ព័ត៌មាន

បើកមហាសន្និបាតលើកទី១៤ នៃសមាគមនារីវៀតណាម

មហាសន្និបាតលើកទី១៤ នៃសមាគមនារីវៀតណាម អាណត្តិឆ្នាំ២០២៦-២០៣១ បានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧-១៨ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាតជាតិ (ហាណូយ) ដោយប្រធានបទ "សាមគ្គីភាព - ឬទ្ធានុភាព - មេត្តាករុណា - ច្នៃប្រឌិត - អភិវឌ្ឍ"។
ប្រតិភូចូលរួមពិធីបើកមហាសន្និបាតលើកទី១៤ នៃសមាគមនារីវៀតណាម។ រូបថត៖ Thu Ha/phunuvietnam.vn

 

មហាសន្និបាតលើកនេះ មានប្រតិភូចូលរួមចំនួន ៧៩៣ នាក់ ដែលតំណាងឱ្យស្ត្រីនៃបណ្តាជនជាតិ សាសនា វិស័យការងារ និងវណ្ណៈសង្គមផ្សេងៗគ្នាទូទាំងប្រទេស រួមជាមួយភ្ញៀវកិត្តិយសចំនួន ២០០ នាក់។

នាថ្ងៃទី ១៧ ខែមិថុនា មហាស​ន្និបាតបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមនៃសមាគមនារីវៀតណាម នីតិកាលទី ១៤ អាណត្តិឆ្នាំ ២០២៦-២០៣១។ មហាសន្និបាត ក៏បានផ្តោតការពិភាក្សាលើខ្លឹមសារដែលត្រូវបាន​អនុវត្តន៍​នៅក្នុងអាណត្តិបន្ទាប់ រួមមាន៖ បន្តច្នៃប្រឌិតខ្លឹមសារនិងវិធីសាស្រ្ត​ប្រតិបត្តិការរបស់សមាគម; ចូលរួមយ៉ាងសកម្មក្នុងការកសាងបក្ស និងប្រព័ន្ធ​នយោបាយ​ដ៏ស្អាតស្អំ និងរឹងមាំ; កសាងស្ត្រីវៀតណាមសម័យទំនើប រួមចំណែកដល់ការអភិវឌ្ឍវប្បធម៌និងប្រជាជនវៀតណាម; តួនាទីរបស់ស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច រួមចំណែកដល់ការសម្រេចបាននូវគោលដៅកំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ; លើកកម្ពស់តម្លៃនៃគ្រួសារវៀតណាម៖ "រីកចម្រើន ស៊ីវិល័យ វិបុលភាព និងសុភមង្គល"។

ចូលរួមក្នុងមហាសន្និបាត លោកស្រី ង្វៀន ភឿង ម៉ៃ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងជាប្រធានសមាគម​នារីខេត្តបាក់និញ ស​ង្ឃឹមថា មហាសន្និបាតលើក​នេះ នឹងស្នើគោលនយោបាយដើម្បីពង្រឹងសមត្ថភាព​សម្រាប់ជួរ​កម្មាភិបាលរបស់សមាគម ក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរគំរូអាជ្ញាធរ​មូលដ្ឋាន។

«ដើម្បី​លើក​កម្ពស់សមត្ថភាពរបស់​កម្មាភិបាលសមាគម សកម្មភាពទាំងអស់ត្រូវតែផ្តោតលើការដោះស្រាយបញ្ហាជាក់ស្តែងសម្រាប់សមាជិការ​។ គួរតែយកចិត្តទុកដាក់ចំពោះគោលនយោបាយ និងបទប្បញ្ញត្តិ​សម្រាប់កម្មាភិបាលសមាគម ដោយធានាថា ពួកគេទទួលបានប្រាក់ខែសម​ស្របនឹង​ពេលវេលានិងការខិតខំប្រឹងប្រែងរបស់ខ្លួន ដោយ​លើកទឹកចិត្ត និងផ្តល់រង្វាន់សម​ស្រប​ទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់​កម្មាភិបាលសមាគមនៅមូលដ្ឋាន»​៕​


top