ព័ត៌មាន

ផ្តោតការជួយឧបត្ថម្ភដល់ប្រជាជននៅតំបន់លិចទឹករបស់ខេត្ត Nghe An

គិតត្រឹមយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយសារផលវិបាកបណ្តាលពីទឹកជំនន់ជាប្រវត្តិសាស្ត្រ លើទូទាំងខេត្ត Nghe An នៅតែមានឃុំរងការលិចលង់ឯកោចំនួន ២៤ កន្លែងទៀត។ ស្ថិតិការខូចខាតបឋមបង្ហាញថា ខេត្តមានមនុស្សស្លាប់ចំនួន ៤នាក់ ប្រជាជន ៨០.០០០នាក់នៅតំបន់ទឹកជំនន់ត្រូវការជំនួយ។
កម្លាំងយោធាជួយប្រជាជនជំនះការលំបាកនៅ Nghe An។ រូបថត៖ Sy Duc/VOV5

ផ្លូវចរាចរណ៍សំខាន់ៗ ជាច្រើននៅក្នុងខេត្ត Nghe An ត្រូវបានកាត់ផ្តាច់។ ដោយឡែក ខ្សែផ្លូវតភ្ជាប់ឃុំភាគខាងលិចនៃខេត្ត ត្រូវបានដាច់រលាត់យ៉ាងខ្លាំង ចរាចរណ៍ខ្វិនទាំងស្រុង ហើយកម្លាំងជួយសង្គ្រោះមិនអាចធ្វើដំណើរតាមដងផ្លូវបានឡើយ។ ក្នុងស្ថានភាពនោះ ក្រសួងការពារប្រទេសបានចល័តឧទ្ធម្ភាគចក្រដើម្បីដឹកគ្រឿងផ្គត់ផ្គង់រាប់សិបតោន ទំនិញសំខាន់ៗ អាហារ ថ្នាំពេទ្យ ទឹកស្អាត។ល។ ទៅកាន់ឃុំដាច់ស្រយាលនៃខេត្ត Nghe An។ កាលពីយប់ថ្ងៃទី ២៤ កក្កដា កងកម្លាំងប្រដាប់អាវុធបានចល័តកម្មាភិបាល និងយុទ្ធជនរាប់ពាន់នាក់ ដែលមានវត្តមាននៅតំបន់លិចលង់ សម្រាប់ជួយឧបត្ថម្ភដល់ប្រជាជន។ លោកវរសេនីយ៍ត្រី Nguyen Cong Luc មេបញ្ជាការបញ្ជាការដ្ឋានឆ្មាំព្រំដែនខេត្ត Nghe An បានឲ្យដឹងថា៖ “រហូតមកដល់ពេលនេះ  ទឹកបានស្រកចុះ ហើយយើងកំពុងសម្របសម្រួលជាមួយអាជ្ញាធរ និងប្រជាជន ផ្តោតសំខាន់លើការធានាបាននូវជីវភាពរស់នៅ និងអនាម័យទូទៅ ដោយមានការសម្របសម្រួលជាមួយមណ្ឌលសុខភាពឃុំ ដើម្បីកំចាត់មេរោគនៅតំបន់លិចទឹក”។

អញ្ជើញចុះពិនិត្យនៅហ្នឹងកន្លែងជាផ្ទាល់ លោកឧបនាយករដ្ឋមន្ត្រី Mai Van Chinh បានបញ្ជាឱ្យខេត្ត រៀបចំការផ្គត់ផ្គង់ស្បៀង និងសម្ភារៈចាំបាច់ដល់ឃុំ និងភូមិដែលត្រូវឯកោដោយការលិចទឹក ដោយមិនអនុញ្ញាតឱ្យប្រជាជនណាម្នាក់អត់ឃ្លាន ឬស្រេកទឹកដោយសារទឹកជំនន់នោះទេ៕


top