ព័ត៌មាន

បើកមហោស្រពសារព័ត៌មានជាតិឆ្នាំ ២០២៦

នារសៀលថ្ងៃទី១៩ ខែមិថុនា ពិធីបើកមហោស្រពសារព័ត៌មានជាតិឆ្នាំ២០២៦ បានប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលសន្និសីទនិងសម្តែងទីក្រុងហៃផុង។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយសមាគមអ្នកសារព័ត៌មានវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហៃផុង ចាប់ពីថ្ងៃទី១៩-២១ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីអបអរសាទរខួប ១០១ឆ្នាំនៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២៦)។
ពិធីចុចប៊ូតុងបើកមហោស្រពសារព័ត៌មានជាតិឆ្នាំ២០២៦។ រូបថត៖ Manh Tu/VNA

ចំណុចលេចធ្លោនៃមហោស្រពសារព័ត៌មានគឺតំបន់តាំងពិព័រណ៍ដែលត្រូវបានរចនាឡើងជាដំណើរមួយដែលត​ភ្ជាប់ប្រពៃណី និងអនាគត។ តាមរយៈប្រព័ន្ធរូបភាព ឯកសារ វត្ថុបុរាណ និងការអនុវត្តបច្ចេកវិទ្យាបញ្ចាំងទំនើប សាធារណជនមានឱកាសក្រឡេកមើលឡើង​វិញ​នូវដំណើរ​ការអភិវឌ្ឍនៃ​សារព័ត៌មានបដិវត្តន៍វៀតណាម ហើយទន្ទឹមនឹងនោះ បាន​យល់កាន់តែច្បាស់​អំពីតម្រូវការដែល​​បាន​ដាក់ចេញ​ចំពោះសារព័ត៌មានក្នុងបរិបទថ្មី។

ថ្លែងនៅក្នុងពិធីបើក លោក Trinh Van Quyet សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការ​មជ្ឈិមបក្ស ប្រធាននាយកដ្ឋានឃោសនាអប់រំ និងចលនាមហាជន​មជ្ឈិម បានសង្កត់ធ្ងន់ថា៖

«​ដើម្បីឱ្យសារព័ត៌មានបដិវត្តន៍ក្លាយជាកម្លាំងឈានមុខនិងជាកម្លាំងចលករ​ជំរុញការអភិវឌ្ឍសង្គមយ៉ាងពិតប្រាកដ ខ្ញុំសូមស្នើឱ្យជួរអ្នកសារព័ត៌មាននៅទូទាំងប្រទេស​ក្ដាប់ជាប់ស្ថានភាពជាក់ស្ដែងនិងផ្ដោតលើការអនុវត្តឱ្យបានល្អនូវភារកិច្ចសំខាន់ៗ ដូចជា៖ ទីមួយគឺ រក្សាឱ្យបានរឹងមាំនូវលក្ខណៈបក្ស លក្ខណៈប្រជាជន និងស្មោះត្រង់​យ៉ា​ង​ដាច់ខាតចំពោះមាតុភូមិនិងបុព្វហេតូបដិវត្តន៍។ ទីពីរគឺ ធ្វើការផ្លាស់ប្តូរថ្មី ច្នៃប្រឌិត ទម្លុះទម្លាយ និងធ្វើជាម្ចាស់លើបច្ចេកវិទ្យា​ដោយ​ឥត់ឈប់ឈរ។ ទីបីគឺ បំពេញឱ្យបានល្អនូវតួនាទីជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាអាវុធដ៏មុតស្រួចនៃការងារ​មនោគមន៍វិទ្យា-ចលនាមហាជន។ ទីបួនគឺ ប្រកាន់ខ្ជាប់នូវគោលការណ៍ «ខ្លឹមសារជាស្នូល បច្ចេកវិទ្យាជាឧបករណ៍» រក្សាឱ្យបានរឹងមាំនូវសីលធម៌វិជ្ជាជីវៈ និងលក្ខណៈមនុស្សាស្ត្រ ។ ទីប្រាំគឺ ផ្លាស់ប្តូរថ្មីទម្រង់អភិបាល​កិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចសារព័ត៌មានប្រកបដោយចីរភាព ដើរ​ទន្ទឹមនឹងការកសាងជួរអ្នកសារព័ត៌មានឆ្នើម មាន​ឆន្ទៈមោះមុត និងវិជ្ជាជីវៈ»​។

ក្រៅពីការតាំងពិព័រណ៍ មហោស្រពសារព័ត៌មានជាតិ​ឆ្នាំ ២០២៦ ក៏ប្រព្រឹត្តទៅវេទិកាសារព័ត៌មានជាតិ ដែលមានវគ្គពិភាក្សាស៊ីជម្រៅចំនួន ១១ ដែលអ្នកជំនាញ និងអ្នកសារព័ត៌មានអាចពិភាក្សាអំពីបញ្ហាបន្ទាន់ក្នុងវិស័យសារព័ត៌​មានសម័យទំនើប និងស្នើដំណោះស្រាយសម្រាប់ការអភិវឌ្ឍសារព័ត៌មានវៀតណាមនាពេលអនាគត៕

top