ព័ត៌មាន

ប្រធានរដ្ឋលោក លឿង គឿង ទទួលជួបសវនាការជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងឱកាសចូលរួមសប្តាហ៍កំពូល APEC ២០២៤

នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ក្នុងឱកាសចូលរួមសប្តាហ៍កំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៤ នៅទីក្រុងលីម៉ា (ប្រទេសប៉េរូ) ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានទទួលជួបសវនាការជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol។
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol (រូបថត៖ TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក លឿង គឿងបានអះអាងថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយកូរ៉េខាងត្បូង; វាយតម្លៃថា ប្រទេសទាំងពីរបានក្លាយជាដៃគូដ៏គួរឱ្យទុកចិត្ត មានប្រសិទ្ធភាពនិងសំខាន់របស់គ្នាទៅវិញទៅមកក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន។

រីឯខ្លួនវិញ លោកប្រធានាធិបតី Yoon Suk Yeol បានជូនពរលោកប្រធានរដ្ឋលឿង គឿងចំពោះមុខតំណែងថ្មី; អះអាងថា នឹងបន្តចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងការអនុវត្តគំនិតផ្តួចផ្តើមសាមគ្គីភាពអាស៊ាន-កូរ៉េខាងត្បូង និងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង។

ពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពរក្សាជាប្រចាំនូវការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងជាន់ខ្ពស់នៅគ្រប់កម្រិត; ចែករំលែកភ្លាមៗនូវស្ថានភាពរបស់ប្រទេសនីមួយៗ និងពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក; បន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

ភាគីទាំងពីរក៏បានឯកភាពសហការយ៉ាងជិតស្និទ្ធលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា និងបន្តគាំទ្របេក្ខភាពគ្នាទៅ វិញទៅមកនៅយន្តការសហប្រតិបត្តិការពហុភាគី និងអង្គការអន្តរជាតិ៕


top