ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយថៃវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគនិងធុរកិច្ចនៅវៀតណាម

ប្រព័ន្ធផ្សព្វផ្សាយថៃបានចុះផ្សាយអត្ថបទមួយចំនួន ដោយវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម; ដោយបង្ហាញទំនុកចិត្តថា វៀតណាមកំពុងក្លាយជា “ខ្លាសេដ្ឋកិច្ចនៃអាស៊ី” ជាបណ្តើរៗ។
អត្ថបទចុះផ្សាយលើកាសែត The Nation នាថ្ងៃទី ១៨ សីហា - វៀតណាមប្រកាសផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ដើម្បីជំរុញសេដ្ឋកិច្ច (រូបថត៖ VOV-បាងកក)

កាសែតថៃ The Nation នាថ្ងៃទី១៨ ខែសីហា បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “វៀតណាមប្រកាសផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ដើម្បីជំរុញសេដ្ឋកិច្ច”។ អត្ថបទបានវាយតម្លៃខ្ពស់ចំពោះផែនការចាប់ផ្តើមបើកការដ្ឋានសាងសង និងសម្ពោធគម្រោងចំនួន  ២៥០ នៅវៀតណាម ក្នុងឱកាសបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា; អះអាងថា ផែនការនេះមានគោលបំណងជំរុញសេដ្ឋកិច្ចវៀតណាម រួមចំណែកសម្រេចគោលដៅកំណើន GDP ជាង ៨% នៅឆ្នាំនេះ និងធ្វើឱ្យវៀតណាមក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ជាបណ្តើរៗ។ អត្ថបទនេះបានសម្តែងការជឿជាក់ថា ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស តូ ឡឹម វៀតណាមនឹងក្លាយទៅជា “ខ្លាសេដ្ឋកិច្ចរបស់អាស៊ី” នាពេលឆាប់ៗនេះជាក់ជាពុំខាន។

ក្នុងពេលជាមួយគ្នានោះ កាសែតបាងកកប៉ុស្តិ៍កាលពីម្សិលមិញបានបោះពុម្ពអត្ថបទមួយដោយស្ងើចសរសើរបរិយាកាសធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសវៀតណាម ជាពិសេសសក្តានុពលរបស់ខ្លួនសម្រាប់កំណើន GDP ខ្ពស់នាពេលខាងមុខ។ នៅក្នុងអត្ថបទមួយដែលមានចំណងជើងថា "វៀតណាមក្រោកឡើងដើម្បីក្លាយជាប្រទេសដឹនាំក្នុងតំបន់" ចុះផ្សាយលើកាសែតបាងកកប៉ុស្តិ៍នាថ្ងៃទី ១៩ ខែសីហា អ្នកកាសែតជើងចាស់ Kavi Chongkittavorn បានសង្កត់ធ្ងន់ថា វៀតណាមបានពង្រឹង និងធានាបរិយាកាសសន្តិភាព ហើយបានចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ជាពិសេស វិនិយោគិនបរទេស ជាពិសេសលើវិស័យបច្ចេកវិទ្យាខ្ពស់ ការអភិវឌ្ឍបៃតង និងនិរន្តរភាព កំពុងមើលឃើញថា វៀតណាមជាទិសដៅវិនិយោគឈានមុខគេ ដោយសារបរិយាកាសវិនិយោគ និងធុរកិច្ចប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងអភិបាលកិច្ចល្អ៕


top