ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ទទួលជួបប្រធានរដ្ឋសភាកូរ៉េខាងត្បូង

នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានទទួលជួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Woo Won Shik ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការមកវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន។
ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានទទួលជួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Woo Won Shik។ រូបថត៖ VOV

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Woo Won Shik  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានរដ្ឋ លឿង គឿង ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូល APEC នៅទីក្រុង Gyeongju ដោយរួមចំណែកដល់ភាពជោគជ័យនៃកិច្ចប្រជុំ។ លោកបានឲ្យដឹងថា កូរ៉េខាងត្បូងនឹងចែករំលែកបទពិសោធន៍យ៉ាងសកម្មនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីរៀបចំកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៧ ប្រកបដោយជោគជ័យនៅវៀតណាម។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងកូរ៉េខាងត្បូង ប្រធានរដ្ឋលោក លឿង គឿង បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវបន្តពង្រឹងទំនុកចិត្តនយោបាយ; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ក្រសួង មូលដ្ឋាន និងសហគ្រាសនៃប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ បង្ការនិងទប់ស្កាត់បទល្មើសឆ្លងដែន; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន។ ប្រធានរដ្ឋសភា លោក Woo Won Shik បានឲ្យដឹងថា លោកនឹងសម្របសម្រួលជាមួយស្ថាប័ននីតិបញ្ញត្តិវៀតណាម ដើម្បីគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យផ្សេងៗ ស្របតាមផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

មេដឹកនាំទាំងពីរក៏បានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅក្នុងវេទិកាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមក និងខិតខំជំរុញដំណើរការសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ៕


top