អាហ្វិញ (A Huynh) ពុំបានរៀនឆ្លងកាត់សាលាតន្រ្តីណាមួយ ក៏គ្មាននរណាហ្វឹកហាត់ ត្រឹមតែសូររនាតបំពង់ តឺរឹង ចាប៉ីតិងនិង ទ្រគ្នី រនាតថ្ម។ល។
អាហ្វីញ (A Huynh) ពុំបានរៀនឆ្លងកាត់សាលាតន្ត្រីណាមួយ ក៏គ្មាននរណាហ្វឹកហាត់ ត្រឹមតែសូររនាតបំពង់ តឺរឹង ចាប៉ីតិងនិង ទ្រគ្នី រនាតថ្ម។ល។ ដូចជាកម្លាំងអរូបីមួយទំនាញ ទាក់ចិត្តបង បញ្ឆេះភ្លើងចំណូលចិត្ត រួចនាំបងក្លាយជាសិល្បករឆ្នើមវ័យក្មេង ចេះធ្វើ ចេះលេង ភាគច្រើនឧបករណ៍បុរាណរបស់ជនជាតិយ៉ារ៉ាយ (Ja Rai)។
រសៀលទន់ទេរ ស្បៃរាត្រីបង្អូនបាំងបិទជិតដងព្រៃភ្នំជ្រោះ យ៉ាសៀ (Ya Xier) នារដូវទឹកគោក។ សំឡឹងឆ្ងាយៗ មានស្រមោលមនុស្សដើរលុយទឹក នៅកណ្តាលជ្រោះគោក។ ស្រពេចស្រពិលស្រមោលម្នាក់នោះ ឱនងើបរើសលើកដាក់ដុំថ្មរលើបរលោងទឹក ដូចជាកំពុងស្វែងរកអ្វីមួយ។ ទៅកៀកជិត ទើបឃើញថានេះជា អាហ្វិញ (A Huynh) បងកំពុងស្វែងរកផែនថ្ម សម្រាប់ធ្វើរនាតថ្មថ្មី។អាហ្វីញ (A Huynh)
ឃើញមានមនុស្សមកដល់ អាហ្វិញ (A Huynh) ងើបសើចពោលថា៖ “ដំបានផែនថ្មវាងាយ តែរកបានផែនថ្មដែលត្រូវចិត្តវាលំបាកណាស់។ ចំណាយពេលយ៉ាងយូរ ទើបរកបានផែនថ្មមួយដុំនេះ”។ អាហ្វិញ (A Huynh) និយាយផង លើកបង្ហាញនៅចំពោះមុខខ្ញុំនូវផែនថ្មស្រាម ប្រផេះផង ហាក់ដូចជាញញួរថ្មសម័យបុព្វកាល។ បងយកញញួរតូច គោះសាកស្រាលៗលើផែនថ្ម ឮវាបញ្ចេញសូរថ្លាស្រួយ ដូចជានរណាម្នាក់ កំពុងចុចគ្រាប់ចុចព្យាណូអញ្ចឹង។
អាហ្វិញ (A Huynh) ដាប់ផែនថ្ម កែសូរសម្រាប់ឈូតរនាតថ្ម។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
រនាតថ្ម (បណ្តាជនជាតិនៅតីង្វៀន វៀតណាម ហៅថា goong lu អានថាហ្គងលូ មានន័យថា “ថ្មបញ្ចេញសូរ ដូចសំឡេងគង”) ជាឧករណ៍គោះបុរាណបំផុតរបស់វៀតណាម ហើយជាបទភ្លេងមួយនៃចំណោមបទភ្លេងបុរាណសាមញ្ញបំផុតនៃមនុស្សលោក។ រនាតបានធ្វើអំពីថ្ម មានទំហំវែង ខ្លី ក្រាស ស្តើងផ្សេងៗគ្នា។ ផែនថ្មវែង ធំ ក្រាស មានសូរធូរ ផែនថ្មខ្លី តូច ស្តើង មានសូរថ្លា។ តុងសូរខ្ពស់នៃរនាតថ្មបញ្ចេញចោលទៅឆ្ងាយ។ តុងសូរធូរ នៃរនាតថ្មបញ្ចេញសំឡេងដូចសំឡេងលាន់បញ្រ្ចាស់នៃជញ្ជាំងថ្ម។ ចាស់បុរាណមានទស្សនាទានថា សូររនាតថ្ម ដូចជាមធ្យោបាយមួយ សម្រាប់ទំនាក់ទំនងស្ថានក្រោម និង ស្ថានលើ រវាងមនុស្សនឹងអាទិទេព រវាងបច្ចុប្បន្ននឹងអតីតកាល។ ឆ្នាំ២០០៥ អង្គការ UNESCO បានដាក់បញ្ចូលរនាតថ្មចូលបញ្ជីឧបករណ៍ក្នុង “បរិយាកាសវប្បធម៌គងឃ្មោះតីង្វៀន”។
ឈរនៅកណ្តាលជ្រលងជ្រោះគោក អាហ្វិញ (A Huynh) រៀបដាក់ផែនថ្មតូចធំ វែងខ្លីផ្សេងៗគ្នា ដោយប្រុងប្រយត្ន រៀបបន្ថែមផែនថ្មដែលទើបរកឃើញចូលជាមួយ។ មើលបណ្តើរ អាហ្វិញ (A Huynh) ប្រើញញួរគោះផែនថ្មទាំងនោះបណ្តើរ។ ដៃបងគោះកាន់តែរហ័សទៅ។ អស្ចារ្យជាខ្លាំង រនាតថ្មស្រាម សាមញ្ញ បញ្ចេញសូរគ្រលូចដូចជាសូរគងឃ្មោះពីចម្ងាយលាន់រំពង ប៉ះជញ្ជាំងភ្នំ។
អាហ្វិញ (A Huynh) កើតឆ្នាំ១៩៨២ ជនជាតិយ៉ារ៉ាយ (Ja Rai) រស់នៅភូមិចូត (Chot) ទីរួមស្រុកសាថី (Sa Thay) ស្រុកសាថី (Sa Thay) ខេត្តកនតុម (Kon Tum)។ ឆ្នាំ២០១៥ ពិធីប្រគល់ជូនកិត្តិនាមជាសិល្បករឆ្នើមលើទី១ ខាងវិស័យកេរដំណែលវប្បធម៌អរូបី បងបានប្រធានរដ្ឋ ត្រឿង តឹនសាង (Truong Tan Sang) ប្រគល់ជូនកិត្តិនាមសិល្បករឆ្នើម ពេលនោះបងទើបមានអាយុ៣៣ឆ្នាំ ដោយសារមានគុណបំណាច់ឆ្នើម ក្នុងការអភិរក្ស និង ពង្រីកកេរដំណែលវប្បធម៌ជនជាតិ។
អាហ្វិញ (A Huynh) ចំណាយពេលវេលា និង កម្លាំងកាយចិត្តដើរតាមដងជ្រោះក្នុងតំបន់ ដើម្បីស្វែងរកថ្ម ធ្វើរនាតថ្ម។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ជាទូទៅនៅ តីង្វៀន ជាពិសេសនៅខេត្តកនតុម (Kon Tum) ភាគច្រើនពិធីបុណ្យធំៗ បងតែងមានវត្តមាននៅទីនោះ។ អាហ្វិញ (A Huynh) ទោះបីមានវ័យក្មេង ប៉ុន្តែបងជាសិល្បករល្បីក្នុងតំបន់ជាយូរណាស់មកហើយ ដូចនេះ ទើបទីកន្លែងជាច្រើន បានអញ្ជើញបង មកសម្តែងឧបករណ៍ប្រពៃណី។ ក្រៅពីសម្តែងគងឃ្មោះ អាហ្វិញ (A Huynh) នៅអាចកែច្នៃ កែសម្រួល និង លេងជំនាញឧបករណ៍ប្រពៃណីបុរាណជាច្រើន របស់ជនជាតិយ៉ារ៉ាយ (Ja Rai)។
"ឧករណ៍តន្រ្តីជនជាតិយ៉ារ៉ាយ (Ja Rai) ខ្លួនខ្ញុំចេះធ្វើ ចេះលេងទាំងអស់។ រនាតថ្ម រនាតបំពង់ តឺរឹង ចាប៉ីតិងនិង រនាតបំពង់ឌិញបុត ទ្រគ្នី។ល។ អ្វីក៏ចេះទាំងអស់។ នៅពេលជាប់រវល់រយៈពេលយូរ មិនបានហាត់ ពេលលេងឡើងវិញក៏អាចភ្លេងខ្លះដែរ តែហាត់លេងមួយស្របក់ នឹងនឹកឃើញភ្លាម”។ បងអាហ្វិញ (A Huynh) ញញឹមសើចពោល។
ក្រៅពីទេពកោសល្យសម្តែងគងឃ្មោះ ធ្វើ និង លេងជំនាញរនាតបំពង់ តឺរឹង អាហ្វិញ (A Huynh) នៅល្បីជាម្នាក់គត់នៅខេត្តកនតុម (Kon Tum) ចេះធ្វើ និង លេងរនាតថ្ម ដែលជាឧបករណ៍តន្រ្តីប្លែកបំផុត នៃជនជាតិតីង្វៀន ហើយក៏ជាឧបករណ៍តន្រ្តីបុរណាបំផុតនៃមនុស្សលោក។
សិល្បករឆ្នើម អាហ្វិញ (A Huynh) នៅល្បីឈ្មោះជាមួយបំណិនលេងរនាតបំពង់ តឺរឹងដ៏ជំនាញ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
រនាតថ្មតីង្វៀនល្បីឈ្មោះដូចនេះ តែឥឡូវកម្រមានអ្នកចេះ និង អ្នកប្រគំ។ ការដែលបង អាហ្វិញ (A Huynh) ចេះធ្វើ និង លេងរនាតថ្ម ក៏ជាការច្នៃដន្យមួយដែរ។ មុននេះជាងរាប់សិបឆ្នាំ ក្នុងលើកមួយធ្វើដំណើរឆ្លងកាត់ជ្រោះ ជួបប្រទះផែនថ្មមានរាងប្លែកភ្នែក ឃើញចំណាប់អារម្មណ៍បងអាហ្វិញ (A Huynh) ក៏បានយកទៅផ្ទះ គោះឮសូរពីរោះលាន់រំពង ដូចសំឡេងគងឃ្មោះ។ ជាមួយនឹងលោហិតក្នុងខ្លួន ជាអ្នកចូលចិត្តតន្ត្រី ពូកែគោះគងឃ្មោះ អាហ្វិញ (A Huynh) បានរិះគិតដំ ពឹងលើបច្ចេកទេសសម្រួលសូរនៃគងឃ្មោះ ដើម្បីកែសម្រួលសូរលើរនាតថ្ម។ យូរទៅ ក៏បងបង្កើតបានឈុតរនាតថ្មដំបូងរបស់ខ្លួន។
តាំងពីពេលនោះមកសព្វថ្ងៃ អាហ្វិញ (A Huynh) ធ្វើបានឈុតរនាតថ្មផ្សេងគ្នាជាច្រើន។ រនាតថ្មរបស់អាហ្វិញ (A Huynh) មិនត្រឹមតែនាំយកទៅប្រឡង និង សម្តែងគ្រប់ទីកន្លែង នៅទាំងទាក់ទាញការយកចិត្តទុកដាក់ នៃអ្នកជំនាញតន្រ្តី នៅវិទ្យាស្ថានតន្រ្តី និង វិទ្យាស្ថានវប្បធម៌សិល្បៈជាតិវៀតណាម ស្វែងរកសង្កេតពិនិត្យ និង សិក្សា។
សិល្បករ អាហ្វិញ (A Huynh) មានទេពកោសល្យកែច្នៃ និង កែសម្រួលរនាតបំពង់ តឺរឹង។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ប្រការពិសេសវិសាលមួយ ទោះបីចេះធ្វើ ចេះលេងពូកែនូវឧបករណ៍តន្រ្តីបុរាណជាច្រើនដូចនេះ ក៏ប៉ុន្តែអាហ្វិញ ពុំដែលបានឆ្លងកាត់ការបណ្តុះបណ្តាលមកពីសាលាតន្រ្តីណាមួយឡើយ ថែមទាំងគ្មាននរណាម្នាក់ហ្វឹកហាត់គាត់ទៀតផង។ ទាំងអស់សុទ្ធតែមកពីចំណង់ចំណូលចិត្ត ទេពកោសល្យទេវតាប្រទាន ជាមួយនឹងភាពអត់ធ្មត់ រៀន ធ្វើ និងសាកល្បងដោយខ្លួនឯង ទើបទទួលបានជោគជ័យបែបនេះ។
អាហ្វិញ (A Huynh) ស្មោះត្រង់រៀបរាប់ថា៖ “ខ្លួនមិនបានរៀនអ្វីទាំងអស់ ក៏មិនចេះតុងភ្លេង ដូ រេ មី ស ឡា ជាអ្វីនោះទេ។ ឃើញគេលេងប្រគំពីរោះពេក ដូចនេះខ្លួនចូលចិត្តរួចរៀនធ្វើប្រគំលេងដោយខ្លួនឯង”។ បងអាជីវ (A Juil) ជាមិត្តជិតស្និទ្ធ តែងប្រគំតន្រ្តីជាមួយបង អាហ្វិញ (A Huynh) រៀបរាប់ថា៖ “ធ្វើឧបករណ៍តន្រ្តីដទៃផ្សេង គឺមានអ្នកចេះធ្វើ តែធ្វើរនាតថ្មគ្មាននរណាចេះទាល់តែសោះ មានតែអាហ្វិញ (A Huynh) មួយគត់”។
អាហ្វិញ (A Huynh) រីករាយពេលនិយាយដល់ប្រការពិសេស នៃរនាតបំពង់ តឺរឹង។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
អាហ្វិញ (A Huynh) ស្លូតបូតដូចដំឡូងជ្វា ដំឡូងមី៖ បងមិនសូវមាត់ពាក្យ ច្រើនតែញញឹម ស្នាមសំណើចលើថ្ពាល ស្រាមដោយពន្លឺថ្ងៃ ជាលក្ខណៈពិសេសនៃបុរសជនជាតិយ៉ារ៉ាយ (Ja Rai) នៅតំបន់តីង្វៀន ដែលពោរពេញដោយថ្ងៃ និង ខ្យល់។ បេះដូង អាហ្វិញ (A Huynh) នៅតែបញ្ឆេះចំណង់ចំណូលចិត្ត ដុំភ្លើងនោះមិនត្រឹមតែជួយបងបំពេញបានទឹកចិត្តស្រឡាញ់តន្ត្រី នៅទាំងអុជបំភ្លឺបំណងប្រាថ្នា អភិរក្ស លះបង់ និង ផ្សព្វផ្សាយ នូវសម្រស់កេរដំណែលតន្រ្តីប្រពៃណី នៃភូមិស្រុកកំណើត។ ហេតុនេះ មិនត្រឹមតែលង់ចិត្តនឹងការកែច្នៃ សម្តែង នូវឧបករណ៍ជាច្រើន អាហ្វិញ (A Huynh) នៅទាំងស្វាហាប់បង្រៀនយុវវ័យជំនាន់ក្រោយក្នុងភូមិស្រុកទៀតផង និង តែងត្រៀមចិត្តឧទ្ទេសនាមជូនចំពោះអ្នកស្រឡាញ់ចូលចិត្ត ដែលចង់ស្វែងយល់ អំពីសិល្បៈតន្រ្តីនៃជនជាតិយ៉ារ៉ាយ (Ja Rai)៕
អត្ថបទនិងរូបថត៖ ថាញហ័រ កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយរីកើង