ព័ត៌មាន

ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិមអញ្ជើញជូនពរសមាគមពុទ្ធសាសនាវៀតណាមក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា

នារសៀលថ្ងៃទី ២២ ឧសភា នៅវត្តក្វាន់ស៊ឺ (ហាណូយ) សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម លោក ទ្រុញ វ៉ាន់ ក្វៀត បានអញ្ជើញទៅទស្សនានិងជូនពរដល់មជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា (ប្រតិទិនព្រះពុទ្ធ ២៥៧០ - ប្រតិទិនសកល ២០២៦)។
ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម លោក ទ្រុញ វ៉ាន់ ក្វៀត ប្រគល់កន្ត្រកផ្កា អបអរសាទរដល់សមាគមពុទ្ធសាសនាវៀតណាម ក្នុងឱកាសពិធីបុណ្យ វិសាខបូជា (រូបថត៖ ទ្រុង ភូ/VOV.VN)

ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម លោក ទ្រុញ វ៉ាន់ ក្វៀត បានមានប្រសាសន៍ថា បក្ស និងរដ្ឋតែងតែទទួលស្គាល់ និងឲ្យតម្លៃចំពោះការរួមចំណែកដ៏ធំធេងរបស់សមាគមពុទ្ធសាសនាវៀតណាម ក្នុងការអមដំណើរប្រទេសជាតិ លើកកម្ពស់ប្រពៃណីនៃ "ការពារប្រទេសជាតិ និងធានាសុខុមាលភាពប្រជាជន" រួមចំណែកដល់ការពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល បង្កើតកម្លាំងដើម្បីជួយប្រទេសជាតិជំនះពុះពាររាល់ដំណាក់កាលលំបាក និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ ក្នុងឱកាសនេះ ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម លោក ទ្រុញ វ៉ាន់ ក្វៀត បានជូនពរឱ្យសមាគមពុទ្ធសាសនាវៀតណាមទទួលបានជោគជ័យក្នុងការរៀបចំមហាសន្និបាតពុទ្ធសាសនាជាតិលើកទី ១០។

ក្នុងនាមមជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាម ព្រះតេជគុណ ធីច ថាញ់ ញីវ សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាព្រឹទ្ធាចារ្យ និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាលមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ដោយសម្តែងក្តីសង្ឃឹមថា នឹងបន្តទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រពីបក្ស និងរដ្ឋសម្រាប់សកម្មភាពរបស់សមាគមព្រះពុទ្ធសាសនាវៀតណាមនាពេលអនាគត។

មុននេះ ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម លោក ទ្រុញ វ៉ាន់ ក្វៀត និងព្រះតេជគុណ ធីច ថាញ់ ញីវ រួមជាមួយគណៈប្រតិភូ បានធ្វើពិធីអុជធូបដើម្បីបួងសួងសុំសន្តិភាព និងវិបុលភាពជាតិ និងអនុវត្តន៍ពិធីស្រង់ព្រះពុទ្ធនៅវត្តក្វានស៊ឺ៕


top