ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ៖ រដ្ឋាភិបាលវៀតណាមឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះទឹកជំនន់

ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិមួយចំនួនកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរនៅបណ្តាខេត្ត Gia Lai, Dak Lak និង Khanh Hoa - តំបន់ដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់រីករាលដាលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
កងកម្លាំងយោធាបានមកដល់ភ្លាមៗដើម្បីជួយសង្គ្រោះប្រជាជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ (រូបថត៖ VOV)
  ប្រជាជនត្រូវបានពិនិត្យ និងផ្តល់ថ្នាំ (រូបថត៖ Nam Trang/VOV-Tay Nguyen)  
  កម្លាំងកងទ័ពជួយប្រជាជនសម្អាតផ្លូវភក់ (រូបថត៖ Nam Trang/VOV-Tay Nguyen)  

អត្ថបទដែលបានចុះផ្សាយលើគេហទំព័ររបស់ទីភ្នាក់ងារសារព័ត៌មានធំៗដូចជា Reuters, AFP, AP និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើនទៀត សុទ្ធតែសង្កត់ធ្ងន់លើការខូចខាតអំពីមនុស្ស ទ្រព្យសម្បត្តិ និងផលិតកម្មកសិកម្ម។

យោងតាម Reuters ដោយដកស្រង់ព័ត៌មានពីក្រសួងកសិកម្ម និងបរិស្ថាន គិតត្រឹមព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នៅតំបន់ភាគកណ្តាលមានចំនួន ៥៥ នាក់ ហើយមនុស្ស ១៣ នាក់បាត់ខ្លួន។ បរិមាណទឹកភ្លៀងនៅក្នុងតំបន់ជាច្រើនបានលើសពី ១.៩០០ មីលីម៉ែត្រក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ ទីភ្នាក់ងារសារព័ត៌មានអង់គ្លេសបានកត់សម្គាល់បន្ថែមទៀតថា តំបន់នេះមិនត្រឹមតែជាតំបន់ផលិតកាហ្វេដ៏ធំមួយ ដែលមានឆ្នេរល្បីៗជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតំបន់ដែលតែងតែទទួលរងនូវព្យុះ និងទឹកជំនន់ផងដែរ។

ក្រុមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ DW បានដកស្រង់សម្តីលោកឧបនាយករដ្ឋមន្ត្រី ហូ គួកយុង ដែលបាននិយាយថា អាជ្ញាធរមូលដ្ឋានបានចល័តកងទ័ព ប៉ូលីស និងកងកម្លាំងសន្តិសុខ ដើម្បីជម្លៀសប្រជាជនទៅកាន់កន្លែងសុវត្ថិភាព។ កងទ័ពវៀតណាមបានដាក់ពង្រាយមធ្យោបាយជាច្រើន ចាប់ពីកប៉ាល់ ទូក រហូតដល់ឧទ្ធម្ភាគចក្រ ដើម្បីទៅដល់តំបន់ដាច់ស្រយាល។

ស្របនឹងកិច្ចខិតខំប្រឹងប្រែងក្នុងស្រុក អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានចូលរួមយ៉ាងឆាប់រហ័ស ដើម្បីផ្តល់ជំនួយឧបត្ថម្ភ។ គេហទំព័រស្រាវជ្រាវ The Diplomat បានរាយការណ៍ថា មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) អង្គការអន្តរជាតិសម្រាប់អន្តោប្រវេសន៍ (IOM) និងដៃគូមកពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី... សុទ្ធតែបានដាក់ពង្រាយជំនួយសម្ភារៈ ហិរញ្ញវត្ថុទៅកាន់តំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

ទន្ទឹមនឹងនេះ នៅថ្ងៃទី២២ ខែវិច្ឆិកា សារព័ត៌មាន ABC News បានចាក់ផ្សាយឡើងវិញនូវរូបភាពដែលថតដោយទូរទស្សន៍វៀតណាម (VTV1) ដែលពិពណ៌នាអំពីការជម្លៀសមនុស្សចេញពីដំបូលផ្ទះដែលលិចទឹកយ៉ាងជ្រៅ និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់កងកម្លាំងជួយសង្គ្រោះក្នុងស្ថានភាពអាកាសធាតុមិនល្អ។

សហគមន៍អន្តរជាតិបានកោតសរសើរយ៉ាងខ្លាំងចំពោះការឆ្លើយតបទាន់ពេលវេលា ការបញ្ជាណែនាំយ៉ាងឌិតដល់ និងការសម្របសម្រួលរវាងកងកម្លាំងក្នុងការបង្ការ ទប់ទល់នឹងទឹកជំនន់នៅក្នុងបណ្តាខេត្តភាគកណ្តាលរបស់វៀតណាម៕


top