឺជាភស្តុតាងច្បាស់លាស់នៃការផ្លាស់ប្តូរខ្លាំងក្លារបស់តំបន់ភ្នំខេត្ត​ឡាយចូវ (Lai Chau)។ ផ្តើម​ពីទូរសព្ទឆ្លាត​វៃ បងប្អូនជនជាតិភាគតិចបង្កើតបាន​ការតភ្ជាប់​ទូលំទូលាយ ជាមួយទីផ្សារទូទាំង​ប្រទេស បង្កើនប្រាក់ចំណូល ហើយ​បន្តិចម្តងៗរួចផុត​ពី​ភាពក្រី​ក្រ ដោយសារ​ផលិតផលក្នុងស្រុក​៕

អត្ថបទ៖ វៀតគឿង  រូបភាព៖ ថុងធៀន វៀតគឿង/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top