ព័ត៌មាន

ប្រទេសជាច្រើនសំណូមពរឱ្យពលរដ្ឋរបស់​ខ្លួន ​ជម្លៀសចេញពីមជ្ឈិមបូព៌ា

ដោយមានការព្រួយបារម្ភចំពោះហានិភ័យនៃជម្លោះផ្ទុះឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នាប៉ុន្មានម៉ោងកន្លងទៅ ប្រទេសជាច្រើននៅអឺរ៉ុប និងអាស៊ីបានអំពាវនាវ និងសម្បីតែសំណូបពរឱ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីអ៊ីរ៉ង់ អ៊ីស្រាអែល និងប្រទេសមួយចំនួនទៀតនៅមជ្ឈិមបូព៌ាជាបន្ទាន់។

ប្រជាជនកំពុងមើលសៀវភៅនៅតាមដងផ្លូវក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ រូបថត៖ Majid Asgaripour/WANA/REUTERS

កាលពីយប់ថ្ងៃទី ២៧ ខែកុម្ភៈ ប្រទេសអ៊ីតាលីបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចេញការព្រមាន ដោយជំរុញឱ្យពលរដ្ឋរបស់ខ្លួនជម្លៀសចេញពីអ៊ីរ៉ង់។ សេចក្តីប្រកាសពីក្រសួងការបរទេសអ៊ីតាលីក៏បានណែនាំឲ្យពលរដ្ឋរបស់ខ្លួននៅអ៊ីស្រាអែល ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយសារតែភាពតានតឹងថ្មីនៅក្នុងតំបន់។

មុននោះ ក្រសួងការបរទេសប៉ូឡូញក៏បានចេញសេចក្តីប្រកាសមួយ ដោយជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៊ីរ៉ង់ អ៊ីស្រាអែល និងលីបង់ ជាបន្ទាន់។ នារសៀលថ្ងៃទី ២៧ កុម្ភៈ អង់គ្លេសបានប្រកាសដកបុគ្គលិកស្ថានទូតរបស់ខ្លួនចេញពីអ៊ីរ៉ង់ ហើយបានប្តូរទៅធ្វើការពីចម្ងាយ។ ដូចគ្នានេះដែរ ក្រសួងការបរទេសអាល្លឺម៉ង់ និងបារាំងបានណែនាំពលរដ្ឋរបស់ខ្លួនកុំឱ្យធ្វើដំណើរទៅកាន់អ៊ីស្រាអែល និងតំបន់ West Bank ក្នុងបរិបទនាពេលបច្ចុប្បន្ន។ 

នៅអាស៊ី ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសចុងក្រោយបំផុតដែលបានណែនាំពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីអ៊ីរ៉ង់។ ការព្រមានទាំងនេះ បាននាំចេញត្រឹមតែមួយថ្ងៃបន្ទាប់ពីកិច្ចចរចាជុំថ្មីរវាងអាមេរិក និងអ៊ីរ៉ង់ស្តីពីអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ (ថ្ងៃទី ២៦ ខែកុម្ភៈ) បានបញ្ចប់ដោយមិនសម្រេចបានកិច្ចព្រមព្រៀងជាក់ស្តែងណាមួយ៕


top