នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា (ហាណូយ) លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍ចំពោះ លោក Woo Won Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង និងលោកជំទាវ រួមជាមួយគណៈប្រតិភូនៃរដ្ឋសភាកូរ៉េខាងត្បូង ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ បន្ទាប់ពីពិធីទទួលស្វាគមន៍ ប្រធានរដ្ឋសភាទាំងពីររូបបានជួបពិភាក្សាគ្នា។
ទិដ្ឋភាពនៃជំនួបពិភាក្សាការងាររវាងប្រធានរដ្ឋសភាទាំងពីរ។ (រូបថត៖ VOV)
នៅក្នុងជំនួបពិភាក្សា ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន និងប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Woo Won Shik បានវាយតម្លៃថា ការទូតសភា និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ បានក្លាយជាចំណុចលេចធ្លោ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យ និងជំរុញការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងវៀតណាម និងកូរ៉េខាងត្បូង ព្រមទាំងចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងសមាជិកសភា និងប្រជាជននៃប្រទេសទាំងពីរផងដែរ។
ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនាពេលខាងមុខ ប្រធានរដ្ឋសភាទាំងពីរបានឯកភាពគ្នាបន្តពង្រឹងទំនុកចិត្តនយោបាយ រក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំ បង្កើតមូលដ្ឋានសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ; ពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ; ផ្លាស់ប្តូរបទពិសោធន៍ និងគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាសន្តិសុខមិនមែនប្រពៃណី និងឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីទាំងពីរបានឯកភាពគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពស្របតាមផលប្រយោជន៍រួមនៃភាគីទាំងពីរ; ខិតខំសម្រេចឱ្យបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១៥០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។ ដោយផ្អែកលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង ភាគីទាំងពីរក៏នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនផងដែរ។
នៅក្នុងជំនួបពិភាគ្សា ប្រធានរដ្ឋសភាទាំងពីរក៏បានផ្លាស់ប្ដូរអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា; បានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ បន្ទាប់ពីជំនួបពិភាក្សា លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងលោក Woo Won Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាថ្មីស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាកូរ៉េខាងត្បូង៕