ព័ត៌មាន

ផ្លូវរូងក្រោមដី Cu Chi - អច្ឆរិយៈសិល្បៈយោធាដ៏ពិសេសរបស់វៀតណាម

ផ្លូវរូងក្រោមដី Cu Chi ត្រូវបានគេចាត់ទុកថាជា "អច្ឆរិយៈ" ក្រោមដីនៃសិល្បៈ សង្គ្រាមឈ្លបវៀតណាម។ ស្ថិតនៅចម្ងាយប្រហែល ៧០ គីឡូម៉ែត្រពីភាគពាយព្យទីក្រុងហូជីមិញ ផ្លូវរូងក្រោមដី Cu Chi ស្រុក Cu Chi គឺជាទម្រង់សមរភូមិចម្រុះនិងច្នៃប្រឌិតរបស់កងទ័ព និងប្រជាជន Cu Chi ក្នុងការតស៊ូដ៏យូរអង្វែងនិងកាចសាហាវអស់រយៈពេល ៣០ ឆ្នាំដើម្បីដណ្ដើមឯករាជ្យ និងសេរីភាពសម្រាប់មាតុភូមិ។
ច្រកមួយសម្រាប់ចុះផ្លូវរូងក្រោមដី Cu Chi។ (រូបថត៖ Hong Giang/VNA)

ប្រព័ន្ធផ្លូវរូងក្រោមដី Cu Chi ត្រូវបានបង្កើតឡើងក្នុងកំឡុងពេលតស៊ូ ប្រហែលឆ្នាំ ១៩៤៨។ ប្រព័ន្ធផ្លូវរូងក្រោមដី Cu Chi ទាំងមូលមានប្រវែងសរុប ២៥០ គីឡូម៉ែត្រ ចែកជា ៣ជាន់ក្រោមដី។ ជាន់ខ្ពស់បំផុតស្ថិតនៅជម្រៅ៣ម៉ែត្រក្រោមដី ជាន់កណ្តាលមានជម្រៅ៦ម៉ែត្រ និងជាន់ជ្រៅបំផុតមានជម្រៅ១២ម៉ែត្រ ។ ក្រៅពីតំបន់សម្រាប់កងទ័ពរស់នៅ និងរក្សាទុកអាវុធ ផ្លូវរូងក្រោមដី Cu Chi ក៏ត្រូវបានបែងចែកទៅជាសាខាជាច្រើន ជាមួយនឹងរណ្តៅដែកគោល រណ្តៅចម្រូង វាលមីន ជាដើម។ លោក Truong Van Quy មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រផ្លូវរូងក្រោមដី Cu Chi បានឲ្យដឹងថា៖

“នៅក្រោមដីមានសំណង់ផ្សេងៗគ្នាជាច្រើន ចាប់ពីបន្ទប់ប្រជុំ ផ្ទះបាយ និងលេណដ្ឋានបរិភោគ។ ស្ថិតនៅក្រោមទឹកគឺលេណដ្ឋានពេទ្យ កន្លែងសម្រាក និងបន្ទប់ប្រជុំនៃតំបន់យោធា Sai Gon-Gia Dinh”។

ដោយប្រើតែឧបករណ៍សាមញ្ញៗដូចជាចបកាប់ និងប៉ែលធ្វើពីឬស្សីប៉ុណ្ណោះ កងទ័ព និងប្រជាជន Cu Chi បានបង្កើតឡើងសំណង់ដ៏ធំសម្បើមមួយ ដែលមានផ្លូវក្រោមដីរាប់រយគីឡូម៉ែត្រ។ ប្រព័ន្ធផ្លូវក្រោមដីបត់ក្រវិចក្រវៀន ដោយចាប់ពី "ឆ្អឹងខ្នង" (ផ្លូវធំ) បែកចេញសាខាច្រើនរាប់មិនអស់ តភ្ជាប់គ្នាទៅវិញទៅមក ឬនៅដាច់ដោយឡែកអាស្រ័យលើសណ្ឋានដី។ មានសាខាជាច្រើនលាតសន្ធឹងចូលទៅក្នុងទន្លេ Sai Gon ដូច្នេះក្នុងករណីអាសន្ន កងកម្លាំងឈ្លប និងកងទ័ពអាចឆ្លងទន្លេទៅកាន់តំបន់មូលដ្ឋាន Ben Cat (Binh Duong)។ នៅជុំវិញច្រកឡើងចុះផ្លូវរូងក្រោមដី ត្រូវបានរៀបចំរណ្តៅចម្រូង រណ្តៅដែកគោល មីន រួមទាំងមីនប្រឆាំងរថក្រោះធំៗ និងឧបករណ៍បាញ់គ្រាប់បែកដៃប្រឆាំងឧទ្ធម្ភាគចក្រ ដើម្បីកម្ទេច និងរារាំងខ្មាំងសត្រូវមិនឱ្យចូលទៅជិត។ គម្របផ្លូវរូងក្រោមដីសម្រាប់ការឡើងចុះ គឺតូចណាស់ ត្រឹមតែគ្រប់ល្មមសម្រាប់មនុស្សលូនចុះប៉ុណ្ណោះ ហើយត្រូវបានគ្របដណ្ដប់និងលាក់នៅក្រោមស្រទាប់ដី ឬស្លឹកយ៉ាងហ្មត់ចត់។ សព្វថ្ងៃនេះ ដើម្បីបម្រើភ្ញៀវទេសចរ មាត់ផ្លូវរូងក្រោមដីត្រូវបានពង្រីកឱ្យទូលាយ ដើម្បីអោយភ្ញៀវទេសចរអាចលូនចុះក្រោមទស្សនាផ្លូវរូងក្រោមដី។

“យើងកាន់គម្របរូងដី លើកដៃឲ្យខ្ពស់ឡើង នឹងរុញចុះក្រោមយ៉ាងលឿន។ ក្នុងសម័យសង្គ្រាម នៅពេលដែលកងឈ្លបចុះក្រោម ពួកគេនឹងបណ្ដោងគ្រាប់បែកដៃ ឬមីននៅក្រោមគម្របរូងដី ដូច្នេះនៅពេលខ្មាំងបើកគម្រប វានឹងផ្ទុះ ហើយរូងដីនឹងដួលរលំ បិទផ្លូវរូងទាំងស្រុង”។

ទោះបីជាត្រូវបានសាងសង់នៅក្រោមដីក៏ដោយ ប៉ុន្តែប្រព័ន្ធផ្លូវរូងក្រោមដីនេះមានសមត្ថភាពទប់ទល់នឹងគ្រាប់កាំភ្លើងធំ និងទម្ងន់នៃរថក្រោះ និងរថពាសដែក។ ផ្នែកផ្លូវរូងជ្រៅអាចទប់ទល់នឹងគ្រាប់បែកតូចៗ។ នៅក្នុងផ្លូវរូងក្រោមដីមានចំណុចរាំងស្ទប់នៅតាមទីតាំងចាំបាច់ដើម្បីរារាំងសត្រូវ ឬជាតិគីមីពីការបាញ់ចូល។ វរសេនីយឯក Nguyen Van Tau (អាយុ ៩៨ ឆ្នាំ) វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន ដែលបានប្រយុទ្ធដោយផ្ទាល់នៅ Cu Chi អស់រយៈពេល ១០ ឆ្នាំ (១៩៦២-១៩៧១) បាននិយាយថា សម្រាប់លោក ជ្រុងនីមួយៗនៃផ្លូវរូងក្រោមដី... សុទ្ធតែកត់ត្រានូវស្មារតីស្នេហាជាតិ ភាពឆ្លាតវៃ ភាពអង់អាចក្លាហាន ជំនះពុះពារលើការលំបាក មិនដកថយពេលប្រឈមមុខនឹងការលំបាក និងគ្រោះថ្នាក់ និងការប្តេជ្ញាចិត្តការពារប្រទេសជាតិ និងមាតុភូមិរបស់កងទ័ពនិងប្រជាជនភាគខាងត្បូងនិយាយរួមក៏ដូចជាកងទ័ព និងប្រជាជនតំបន់ Cu Chi និង Saigon-Gia Dinh និយាយដោយឡែក។ ប្រការនេះត្រូវបានបញ្ជូនឆ្លុះបញ្ចាំងតាមរយៈបទកំណាព្យអំពីផ្លូវរូងក្រោមដីCu Chi ដែលលោកបាននិពន្ធនៅឆ្នាំ ១៩៦៧ ពោលគឺ ៥ ឆ្នាំបន្ទាប់ពីការប្រយុទ្ធលើកដំបូងនៅទីនេះ៖

“រឿងបានផុតទៅ ៥ ឆ្នាំហើយ ប៉ុន្តែនៅតែដក់ជាប់ក្នុងបេះដូងខ្ញុំ/ ៥ ឆ្នាំ កងពលអាមេរិច វាយប្រហារលើ A18 យើង/ B52, B57 កប៉ាល់ សារធាតុគីមីពុល ឧស្ម័នបង្ហូរទឹកភ្នែក/ ដើមឈើងាប់ ដីរីងស្ងួត ប៉ុន្តែមនុស្សមិនងាករេទេ/ ផ្លូវផ្លូវរូងក្រោមដីចាស់នៅតែជាមូលដ្ឋានរឹងមាំរបស់ក្រុមខ្ញុំ / គួរឲ្យគោរព គួរឲ្យចារក្នុងប្រវត្តិសាស្ត្រម៉ែន/ នេះជាផ្លូវរូងក្រោមដីCu Chi”។

តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រផ្លូវរូងក្រោមដីCu Chi ត្រូវបានទទួលស្គាល់ជាតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសតាំងពីឆ្នាំ ២០១៥។ បច្ចុប្បន្ននេះ ទីក្រុងហូជីមិញកំពុងបំពេញសំណុំឯកសារដើម្បីដាក់ជូនអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ដើម្បីទទួលស្គាល់ផ្លូវរូងក្រោមដីCu Chi ជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ ២០២៧។ លោក Nguyen Minh Tam នាយករងគណៈគ្រប់គ្រងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រផ្លូវរូងក្រោមដីCu Chi បានឲ្យដឹងថា៖

“នេះគឺជាសញ្ញាវិជ្ជមាន។ ប្រសិនបើផ្លូវរូងក្រោមដីCu Chi ត្រូវបានទទួលស្គាល់ជា បេតិកភណ្ឌពិភពលោកនោះ វានឹងក្លាយជាឱកាសសម្រាប់ផ្លូវរូងក្រោមដីដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើននាពេលអនាគត ដើម្បីឲ្យពិភពលោកបានយល់ដឹងអំពីភាពក្លាហាន ភាពវៃឆ្លាត និងស្មារតីស្នេហាជាតិរបស់ប្រជាជនវៀតណាម”។

ជារៀងរាល់ឆ្នាំ កេរ្តិ៍ដំណែលផ្លូវរូងក្រោមដីCu Chi ទទួលភ្ញៀវជាតិ និងអន្តរជាតិជាង ១លាននាក់។ បច្ចុប្បន្ន ផ្លូវរូងក្រោមដីCu Chi មិនត្រឹមតែជាកន្លែងសម្រាប់តាំងបង្ហាញអច្ឆរិយៈនៃសិល្បៈយោធាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់ភ្ញៀវទេសចរយល់កាន់តែច្បាស់អំពីឆន្ទៈដ៏អង់អាចក្លាហានមោះមុតរបស់ប្រជាជនវៀតណាមទៀតផង៕


top