ព័ត៌មាន

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចេញដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន

នារសៀលថ្ងៃទី១២ ខែឧសភា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានរដ្ឋចិនលោក ស៊ី ជីនពីង។

នេះជាជំនួបផ្ទាល់លើកដំបូងរវាងមេដឹកនាំនៃប្រទេសទាំងពីរក្នុងរយៈពេលជាងប្រាំមួយខែ ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតី ត្រាំ ទៅកាន់ប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៧ ផងដែរ។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក ធ្វើឡើងក្នុងបរិបទដែលជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់មិនទាន់បង្ហាញ់ពីសញ្ញានៃការបញ្ចុះកំដៅនៅឡើយ ខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពនៅតែជាប់គាំង។

សេតវិមានបានបញ្ជាក់ថា ក្រៅពីបញ្ហាអ៊ីរ៉ង់ ភាគីទាំងពីរក៏នឹងពិភាក្សាអំពីពាណិជ្ជកម្ម ថាមពល ច្រកសមុទ្រហ័រមូស បញ្ហាតៃវ៉ាន់ និងបញ្ហាផ្សេងៗទៀតដែលទាក់ទងនឹងប្រទេសទាំងពីរ។

ជាងមួយខែបន្ទាប់ពីបទឈប់បាញ់ត្រូវបានបង្កើតឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ការចរចារវាងភាគីទាំងពីរមិនទាន់មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅឡើយទេ។ ក្នុងពេលជាមួយគ្នានោះ អ៊ីរ៉ង់ត្រូវបានគេចាត់ទុកថា កំពុងពង្រឹងការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស តាមរយៈកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ាក់ និងប៉ាគីស្ថាន ដើម្បីដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវពីតំបន់នេះ។ ប្រភព​ព័ត៌មាននានាបានឲ្យដឹងថា ប្រទេស​មួយចំនួន​ទៀត ​ក៏កំពុងស្វែងរក​កិច្ចព្រមព្រៀង​ស្រដៀងគ្នានេះ​ផងដែរ ហើយកាយវិកានេះ​អាចជួយ​ទីក្រុងតេអេរ៉ង់​ពង្រីកឥទ្ធិពល​របស់ខ្លួន​លើផ្លូវនាវាចរណ៍យុទ្ធសាស្ត្រ​នេះ​ក្នុងរយៈពេលវែង៕


top