ព័ត៌មាន

ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនៅសប្តាហ៍ក្រោយ

នាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានប្រកាសនៅព្រឹកថ្ងៃទី ៥ ខែមិថុនានេះថា ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង នឹងទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែមិថុនា តាមការអញ្ជើញរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី ជីនពីង ទៅកាន់កូរ៉េខាងជើងក្នុងរយៈពេលជាងប្រាំមួយឆ្នាំ ដែលត្រូវបានចាត់ទុកថាជាសកម្មភាពការទូតដ៏សំខាន់មួយដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង ខណៈពេលដែលរក្សាតួនាទីរបស់ចិនក្នុងបញ្ហាសន្តិសុខនៅលើឧបទ្វីបកូរ៉េ។

គួរឲ្យកត់សម្គាល់ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង បានបប្រព្រឹត្តទៅមិនយូរប៉ុន្មាន ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោកជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅទីក្រុងប៉េកាំងកាលពីខែឧសភា។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីគោលដៅនៃការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ នៅក្នុងបរិបទនេះ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិនទៅកាន់កូរ៉េខាងជើង ត្រូវបានគេមើលឃើញថា ជាការរក្សាបណ្តាញសន្ទនាជាមួយទីក្រុងព្យុងយ៉ាងផង និងផ្ញើសញ្ញាអំពីតួនាទីដែលមិនអាចជំនួសបានរបស់ចិនក្នុងបញ្ហាសន្តិសុខនៅលើឧបទ្វីបផងដែរ។

មជ្ឈដ្ឋានអ្នកវិភាគនៅទីក្រុងប៉េកាំងជឿជាក់ថា ដំណើរទស្សនកិច្ចនេះអាចជួយចិននិងកូរ៉េខាងជើង ពង្រឹងទំនាក់ទំនងនយោបាយ ខណៈពេលដែលក៏បង្កើតឱកាសបន្ថែមទៀតសម្រាប់ទីក្រុងប៉េកាំងក្នុងការធ្វើឱ្យមានតុល្យភាពនៃការគណនាយុទ្ធសាស្ត្រជាមួយទីក្រុងវ៉ាស៊ីនតោន និងភាគីពាក់ព័ន្ធផ្សេងទៀត៕


top