ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ៖ ឱកាសសម្រាប់ពង្រីកពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងអឺរ៉ុប

បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) រួមមានប្រទេសន័រវេស ស្វីស អ៊ីស្លង់ និងលីចថេនស្តាញ នៅថ្ងៃទី១៨ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនបានវាយតម្លៃថា កិច្ចព្រមព្រៀងនេះមិនត្រឹមតែពង្រីកឱកាសពាណិជ្ជកម្ម និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីនានាក្នុងការធ្វើពិពិធកម្មទំនាក់ទំនងសេដ្ឋកិច្ច និងបង្កើនសមត្ថភាពសម្របខ្លួនទៅនឹងការប្រែប្រួលពាណិជ្ជកម្មសកល​ទៀត​ផង។

ការផលិត​សម្លៀកបំពាក់​សម្រាប់នាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ រូបថត៖ Tran Viet/VNA

ទីភ្នាក់ងារសារព័ត៌មានដូចជា Reuters AFP និង Berliner Tageszeitung បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះបង្កើតជម្រើស​ទីផ្សារកាន់តែច្រើនសម្រាប់វៀតណាម ដែលរួមចំណែកដល់ការធ្វើពិពិធកម្មទំនាក់ទំនងនាំចូលនាំចេញ និងកាត់បន្ថយហានិភ័យ​នៅពេលដែលសកម្មភាពពាណិជ្ជកម្មរងផលប៉ះពាល់ដោយវិធានការគាំពារនិយម​ពីដៃគូសំខាន់ៗ។ ក្នុង​ពេលនោះ SBS News Channel News Asia និង Nation Thailand បានភ្ជាប់ការចុះហត្ថលេខាទៅនឹងតម្រូវការបន្ថយការពឹងផ្អែកលើដៃគូពាណិជ្ជកម្មសំខាន់ៗ និងឆ្លើយតបទៅនឹងការប្រែប្រួលពាណិជ្ជកម្មសកល។

ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបបានសង្កត់ធ្ងន់ពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងចំពោះសមត្ថភាពឈានចូល​ទីផ្សារវៀតណាមរបស់អាជីវកម្ម EFTA ជាពិសេសនៅក្នុងបរិបទ​នៃអស្ថិរភាពពាណិជ្ជកម្មសកល និងបណ្តា​ប្រទេសកំពុងស្វែងរកការធ្វើពិពិធកម្មទំនាក់ទំនងសេដ្ឋកិច្ច។ European Interest បាន​សង្កត់ធ្ងន់លើឱកាស​សម្រាប់សហគ្រាស EFTA ដើម្បីពង្រីកប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅអាស៊ីអាគ្នេយ៍ តាមនោះ ជំរុញពាណិជ្ជកម្ម ការវិនិយោគ និងបង្កើតការងារ​ធ្វើ​៕​


top