ព័ត៌មាន

បើកព្រឹត្តិការណ៍វប្បធម៌និងទេសចរណ៍វិសេសវិសាលនៅតាមមូលដ្ឋានជាច្រើន

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃឈប់សម្រាកដំបូងក្នុងវិស្សមកាលថ្ងៃទី ៣០ មេសា - ១ ឧសភា នៅតាមមូលដ្ឋានជាច្រើនបានបើកព្រឹត្តិការណ៍វប្បធម៌និងទេសចរណ៍ដ៏វិសេសវិសាល ដើម្បីស្វាគមន៍ភ្ញៀវទេសចរ។
ការសម្តែង របាំចាន របស់ជនជាតិ Tay ដោយមានការចូលរួមពីមនុស្ស ១.០០០ នាក់ នៅខេត្ត Bac Kan។ រូបថត៖ VOV

ខេត្ត Bac Kan បានបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ Bac Kan ឆ្នាំ ២០២៤ ដោយចំណុចលេខធ្លោគឺ ការសម្តែងរបាំចានដែលជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ របស់ជនជាតិ Tay ដែលសំដែងដោយសិល្បករ តារាសម្តែង និងសិស្សានុសិស្សចំនួន ១.០០០ នាក់ ។ សប្តាហ៍វប្បធម៌ និងទេសចរណ៍ Bac Kan ក៏បានប្រព្រឹត្តចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ដោយមានព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ ឧទ្ទេសនាមម្ហូបអាហារ ផលិតផល OCOP សកម្មភាពកីឡាប្រពៃណី និងការផ្សព្វផ្សាយផលិតផលទេសចរណ៍ថ្មីៗជាំច្រើនផងដែរ។

នៅទីលាន Nguyen Tat Thanh ក្នុងខេត្ត Tuyen Quang បានប្រព្រឹត្តិទៅពិធីបើកឆ្នាំទេសចរណ៍ខេត្ត Tuyen Quang ឆ្នាំ ២០២៤។ ប្រជាជន និងភ្ញៀវទេសចរណ៍រាប់ពាន់នាក់បានរីករាយជាមួយនឹងកម្មវិធីសិល្បៈ Tuyen Quang - បំភ្លឺបេតិកភណ្ឌ ហើយចូលរួមទទួលបទពិសោធន៍ក្នុងរាត្រីបុណ្យប៉េងប៉ោងខ្យល់ក្តៅ។

ក្នុងពេលជាមួយគ្នានោះ នៅខេត្ត Thanh Hoa មហោស្រពទេសចរណ៍ឆ្នេរសមុទ្រ Sam Son ឆ្នាំ ២០២៤ បានបើកជាផ្លូវការ។ លក្ខណៈពិសេសថ្មីនៃទេសចរណ៍ Sam Son នៅឆ្នាំនេះគឺការបើកសម្ពោធ ទីលានសមុទ្រ ដែលមានសមត្ថភាពផ្ទុកមនុស្សបានជាង ១០.០០០ នាក់ រួមជាមួយនឹងការដាក់ឲ្យដំណើរការមណ្ឌលកម្សាន្ត Sun World Sam Son

លោក Le Van Tu ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Sam Son បានមានប្រសាសន៍ថា៖ ទីក្រុងបាននិងកំពុងផ្តោតលើការទាញយកប្រយោជន៍ និងពង្រីកគុណសម្បត្តិដែលធម្មជាតិបានផ្តល់ជូន Sam Son ដោយទាក់ទាញវិនិយោគិនដើម្បីបង្កើតមណ្ឌលលេងកម្សាន្ត និងតំបន់ទេសចរណ៍ថ្មីលំដាប់អន្តរជាតិ; បង្កើតទម្រង់អាកប្បកិរិយាគួរសម ដើម្បីឱ្យភ្ញៀវទេសចរពេញចិត្តពេលមកដល់ Sam Son ។ ប្តេជ្ញាកសាង Sam Son ឲ្យក្លាយទៅជាតំបន់ទីក្រុងទេសចរណ៍ជាតិដ៏សំខាន់ រួមចំណែកក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅធ្វើឱ្យ Thanh Hoa ក្លាយជាប៉ូលកំណើនថ្មី

នាយប់ថ្ងៃទី២៧ ខែមេសា នៅទីលានទី២មេសា ទីក្រុង Nha Trang (Khanh Hoa) បានប្រព្រឹត្តិទៅកម្មវិធីតន្ត្រី Jazz អន្តរជាតិលើកទី ១ - Nha Trang ឆ្នាំ ២០២៤។ រាត្រីបើកមានប្រធានបទ "The Spotlight of Jazz" ដែលប្រមូលផ្តុំសិល្បករ និងក្រុមតន្ត្រីចំនួនជាង ១០០នាក់ មកពីប្រទេសវៀតណាម អាមេរិក សិង្ហបុរី និងកូរ៉េខាងត្បូង។ សិល្បករបានសម្តែងតន្ត្រី Jazz ជាច្រើនប្រភេទ សំដៅឧទ្ទេសនាមដល់ទស្សនិកជននូវភាពសម្បូរបែប ភាពចម្រុះ និងភាពទាក់ទាញនៃតន្ត្រី Jazz ជុំវិញពិភពលោក ក៏ដូចជាលំហូរនៃចង្វាក់តន្ត្រី Jazz នៅវៀតណាមផងដែរ៕


top